ព័ត៍មានទាន់​ហេតុការណ៏
Search

ក្នុង​ឱកាស​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ភ្ញៀវ​ទេសចរ​សម្រុក​ម​ក​សម្រាក លម្ហែ​នៅ​រមណីយដ្ឋាន​ឆ្នេរ​កែប​ដូច​ទឹកបាក់​ទំនប់​

កែប ៖ បើ​យើង​សង្កេតមើល​ទិដ្ឋភាព​ក្នុងឱកាស ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ​​​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៣​រហូតដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩ ក្រុម​អ្នកទេសចរ ​បាន​សម្រុក​មក​សម្រាក លម្ហែ កម្សាន្ត​នៅ​រមណីយដ្ឋាន​ឆ្នេរកែប​ដូច​ទឹកបាក់​ទំនប់​។​

​យ៉ាងណាមិញ​ក្នុង​ដំណើរ​កម្សាន្ត​នៅក្នុង​រមណីយដ្ឋាន​ឆ្នេរ​កែប ភ្ញៀវទេសចរ​តែងតែ​ផ្តោត​អារម្មណ៍​ជាមួយនឹង​ទេសភាព​យ៉ាង​ស្រស់បំព្រង​នៅតាម​ដងផ្លូវ ពិសេស​អ្នកដំណើរ​បាន​គយគន់​ផ្កា​ក្ងោក​ដែល​កំពុង​រីក​ស្គុះស្គាយ បង្អួត​សម្រស់​នៅ​គ្រប់​ដង​វិថី​ នៃ​ទីក្រុង​កែប។

មិនតែប៉ុណ្ណោះ ភ្ញៀវ​ទេសចរ​​ពិតជា​សំដែង​ក្តី​រីករាយ​យ៉ាងខ្លាំង ខណៈ​ដងផ្លូវ​សំខាន់ៗ​ជាច្រើន​របស់​ខេត្ត​កែប​ត្រូវបាន​ស្ថាបនា ពង្រីក​ដ៏​ធំ​ទូលាយ​អមដោយ​សួន​នៅ​ចំ​កណ្តាល ងាយស្រួល​ធ្វើ​ដំណើរ បញ្ចៀស​ការកកស្ទះ​។​ លើសពីនេះ ​ក្នុង​តំបន់​ទេសចរណ៍​ខេត្ត​កែប ក៏​ត្រូវបាន​តាក់តែង​កែលំអ​ប្រកបដោយ​សោភ័ណភាព​យ៉ាង​ស្រស់​ត្រកាល​គ្មាន​ពីរ​ផងដែរ​។​

​ជាមួយនេះ ក្នុងឱកាស​បុណ្យចម្រើនព្រះជន្ម ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ ក្រៅពី​ការដើរ​កម្សាន្ត​នៅក្នុង​ទីប្រជុំជន​មាត់​ឆ្នេរកែប គេ​បាន​សង្កេតឃើញ​ក្រុម​អ្នកទេសចរ​បាននាំគ្នា​ទៅ​សម្រាក លម្ហែ​នៅតាម​តំបន់​ទេសចរ​ជាច្រើន​ទៀត​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ដូចជា​ឆ្នេរ​អង្កោល តំបន់​ទេសចរណ៍​ភ្នំ​វល្លិ៍ស សួន​មេអំបៅ និង​នៅតាម​បណ្តា​កោះ​មួយចំនួនទៀត ពិសេស​ឆ្នេរ​កោះទន្សាយ​ជាដើម​។​

​មហាជន​ភាគច្រើន​ដែល​ធ្វើដំណើរ​មកពី​បណ្តា​ខេត្ត​មួយចំនួន​តែង​ផ្តោត​ការចាប់អារម្មណ៍​ពី​ទេសភាព​ដ៏​ស្រស់បំព្រង​គ្មាន​ពីរ​របស់​ខេត្ត​កែប ដូច​ជាការ​គយគន់​មើល​ព្រៃភ្នំ​ដែល​គ្របដណ្ដប់​ទៅ​ដោយ​ដើមឈើ​គ្រប់​ប្រភេទ ប្រកបដោយ​សម្រស់​យ៉ាង​ទាក់ទាញ​។​ ការ​មក​លម្ហែ កម្សាន្ត​នា​ឱកាស​នេះ ភ្ញៀវ​ទេសចរ​តែងតែ​ប្រដូច​តំបន់​ទេសចរណ៍​ដ៏​តូច​ច្រឡឹង​មួយ​នេះ​ប្រៀប​បាន​នឹង​ឋាន​តុសិត ដែល​តំបន់​ទេសចរណ៍​ផ្សេងទៀត​ស្ទើរ​តែ​ប្រៀប​មិនបាន។

ជាការ​ពិតណាស់ ការ​មក​សម្រាក លម្ហែ កម្សាន្ត​នៅក្នុង​រមណីយដ្ឋាន​ខេត្ត​កែប យើង​ពិតជា​បាន​ស្រូប​យក​នូវ​ខ្យល់អាកាស​យ៉ាង​ត្រជាក់​បរិសុទ្ធ ថែមទាំង​បាន​ភ្លក់​នូវ​រសជាតិ​អាហារ​គ្រឿង​សមុទ្រ​ស្រស់ៗ​គ្រប់​ប្រភេទ ប្រកបដោយ​មានឱជារស​យ៉ាង​ឆ្ងាញ់​ពិសា​។​

​ទន្ទឹមនឹង​កំណើន​ភ្ញៀវទេសចរ​ក្នុង​ពិធីបុណ្យ​ជាតិ​សំខាន់ៗ ពិសេស​បុណ្យចម្រើនព្រះជន្ម ព្រះមហា​ក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មហាជន​ក៏បាន​សម្រុក​មក​លម្ហែកាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​ភ្ញៀវ​តែងតែ​កោតសរសើរ​ដល់​អាជ្ញាធរ​ក្នុង​តំបន់​ដែល​បាននិងកំពុង​ពុះពារ ធ្វើការ​កែលំអ កែប្រែ​សោភ័ណភាព​ឲ្យ​កាន់តែ​ស្រស់បំព្រង ដើម្បី​ឲ្យ​សក្ដិសម​ជា​ខេត្ត​ទេសចរណ៍​ដែល​កំពុង​ជាប់​ឈ្មោះ​ជា​ឆ្នេរ​ស្រស់​ស្អាត​ជាងគេ​លើ​ពិភពលោក គឺ​”​ដី​ស្អាត ទឹក​ស្អាត និង​ខ្យល់​ស្អាត​”​ គ្រប់​រដូវ​កាល៕