ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាលខេត្ត​កែប អបអរសាទរ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​គម្រប់​៦៦ យាង​ចូល ៦៧​ព្រះវស្សា របស់​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

កែប​ ៖ ​នា​ព្រឹក​ថ្ងៃ​ចន្ទ ១១​កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩ លោក កែន ស​ត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប លោក សំ សារី​ន ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត គណៈ​អភិបាលក្រុង ស្រុក សមាជិក​ក្រម​ប្រឹក្សា​ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំងបី ក្រុមប្រឹក្សាឃុំ សង្កាត់ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ តាជី​យាយជី ក្មួយៗ​សិក្សា​នុ​សិស្ស អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ​ជាង​៤០០​នាក់ ​​​បាន​ចូលរួម​​​ អបអរសាទរ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​គម្រប់​៦៦ យាង​ចូល ៦៧​ព្រះវស្សា របស់​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​ក្នុងឱកាស​ពេលនោះ​ដែរ លោក កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​អាន​សារ​ថ្វាយព្រះពរ​ជូន​ដល់​ព្រះមហាក្សត្រ​​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​អត្ថន័យ​ថា ​៖ ក្នុងឱកាស​ដ៏​មហា​ជ័យ​មង្គល​នេះ​ទូល​ព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា​ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ ក្មួយៗ​សិក្សា​នុ​សិស្ស នឹង​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត សូម​លំឱនកាយវាចា​ចិត្ត ក្រាបបង្គំ​សម្ដែង​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការ​ពរជ័យ បវរ​សួស្ដី សិរី​វ​ឌ្ឍ​នា វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ ថ្វាយ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង សូម​ព្រះអង្គ​មាន​ព្រះ​ព​លា​នុ​ភាព​ខ្លាំងក្លា ព្រះ​បញ្ញា​ញាណ​ភ្លឺ​ថ្លា ព្រះកាយពល​មាំមួន ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជំ ដល់​ប្រជានុរាស្ត្រ ជា​កូនចៅ​របស់​ព្រះអង្គ រស់នៅក្នុង​សេចក្ដីសុខក្សេមក្សាន្ត ឆ្ពោះ​ទៅកាន់​វឌ្ឍន​ភាព​ជានិច្ច​​និរន្ត និង​ចម្រុងចម្រើន​ថ្កុំថ្កើង​ទូទាំង​ព្រះ​នគរ​តរៀង​ទៅ​។​ និង​សូម​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ ព្រះ​បារមី​ នៃ​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ ព្រះមហា​ក្សត្រិយានី​ខ្មែរ ជាពិសេស​ព្រះ​បារមី​នៃ​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ សូម​ព្រះអង្គ​តាម​ជួយ​ថែរក្សា​អភិបាល​ប្រោះព្រំ​នូវ​ព្រះ​សព្ទសាធុការ​ពរជ័យ​គ្រប់ប្រការ​ថ្វាយ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង និង​សូម​ព្រះអង្គ ទ្រង់​ប្រកបដោយ​ព្រះពុទ្ធ​ពរ​ដ៏​ប្រសើរ​ថ្លៃថ្លា​ទាំង​បួន​ប្រការ​ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ ជា​ភិយ្យោភាព​ត​រៀង​ទៅ។

​ក្រោយពី​បញ្ចប់​កម្មវិធី លោក កែន ស​ត្ថា អភិបាលខេត្ត ក៏បាន​ប្រគេន​ថវិកា​ដល់​ព្រះសង្ឃ និង​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​យាយ​ជី តាជី ដែល​អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី​ចម្រើន​ព្រះជន្ម ព្រះ​ករុណា​ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រៀបចំឡើង​នៅក្នុង​សាលប្រជុំ​សាលាខេត្ត​កែប​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114