ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងជើង​ទាមទារ​ឲ្យ​ប្រគល់​មកវិញ​នូវ​នាវា​ដឹកទំនិញ​ដែល​រឹបអូស​ដោយ​អាមេរិក

កូរ៉េខាងជើង​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ការ​រឹបអូស​នាវា​ដឹកទំនិញ​មួយ​គ្រឿង​របស់​ខ្លួន​ដោយ​សហរដ្ឋអាមេរិក​គឺជា​ទង្វើ​ខុសច្បាប់​មួយ​ដែល​រំលោភ​លើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នៃ​ជំនួប​កំពូល​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ហើយ​បានទាមទារ​ឲ្យ​ប្រគល់​នាវា​នោះ​ត្រលប់​មកវិញ​ដោយ​គ្មាន​ការ​ពន្យារពេល។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​និយាយថា ខ្លួន​សូម​ច្រានចោល​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ប្រឆាំងនឹង​ខ្លួន​ថា​ជាការ​រំលោភ​លើ​អធិបតេយ្យភាព​របស់ខ្លួន​។​

អ្នកនាំពាក្យ​ក្រសួង​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា “​ទង្វើ​នេះ​គឺជា​ការពង្រីក​ស្ទីល​របស់​អាមេរិក​ដែល​ព្យាយាម​រារាំង​យើង​ជាមួយនឹង​សម្ពាធ​អតិបរិមា​របស់ខ្លួន​និង​ជាការ​បដិសេធ​ទាំងស្រុង​ចំពោះ​ស្មារតី​ជា​មូលដ្ឋាន​នៃ​សេចក្តីថ្លែងការណ៍​រួម កូរ៉េខាងជើង​-​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី​១២​ខែ​មិថុនា​”​។​

សេចក្តីថ្លែងការណ៍​នេះ​ត្រូវបាន​ផ្សាយ​ដោយ​ភ្នាក់ងារ​ព័ត៌មាន KCNA ផ្លូវការ​របស់​កូរ៉េខាងជើង​។សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​បាន​និយាយទៀតថា សហរដ្ឋអាមេរិក​ពិត​ជាមាន​ការច្រឡំ​ខុសស្រឡះ​បើសិនជា​ពួកគេ​ជឿថា​ពួកគេ​អាច​គ្រប់គ្រង​ប្រទេស​កូរ៉េខាងជើង​ដោយ​កម្លាំង​បាន​។ សេចក្ដីថ្លែងការណ៍​បន្ត​ថា ខ្លួន​នឹង​ពិនិត្យមើល​យ៉ាង​ជិត​ស្និទ្ធ​អំពី​ទង្វើ​របស់​អាមេរិក​នាពេល​អនាគត​។​

ក្រសួងយុត្តិធម៌​អាមេរិក​កាលពី​សប្តាហ៍​មុន​បាន​និយាយថា ខ្លួន​បាន​រឹបអូស​នាវា​ដឹកទំនិញ​មួយគ្រឿង​របស់​កូរ៉េខាងជើង​ដែល​ខ្លួន​បាន​ចោទប្រកាន់ថា​បាន​ដឹកជញ្ជូន​ធ្យូងថ្ម​ដោយ​ខុសច្បាប់​ដែល​រំលោភ​លើ​ទណ្ឌកម្ម​បន្ទាប់ពី​នាវា​នេះ​ត្រូវបាន​បញ្ឈប់​ជា​លើកដំបូង​ដោយ​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​ខែមេសា​ឆ្នាំ​២០១៨​។​

មន្ត្រី​ក្រសួងយុត្តិធម៌​អាមេរិក​បាន​និយាយថា នាវា​កូរ៉េខាងជើង​ដែល​ត្រូវបាន​គេ​ស្គាល់​ថា “Wise Honest” គឺ​ត្រូវបាន​យកទៅ​ទុក​នៅ​កោះ Samoa របស់​អាមេរិក​។ ការប្រកាស​នេះ​បាន​ធ្វើឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន​។​

មេដឹកនាំ​កូរ៉េខាងជើង​បាន​អំពាវនាវ​ឲ្យ​មាន “​ស្ថានភាព​ប្រយុទ្ធ​ពេញលេញ​” បន្ទាប់ពី​ការចាប់យក​នាវា​ដឹកទំនិញ​របស់​កូរ៉េខាងជើង​ដោយ​អាមេរិក​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114