ព័ត៍មានទាន់​ហេតុការណ៏
Search

កប៉ាល់​ដឹក​ប្រេង​រង​ការបំផ្លិចបំផ្លាញ ​ខណៈ​ភាព​តានតឹង​នៅ​ឈូង​សមុទ្រ​កើនឡើង

កប៉ាល់​ចំនួន​បួន​គ្រឿង​ដែល​រួមទាំង​កប៉ាល់​ដឹក​ប្រេង​អារ៉ាប៊ីសាអ៊ូឌីត​ពីរ​គ្រឿង​ផងដែរ​នោះ​គឺ​ត្រូវ​រង​ការខូចខាត​នៅក្នុង​ការវាយប្រហារ​ដោយ​ចេតនា​ដ៏​អាថ៌កំបាំង ​ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​ភាព​តានតឹង​នៅ​ឈូង​សមុទ្រ​ស្របពេល​មានការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​សហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់​។​

ខណៈពេល​ប្រឈម​នឹង​ការព្រួយបារម្ភ​កាន់តែខ្លាំង​ពី​អន្តរជាតិ​, រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក Mike Pompeo បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​តាម​ការគ្រោងទុក​ទៅ​ទីក្រុង​មូ​ស្គូ​ហើយ​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ប្រ៊ូ​ស​សែ​ល​ជំនួស​វិញ​សម្រាប់​ការចរចា​កាលពី​ថ្ងៃ​ចន្ទ​ជាមួយ​មន្ត្រី​អឺរ៉ុប​ចំ​ពេលដែល​ប្រទេស​អង់គ្លេស​ព្រមាន​អំពី​គ្រោះថ្នាក់​នៃ​ជម្លោះ​ដែល​ផ្ទុះឡើង​ដោយសារតែ​ឧបទ្ទវហេតុ​នៅ​ឈូង​សមុទ្រ​។​

ដោយ​បង្កើន​សម្ពាធ​លើ​ទីក្រុង​តេ​រ៉ង់​បន្ទាប់ពី​អាមេរិក​ដាក់ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 និង​នាវាចម្បាំង​មួយគ្រឿង​ដើម្បី​ជួយ​ដល់​នាវា​ដឹក​យន្តហោះ​នៅក្នុង​តំបន់​នោះ​, លោក​ប្រធានាធិបតី Donald Trump បាន​ព្រមាន​ថា អ៊ីរ៉ង់​នឹងរង​ការឈឺចាប់​ធំធេង​បើ​ខ្លួន​ធ្វើ​អ្វីដែល​គំរាមកំហែង​ដល់​ផលប្រយោជន៍​របស់​អាមេរិក​។

ប្រមុខ​មន្ទីរ​បញ្ច​កោណ​ស្តីទី​លោក Patrick Shanahan បានស្នើ​ឡើង​នូវ​ផែនការ​យោធា​ថ្មី​មួយ​នៅឯ​កិច្ចប្រជុំ​ជាមួយ​ជំនួយការ​សន្តិសុខ​ជាតិ​ជាន់ខ្ពស់​ដែល​នឹង​បញ្ជូន​កងទ័ព​អាមេរិក​រហូតដល់​ទៅ​១២០,០០០​នាក់​ទៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ដែលជា​កន្លែង​អ៊ីរ៉ង់​ត្រៀម​វាយប្រហារ​កងកម្លាំង​អាមេរិក​ឬ​បង្កើន​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​។​

ទន្ទឹមគ្នានេះ ក្រុង​តេ​រ៉ង់​បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ការវាយប្រហារ​គួរ​ឲ្យ​ភ័យខ្លាច​កាលពី​ថ្ងៃអាទិត្យ​នៅ​សមុទ្រ​អារ៉ាប់​រួម​ហើយ​បាន​ព្រមាន​ពី​ការ​ផ្សងព្រេង​របស់​បរទេស​ដើម្បី​រំខាន​ដល់​សន្តិសុខ​ដែនសមុទ្រ​។​

មន្ត្រី​រដ្ឋាភិបាល​អារ៉ាប់​រួម​ម្នា​ក់បាន​និយាយថា កប៉ាល់​ដឹក​ប្រេង​អារ៉ាប៊ីសាអ៊ូឌីត​ឈ្មោះ Al-Marzoqah និង Amjad ត្រូវបាន​វាយប្រហារ​នៅ​ជិត​កំពង់ផែ Fujairah រួមជាមួយ​កប៉ាល់​ដឹក​ប្រេង​ន័​រ​វែ​ស​ឈ្មោះ Andrea Victory និង​កប៉ាល់​អារ៉ាប់​រួម​ឈ្មោះ A. Michel​។​

មន្ត្រី​ក្រសួងការបរទេស​ម្នាក់​បាន​និយាយថា អារ៉ាប៊ីសាអ៊ូឌីត​ដែលជា​គូប្រជែង​ក្នុង​តំបន់​របស់​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​បាន​ថ្កោលទោស​ចំពោះ “​ទង្វើ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា​” និង “​អំពើ​ឧក្រិដ្ឋ​” នេះ​។​

ទោះបីជា​យ៉ាងណាក៏ដោយ អារ៉ាប៊ីសាអ៊ូឌីត​និង​អារ៉ាប់​រួម​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​មូលហេតុ​នៃ​ការវាយប្រហារ​នេះ​ឬ​ចោទប្រកាន់​នរណាម្នាក់​ដែល​ទទួលខុសត្រូវ​នោះទេ​៕ AFP