ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា-​នេប៉ាល់​​ ឯកភាព​គ្នា ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ​លើ​គ្រប់​វិស័យ​បន្ថែម​ទៀត

ភ្នំពេញ ​៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​នេប៉ាល់​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​នេះ ​គឺជា​ការបើក​ទំព័រ​ថ្មី​រវាង​ប្រទេស​ទាំងពីរ​(​កម្ពុជា​-​នេ​ប៉ាល់​)​ ដើម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ និង​កិច្ច​សហប្រតិបត្តិ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។​

លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​អ្នកសារព័ត៌មាន ​បន្ទាប់​ពី​ជំនួប​ទ្វេភាគី​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក ខេ ភី សា​ម៉ា អូ​លី​(The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់​ នា​ល្ងាច​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៩។​

​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់​បាន​ចាត់ទុកថា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មាន​សក្ដានុពល​លើ​គ្រប់​វិស័យ​។ លោក​បន្តថា ​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​ប្រជាជន​ភាគច្រើន​កាន់​ព្រះពុទ្ធសាសនា​រីឯ​នេ​ប៉ាល់​វិញ​ ជាទី​កន្លែង​ដែល​ព្រះពុទ្ធ​ប្រសូត្រ​នោះ ​នឹង​ធ្វើឲ្យ​ទំនាក់ទំនង​ប្រទេស ទាំងពីរ​កាន់តែ​រីកចម្រើន​ជាពិសេស​នៅក្នុង​វិស័យ​កសិកម្ម​ និង​ទេសចរណ៍​ដែល​នេ​ប៉ាល់​អាច​រៀន​ពី​ប្រទេស​កម្ពុជា​។
នៅក្នុង​ជំនួប​នោះ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​គូស​បញ្ជាក់​ថា​ យើង​គួរតែ​ខិតខំ​ក្នុង​ការ​បង្កើន​នូវ​កិច្ចសហការ​លើ​វិស័យ​សេដ្ឋកិច្ច វិនិយោគ និង​ទេសចរណ៍​ដោយ​ធ្វើយ៉ាងណា​កំណត់​គោលដៅ​ក្នុង​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដែល​យើង​មាន​ផលប្រយោជន៍​រវាង​គ្នា ទៅវិញទៅមក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា ​បច្ចុប្បន្ន​ថ្វីត្បិតតែ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​មាន​តិច​ក៏ពិត​មែន​ ប៉ុន្តែ​នៅមាន​សក្ដានុពល និង ឱកាស​ជាច្រើន​ដែល​អាច​ពង្រីក​កាន់តែ​ធំ​ជាង​នេះ​បន្ថែម​ទៀត។

​សម្តេច​បានបញ្ជាក់​ថា ស​ភា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​ ដើម្បី​ពង្រឹង​វិស័យ​ឯកជន ​និង​វិស័យ​ឯកជន​រវាង​ប្រទេស​ទាំងពីរ​បន្ថែម​ទៀតហើយ ​ក៏​មាន​វេទិកា​ពាណិជ្ជកម្ម ដែល​សភា​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​បាន​សហការ​គ្នា​រៀបចំ​ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​វិនិយោគ ​និង​វិស័យ​ផ្សេងៗ​ទៀតផង​ដែរ​។

សម្តេច​តេ​ជោ​បានបញ្ជាក់​ផងដែរ​ថា ​យើង​គួរតែ​ជំរុញ​ធ្វើ​យ៉ាង​ណា​ឲ្យ​មានការ​ដឹកជញ្ជូន​តាម​រយៈ​ដែនអាកាស​រវាង​ប្រទេស​ទាំងពីរ​ដោយសារតែ​ប្រទេស​ទាំងពីរ​មាន​សក្ដានុពល។

សម្តេច​បាន​គូសបញ្ជាក់ថា ​កម្ពុ​ជាមាន​ខេត្តសៀមរាប​ដែលជា​ទីក្រុង​វប្បធម៌​បេតិកភណ្ឌ​មាន​ទេសចរណ៍​ច្រើន រីឯ​ប្រទេស​នេ​ប៉ាល់​មាន​ទីក្រុង​ជា​ដែនដី​ដែល​ព្រះពុទ្ធ​ប្រសូត្រ​ក៏មាន​ភ្ញៀវទេសចរ​ច្រើន​ផងដែរ ដូច្នេះ​យើង​អាច​សហការគ្នា​ឲ្យ​បាន​ទូលំទូលាយ។

