ព័ត៍មានទាន់​ហេតុការណ៏
Search

ខេត្ត​មួយ​របស់​ប្រទេស​ស្រីលង្កា​ ត្រូវ​ស្ថិតនៅ​ក្រោម​បម្រាម​គោចរ​បន្ទាប់ពី​មាន​អ្នក​ស្លាប់​លើក​ដំបូង​ក្នុង​កុបកម្ម

ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា ខេត្ត​មួយ​របស់​ប្រទេស​ស្រីលង្កា​នៅ​ភាគ​ខាងជើង​រដ្ឋធានី​ត្រូវ​ស្ថិតនៅ​ក្រោម​បម្រាម​គោចរ​មិន​កំណត់ពេល​បន្ទាប់ពី​ការស្លាប់​លើកដំបូង​នៅក្នុង​កុបកម្ម​ប្រឆាំង​មូស្លីម​ក្រោយ​ការវាយប្រហារ​ភេរវកម្ម​អំឡុង​ពិធីបុណ្យ Easter។

ប៉ូលិស​បាន​និយាយថា បំរាម​គោចរ​ពេលយប់​នៅ​ទូទាំងប្រទេស​ត្រូវបាន​ដក​នៅ​គ្រប់​តំបន់​ទាំងអស់​លើកលែងតែ​ខេត្ត North-Western (NWP) ប៉ុណ្ណោះ​ដែលជា​កន្លែង​បុរស​មូស្លីម​ម្នាក់​ត្រូវបាន​សម្លាប់​ដោយ​ហ្វូងមនុស្ស​កាលពី​ថ្ងៃ​ចន្ទ​នៅក្នុង​ប្រតិកម្ម​ហិង្សា​មួយ​ប្រឆាំងនឹង​ការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ខែ​មុន​។​

ប្រភព​ផ្លូវការ​បាន​និយាយថា បុរស​អាយុ​៤៥​ឆ្នាំ​រូបនេះ​បាន​ស្លាប់​ដោយសារ​របួស​នៅពេលដែល​ហ្វូងមនុស្ស​សម្រុកចូល​រោង​សិប្បកម្ម​របស់គាត់​នៅ​ស្រុក Puttalam ក្នុង​ខេត្ត NWP ហើយ​បានសម្លាប់​គាត់​។​

នៅ​កន្លែង​ផ្សេងទៀត​នៅក្នុង​ខេត្ត​នេះ​, ហ្វូងមនុស្ស​បាន​ដុតបំផ្លាញ​ហាង​ជាច្រើន​ដែល​គ្រប់គ្រង​ដោយ​ជន​មូស្លីម បំផ្លាញ​ផ្ទះ​និង​វិហារ​ឥស្លាម​នៅក្នុង​កុបកម្ម​រយៈពេល​មួយថ្ងៃ​។​

អ្នកនាំពាក្យ​ឈ្មោះ Ruwan Gunasekera បាន​និយាយថា “​បម្រាម​គោចរ​នៅ​ខេត្ត NWP នឹង​បន្ត​រហូតដល់​មានការ​ជូនដំណឹង​បន្ថែមទៀត​។ កងកម្លាំង​សន្តិសុខ​កំពុង​ជួយ​ប៉ូលិស​ដែល​ត្រូវបាន​បញ្ជា​ឲ្យ​ប្រើប្រាស់​កម្លាំង​អតិបរមា​ដើម្បី​ទប់ស្កាត់​អំពើហិង្សា​នេះ​”​។​

ប៉ូលិស​បាន​និយាយថា ពួកគេ​បាន​បាញ់​ឡើងលើ​អាកាស​ហើយ​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​នៅ​កន្លែង​ជាច្រើន​ដើម្បី​រារាំង​អ្នក​ដែល​ប៉ុនប៉ង​វាយប្រហារ​វិហារ​ឥស្លាម​។​

ប្រភពពី​មន្ត្រី​និង​អ្នកស្រុក​បាន​និយាយថា នៅក្នុង​ស្រុក Gampaha, ហ្វូងមនុស្ស​បាន​កម្ទេច​ភោជនីយដ្ឋាន​ដែល​កាន់កាប់​ដោយ​ជន​មូស្លីម​និង​រោងចក្រ​កាត់ដេរ​មួយកន្លែង​។​

នៅក្នុង​ការ​ថ្លែង​ទៅកាន់​ជនរួមជាតិ​កាលពី​រាត្រី​ថ្ងៃ​ចន្ទ លោកនាយក​រដ្ឋមន្ត្រី Ranil Wickremesinghe បាន​និយាយថា បម្រាម​គោចរ​នៅ​ទូទាំងប្រទេស​ត្រូវបាន​ប្រកាស​ដើម្បី​ការពារ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​រៀបចំ​អំពើហិង្សា​សហគមន៍​។​
លោក Wickremesinghe បាន​និយាយថា ចលាចល​នេះ​នឹង​រារាំង​ការស៊ើបអង្កេត​ចូលទៅក្នុង​ការវាយប្រហា​រ​កាលពី​ថ្ងៃទី​២១​ខែមេសា​ដែល​កំណត់​គោលដៅ​លើ​ព្រះវិហារ​គ្រិស្ត​បី​កន្លែង​និង​សណ្ឋាគារ​ប្រណីត​៣​កន្លែង​ដោយ​សម្លាប់​មនុស្ស​ចំនួន​២៥៨​នាក់​និង​រងរបួស​ជិត​៥០០​នាក់​។​

ច្បាប់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ត្រូវបាន​ដាក់​ចាប់តាំងពី​ការ​បំផ្ទុះ​គ្រាប់បែក​នោះ​មកហើយ​កងកម្លាំង​សន្តិសុខ​ត្រូវបាន​ផ្តល់​អំណាច​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114