ព័ត៍មានទាន់​ហេតុការណ៏
Search

វេ​ណេ​ហ្ស៊ូ​អេ​ឡា​បន្ទោ​សលោក Guaido សម្រាប់​ការស្វែងរក​ជំនួយ​ផ្នែក​យោធា​របស់​សហរដ្ឋអាមេរិក​

ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា ​បាន​ប្រតិកម្ម​ទាំង​កំហឹង​កាលពី​ថ្ងៃ​ចន្ទ​ បន្ទាប់ពី​ក្រុមប្រឆាំង​បាន​ស្វែងរក​ការ​គាំទ្រ​ផ្នែក​យោធា​របស់​សហរដ្ឋអាមេរិក​ដោយ​បើកចំហ​។ របប​វេ​ណេ​ហ្ស៊ូ​អេ​ឡា ​បាន​ថ្កោលទោស​នូវ​អ្វី​ដែល​ខ្លួន​ហៅថា​ជា​ការ​ប៉ុនប៉ង “​គួរ​ឲ្យ​ស្អប់ខ្ពើម​” ក្នុង​ការ​រៀបចំ​ផែនការ​អន្តរាគមន៍​ប្រដាប់​អាវុធ​នៅក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​វិបត្តិ​មួយ​នេះ​។​

អនុ​ប្រធានាធិបតី​លោកស្រី Delcy Rodriguez បាន​រិះគន់​ទង្វើ​របស់​តំណាង​របស់លោក Juan Guaido នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ដោយ​ចោទប្រកាន់​គាត់​ថា​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការធ្វើអន្តរាគមន៍​យោធា​អាមេរិក​។​

បេសកជន​របស់លោក Guaido ឈ្មោះ Carlos Vecchio បាន​ផ្ញើលិខិត​មួយ​ទៅ​ឲ្យ​មេបញ្ជាការ​ភាគខាងត្បូង​សហរដ្ឋអាមេរិក​លោក​ឧ​ត្ត​ម​សេនីយ៍ Craig Faller ស្នើសុំ​ឲ្យ​មាន​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​ជាង​មុន​ក្នុង​គោលបំណង​កាត់បន្ថយ​ការរង​ទុក្ខវេទនា​រប​ស់​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​និង​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​។​

លោក Faller កាលពី​សប្តាហ៍​មុន​បាន​ព្រមាន​កងទ័ព​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ថា ខ្លួន​ត្រូវតែ​សម្រេចចិត្តថា​តើ​ត្រូវ​គាំទ្រ​ប្រជាជន​ឬ “​អ្នក​ប្រើ​អំណាច​ផ្តាច់ការ​” ដែល​សំដៅទៅ​លោក​ប្រធានាធិបតី Nicolas Maduro។

ថ្វីបើ​មានការ​ដួលរលំ​សេដ្ឋកិច្ច​និង​ភាព​ឯក​កោ​អន្តរជាតិ​ក៏ដោយ ប្រធានាធិបតី​សង្គមនិយម​ដែលមាន​បញ្ហា​រូបនេះ​នៅតែ​រក្សា​ការគាំទ្រ​ពី​យោធា​ដ៏​មានអំណាច​។​

លោក Guaido ដែល​ជាប់គាំង​ក្នុង​ការតស៊ូ​អំណាច​ជាមួយ​លោក Maduro ចាប់តាំងពី​លោក​បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​កាលពី​ខែមករា​ហើយ​បានទទួល​ស្គាល់​ពី​ប្រទេស​ជាង​៥០​គឺ​បាន​ព្យាយាម​បង្កើន​សម្ពាធ​លើ​របប​នេះ​នៅ​បរទេស​ខណៈដែល​ការគាំទ្រ​របស់លោក​នៅក្នុង​ប្រទេស​បាន​ធ្លាក់ចុះ​។​

ទោះបីជា​យ៉ាងណាក៏ដោយ សំណើ​បើកចំហ​ដល់​បញ្ជាការ​អាមេរិក​ភាគខាងត្បូង​ដែល​ទទួលខុសត្រូវ​សម្រាប់​តំបន់​អាមេរិក​ឡាទីន​គឺជា​ជំហាន​ថ្មី​មួយ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​លោក Guaido បន្ទាប់ពី​ការបរាជ័យ​នៃ​ការបះបោរ​ថ្ងៃទី​៣០​ខែមេសា​៕ AFP