សម្តេច​តេ​ជោ​បាន​បន្តថា ​កិច្ច​សហ​ប្រតិបត្តិការ​ទេសចរណ៍​ គឺជា​កិច្ច​សហប្រតិបត្តិការ​ដ៏​សំខាន់​មួយ​ដែល​ប្រទេស​ទាំងពីរ អាច​ពង្រឹង​និង​ពង្រីក​ដោយ​មិន​ត្រឹមតែ​ទ្វេ​ភាគី​ប៉ុណ្ណោះ​ទេ​ យើង​អាច​ធ្វើ​ជា​មួយ​នឹង​ប្រទេស​ទី​៣​បាន​ផង​ដែរ​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា នៅ​ឆ្នាំ​២០១៨​កន្លងទៅនេះ ​ទេសចរណ៍​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទេសចរ​ទៅ​ក្រៅ​ប្រទេស​ចំនួន​ជិត២​លាន​នាក់​ ដោយ​ចំនួន​នេះ​ គឺមាន​ការកើនឡើង​ជាប​ន្ត​បន្ទាប់​ហើយ​ចំនួន​អ្នក​ទេសចរណ៍​នៅ​កម្ពុជា​ទៅកាន់​នេ​ប៉ាល់​ ក៏មាន​ការកើនឡើង​ផង​ដែរ ដោយសារ​ទីនោះ​គឺជា​ទឹកដី​ដែល​ព្រះពុទ្ធ​បាន​ប្រសូត្រ ​ហើយ​ជាទី​ចាប់អារម្មណ៍​សម្រាប់​អ្នក​កាន់​ព្រះពុទ្ធ​សាសនា។

សម្ដេច​តេ​ជោ ​ក៏បាន​ជំរុញ​ឲ្យ​មាន​ការអនុវត្ត​នូវ​ការ​សហប្រតិបត្តិការ​គ្នា​លើ​វិស័យ​វប្បធម៌​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​ស្របទៅតាម​អនុស្សរណៈ​ដែល​បាន​ចុះហត្ថលេខា​កាលពីពេល​កន្លងទៅ​។​

ដោយឡែក​ កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​អប់រំ​វិញ​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ថ្វីត្បិតតែ​យើង​មិនទាន់មាន​នៅឡើយ ប៉ុន្តែ​យើង​អាច​ធ្វើ​យ៉ាងណា​ឲ្យ​មាននៅ​ពេល​អនាគត​ជា​ពិសេស​ក្នុងការ​ផ្លាស់ប្ដូរ​បញ្ញវន្ត​ និង​និស្សិត រវាង​ប្រទេស​ទាំងពីរ។

លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់​បាន​ឯកភាព​លើ​សំណើ​និង​យោបល់​របស់ ​សម្ដេច​តេ​ជោ​ហ៊ុន សែន ចង់​ឃើញ​ទំនាក់ទំនង​ទ្វេ​ភាគី​កាន់តែ​ធំ គ្រប់​កម្រិត​និង​គ្រប់​វិស័យ។

លោក​បាន​គូស​បញ្ជាក់​ថា ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​មាន​ភាព​ស្រដៀងគ្នា​ច្រើន ​ជាពិសេស​ទៅ​ទៀត​លោក​ចង់ឃើញ​ការ​បើក​ស្ថានទូត​រវាង​ប្រទេស​ទាំងពីរ​ ដោយសារតែ​កាលពីពេល​កន្លងមក​យើង​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ ប៉ុន្តែ​ពុំទាន់​មាន​បើក​ស្ថានទូត​រវាង​ប្រទេស​ទាំងពីរ​នៅឡើយ​នោះទេ​។​

ក្នុងជំនួប​ដែរ​នេះ ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ​ការ​តភ្ជាប់​វិស័យ​អាកាសចរណ៍​នេះ ​គឺមាន​សារៈសំខាន់​ជាពិសេស​ផ្ដោតទៅលើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ហើយ​ លោក​នាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ ​បាន​បញ្ជាក់ថា ​អ្វីដែល​លោក​ចង់ឃើញ​គឺ​កា​ហោះហើរ​ត្រង់ រវាង​ប្រទេស​ទាំង​ពីរ​។​

​គួររំលឹកថា​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា​កាលពី​ចុងខែ​វិច្ឆិកា​ និង​ដើមខែ​ធ្នូ​ ឆ្នាំ​២០១៨ បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​នេ​ប៉ាល់​។​

នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​កិច្ចព្រមព្រៀង​ និង​អនុស្សរណៈ​ចំនួន​៤​រួមមាន​ ៖​ ទី​១-​កិច្ច​ព្រមព្រៀង​លើកលែង​ទិដ្ឋាការ​លើ​លិខិតឆ្លងដែន​ការទូត​ និង​ផ្លូវការ​រវាង​ប្រទេស​ទាំងពីរ។ ទី​២-​កិច្ចព្រមព្រៀង​ស្ដីពី​ការដឹកជញ្ជូន​ផ្លូវអាកាស។ ​ទី​៣-​អនុស្សរណៈ​យោគយល់​គ្នា​ ស្ដីពី​កា​ពី​ការពិគ្រោះ​យោបល់​រវាង​ក្រសួងការបរទេស ​នៃ​ប្រទេស​ទាំងពីរ​លើ​វិស័យ​នយោបាយ​សេដ្ឋកិច្ច និង​វប្បធម៌ និង​ទី​៤.​គឺ​អនុស្សរណៈ​យោគយល់​គ្នា​លើ​វិស័យ​វប្បធម៌​។​

