ព័ត៍មានទាន់​ហេតុការណ៏
Search

ទាស់​សំដី​គ្នា​ក្នុង​ល្បែង​ ខឹង​ចាញ់ ​វាយតប់​គ្នា​រហូត​សន្លប់​ម្នាក់

ភ្នំពេញ ​៖​ ​យាយៗ​២​នាក់​ ក្នុងចំណោម​គ្នា​ច្រើន​នាក់ បាន​បង្ក​ជម្លោះ​វាយតប់​គ្នា​ក្នុង​វង់​ល្បែង​ស៊ីសង​(​លេងបៀ​) បណ្តាលឲ្យ​ភាគី​ម្នាក់​របួស​រហូត​សន្លប់​ដេកពេទ្យ​ ចំណែក​ឯ​ភាគី​អ្នកឈ្នះ​ក្នុង​អំពើ​ហិង្សា​នេះ​ ត្រូវបាន​ប៉ូលិស​ចាប់​ឃុំខ្លួន​ឲ្យ​ដេក​ក្នុង​គុក ជា​បណ្ដោះអាសន្ន មុនពេល​បញ្ជូនទៅ​តុលាការ​ដោះ​ស្រាយ​តាមច្បាប់។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​សែន​សុខ​ទី​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

ប៉ូលិស​និយាយ​ថា ជន​ដៃដល់​ដែល​កំពុង​ត្រូវបាន​ឃាត់ខ្លួន​ខាងលើ ឈ្មោះ គង់ ណា​ល់ ភេទ​ស្រី​អាយុ​៥៧​ឆ្នាំ មុខរបរ​នៅផ្ទះ ដើរ​លេងបៀ មាន​ទីលំនៅ​ភូមិ​សែន​សុខ​១ សង្កាត់​ឃ្មួញ​។ រីឯ​ជនរង​គ្រោះ​ឈ្មោះ ឃួន ភា​ង ភេទ​ស្រី ​អាយុ​៥៧​ឆ្នាំ​ មុខរបរ​មេផ្ទះ​ និង​លេងល្បែង​ស៊ីសង ទីលំនៅ​ភូមិ​សែន​សុខ​ទី​៥ សង្កាត់​ឃ្មួញ។

​បើតាម​សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឃ្មួញ​បាន​បញ្ជាក់ថា​ ៖ នៅ​មុនពេល​កើត​ហេតុ ភាគី​ជន​បង្ក​ និង​ជនរងគ្រោះ​ បាន​កំពុង​លេងបៀ​ជាមួយ​អ្នកផ្សេងៗ​ទៀត​ជាច្រើន​នាក់​នៅលើ​ប្រឡាយទឹក​។​ លុះ​ក្រោយមក ​ខណៈ​ដែល​ជនរងគ្រោះ​បានឈ្នះ​ការ​ប្រកួត​បៀ​នេះ ភាគី​ឈ្មោះ​
គង់ ណា​ល់ បាន​សួរថា ឈ្នះ​ប៉ុន្មាន​ទឹក​? ភាគី​រងគ្រោះ​ឈ្មោះ ឃួន ភា​ង ក៏បាន​ឆ្លើយតប​ថា អត់​ភ្នែក​មើល​ទេ​អី​? ភ្លាមនោះ​ភាគី​ទាំង​២​ក៏បាន​ទាស់​ពាក្យសំដី​គ្នា​ចុះ​ឡើងៗ ភាគី​អ្នកបង្ក​​ឈ្មោះ គង់ ណា​ល់​បាន​ចុះ​មក​រើស​ដុំ​ថ្ម​គប់​សំដៅ​មក​លើ​ភាគី​ជនរងគ្រោះ​ចំ​ត្រង់​ចង្កេះ​ ហើយ​ប្រតាយប្រតប់​គ្នា​បណ្តាលឲ្យភាគី​រងគ្រោះ​ដួល​ផ្ងារ​ក្រោយ​សន្លប់​ឈឹង​តែម្តង​។​

​ភ្លាមនោះ ​ក្រុមអ្នកលេង​បៀ​ជាមួយគ្នា​ក៏បាន​ដឹក​យកទៅដាក់​នៅ​មន្ទីរពេទ្យបង្អែក​ តែ​នៅតែ​មិនទាន់​ដឹង​ខ្លួន ទើប​ក្រុមគ្រួសារ​មក​ដឹក​យកទៅ​មន្ទីរពេទ្យ​ផ្សេងទៀត​ដើម្បី​សង្គ្រោះបន្ទាន់​។​

​ទោះបីយ៉ាងណា​ ជនរងគ្រោះ​បានដឹងខ្លួន​វិញ​ហើយ ចំណែក​ភាគី​ជនដៃដល់​ក៏ត្រូវ​បាន​ប៉ូលិស​មូល​ដ្ឋាន​ចាប់ខ្លួន​យកមក​សួរនាំ ​និង​ឃុំខ្លួន​ភ្លាមៗ​ដែរ ​ដើម្បី​កសាង​ឯកសារ​ទុក​បញ្ជូនទៅឲ្យ​តុលាការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ជាមួយ​ជនរងគ្រោះ​។​

​ប៉ូលិស​បាន​បញ្ជាក់ថា​ ជន​ទាំង​២​ភាគី មានទោស​ពីបទ​លេងល្បែង​ស៊ីសង​ខុស​ច្បាប់​មួយ​ករណី​ផ្សេង​ទៀត​ ដែល​ច្បាប់​បានប្រកាស​ហាមឃាត់​ជា​យូរ​មក​ហើយ​ ដើម្បី​គោលការណ៍ ភូមិ​ឃុំ​ ឬ​សង្កាត់​មាន​សុវត្ថិភាព សម្រាប់​ប្រជាពលរដ្ឋ ព្រោះ​”​ល្បែង​” ជាដើម​ចម​(​ដើមហេតុ​) នៃ​ការបង្កើតឲ្យ​មាន​អំពើ​ចោរកម្ម​ផ្សេងៗ​ និង​អំពើ​ហិង្សា​​ផងដែរ ឥឡូវ​ជួប​ជាក់ស្តែង​តែម្តង​ហើយ​៕