ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ UN ជួប​ជនរងគ្រោះ​នៃ​ការបាញ់ប្រហារ​ក្នុង​វិហារ​ឥស្លាម​នូ​វែ​ល​ហ្សេ​ឡង់​

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ព្រមាន​ថា ការនិយាយ​ស្អប់ខ្ពើម​កំពុង​រីក​រាលដាល​តាម​អ៊ីនធឺណិត​ដូចជា​ភ្លើង​ឆេះ​ព្រៃ​។ លោក​បានលើកឡើង​បែបនេះ​នៅឯ​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​អង្គារ​ជាមួយ​ជនរងគ្រោះ​នៃ​ការបាញ់សម្លាប់​ក្នុង​ព្រះវិហារ​នៅ​ទីក្រុង Christchurch ហើយ​លោក​បាន​សន្យាថា ស្ថាប័ន​ពិភពលោក​មួយ​នេះ​នឹង​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បំបាត់​បញ្ហា​នេះ​។​

លោក Guterres បាន​ទៅ​មើល​វិហារ​ឥស្លាម Al Noor ដែលជា​មជ្ឈមណ្ឌល​សាសនា​ឥស្លាម​មួយ​ក្នុងចំណោម​មជ្ឈមណ្ឌល​សាសនា​ឥស្លាម​ទាំងពីរ​នៅក្នុង​ទីក្រុង​របស់​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​ដែលជា​កន្លែង​ជន​ជ្រុលនិយម​ស្បែក​សម្នាក់​បានសម្លាប់​ម​នុស្ស​ចំនួន​៥១​នាក់​នៅក្នុង​ការបាញ់ប្រហារ​កាលពី​ថ្ងៃទី​១៥​ខែមីនា​ដែល​អ្នក​វាយប្រហារ​បាន Live តាម Facebook​។​

ប្រមុខ UN រូបនេះ​កំពុងធ្វើដំណើរ​ទៅកាន់​តំបន់​ប៉ាស៊ីហ្វិក​ខាងត្បូង​ដើម្បី​បញ្ជាក់​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ប៉ុន្តែ​បាន​និយាយថា គាត់​ក៏​ចង់បង្ហាញ​ពី​ការគាំទ្រ​របស់គាត់​ចំពោះ​សហគមន៍​មូស្លីម​នៅក្នុង​ទីក្រុង Christchurch អំឡុង​ពិធីបុណ្យ​រ៉ា​ម៉ា​ឌន​ផងដែរ​។​

គាត់​និយាយថា “​ខ្ញុំ​ដឹងថា​មិនមាន​ពាក្យ​អ្វី​ដើម្បី​បំបាត់​ការឈឺចាប់​និង​ទុក្ខព្រួយ​នោះទេ​ប៉ុន្តែ​ខ្ញុំ​ចង់​មក​ទីនេះ​ផ្ទាល់​ដើម្បី​ផ្តល់​ក្ដី​ស្រឡាញ់ ការគាំទ្រ​និង​ការកោតសរសើរ​ពេញលេញ​និង​ទាំងស្រុង​”​។​

លោក​បាន​ប្រាប់​ជនរងគ្រោះ​នៃ​ការបាញ់ប្រហារ​សម្លាប់រ​ង្គា​ល​ដ៏​អាក្រក់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​ថា មានការ​កើនឡើង​ដ៏​គួរ​ឲ្យ​គ្រោះថ្នាក់​ចំពោះ​ការ​ស្អប់ខ្ពើម​ដោយសារតែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ត្រូវបាន​គេ​កេងប្រវ័ញ្ច​ដើម្បី​ជំរុញ​ការបញ្ចុះ​បញ្ចូល​។​

អ្នកការទូត​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​និយាយថា “​ការនិយាយ​ស្អប់ខ្ពើម​កំពុងតែ​រីក​រាលដាល​ដូចជា​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ យើង​ត្រូវតែ​ពន្លត់​វា​”​។​

សុន្ទរកថា​របស់លោក​បាន​ធ្វើឡើង​ខណៈដែល​នាយករដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់​លោកស្រី Jacinda Ardern ចាប់ផ្តើម​ដំណើរ​ស្វែងរក​ដោយ​ខ្លួនឯង​ដើម្បី​ដាក់​ឥទ្ធិពល​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​ទីក្រុង​ប៉ារីស​ក្នុង​សប្តាហ៍​នេះ​៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114