​សូម​បញ្ជាក់​ថា ​ប្រទេស​កម្ពុជា​ និង​នេ​ប៉ាល់ ​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយគ្នា​នៅ​ឆ្នាំ​១៩៦៤ តែ​ត្រូវ​បាន​កាត់ផ្តាច់​ទៅវិញ​នៅ​អំឡុងពេល​កម្ពុជា ជួប​វិបត្តិ​ភ្លើង​សង្គ្រាម។ ប្រទេស​ទាំង​ពីរ​បាន​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​នៅ​ថ្ងៃទី​០៧ ខែ​កញ្ញា​ ឆ្នាំ​១៩៩៩​។ ​ត្បិត​ថា ​បាន​បង្កើត​ទំនាក់​ទំនងជា មួយ​គ្នា​ឡើងវិញ​រយៈ​ជិត ២០​ឆ្នាំ​ទៅហើយ​ក្តី​ តែ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មិនទាន់មាន​ស្ថានទូត​ប្រចាំ​នៅ​នេ​ប៉ាល់​នៅឡើយ​ទេ​(​មាន​វិ​វេ​សនដ្ឋាន​នៅ​ទីក្រុង​ញូ​វ​ដេលី​ប្រទេស​ឥណ្ឌា ) ហើយ​នេ​ប៉ាល់​ក៏​មិនមាន​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា​ផង​ដែល​(​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​)​។​

​កាលពី​ខែធ្នូ​ឆ្នាំ​២០១០​លោក​Madhav Kumar Nepal នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​បាន​អញ្ជើញ​មក​ចូលរួម​មហាសន្និបាត​លើក​ទី ៦​នៃ​សន្និបាត អន្តរជាតិ​របស់​គណ​បក្សនយោបាយ​តំបន់​អាស៊ី​នៅ​ទីក្រុង​ភ្នំពេញ​។​ នៅ​ខែ​ចុងខែ​វិច្ឆិកា ​និង​ដើមខែ​ធ្នូ ឆ្នាំ​២០១៨​ សម្តេច​តេ​ជោ ហ៊ុន សែន​បាន ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​អញ្ជើញ​ទស្សនកិច្ច​ផ្លូវការ​និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​នៅ​នេ​ប៉ាល់​។​

​ពាក់ព័ន្ធ​ផ្នែក​វប្បធម៌​វិញ​រដ្ឋាភិបាល​នេ​ប៉ាល់ ​ដែលជា​ទឹកដី​កំណើត​របស់​ព្រះសម្មាសម្ពុទ្ធ​នោះ​បាន​អនុញ្ញាត​ឲ្យ​ខ្មែរ​សង់​វត្ត​មួយ​ឈ្មោះ​«​លម្ពិនី​» កាលពី​ឆ្នាំ២០០៦។​ សម្រាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ក៏មាន​ចំនួន​តិចតួច​នៅឡើយ​យោងតាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​ថា ​ចាប់ពី​ឆ្នាំ​២០១៤ រហូតដល់​រយៈពេល​៦​ខែ ​ឆ្នាំ​២០១៨​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​ជិត​១៧​ម៉ឺនដុល្លារ។ ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅ​នេ​ប៉ាល់​មាន​ជាង១២ម៉ឺន​ដុល្លារ​ហើយ​នេ​ប៉ាល់​នាំ​ចូលមក​កម្ពុជា​វិញ​មាន​ជាង៤ម៉ឺន​ដុល្លារ​។ ទំនិញ ដែល​ដោះដូរ​ជាមួយគ្នា​ភាគច្រើន​ជា​សម្លៀក​បំពាក់​ និង​វត្ថុធាតុដើម​សម្រាប់​ផលិត​សម្លៀកបំពាក់​។​

​លោក ខេ ភី សា​ម៉ា អូ​លី​(The Rt. Hon’ble K. P. Sharma Oli)​នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់ និង លោកស្រី​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា (​ចាប់ពី​ថ្ងៃទី១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩ ) ​តប​តាម​ការអញ្ជើញ​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

បើតាម​កម្មវិធី​ដែល​បាន​គ្រោងទុក​ក្នុងអំឡុង​ស្នាក់អាស្រ័យ​ និង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ​នៅ​ថ្ងៃ​ទី ១៤​ឧសភា​នេះ លោក ខេ ភី សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​គ្រោង​នឹង​ជួប​សម្តែង​ការគួរសម​ជា​មួយ​ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ​និង​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច កម្ពុជា​-​នេ​ប៉ាល់​ផង​ដែរ៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114