ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាំពាក្យ​ក្រសួងការពារជាតិ ប្រកាស​ច្រានចោល​ព័ត៌មាន​ដែល​ថា កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​កងទ័ព​ចិន​នៅ​ខេត្តកោះកុង

ភ្នំពេញ​ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ប្រកាស​ច្រានចោល​ព័ត៌មាន​មួយ​ដែល​លើក​ឡើង​ថា កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​កងទ័ព​ចិន​នៅ​ខេត្តកោះកុង និង​បាន​អះអាង​ថា ជា​ចេតនា​នយោបាយ​ទុច្ចរិត ធ្វើ​ឲ្យ​ពិភពលោក​មានការ​ភាន់ច្រឡំ ចំពោះ​ប្រទេស​កម្ពុជា និង​រំខាន​ដល់​ឱកាស​អភិវឌ្ឍ​ប្រទេស ហើយក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ ដែល​នឹង​មកកាន់​ប្រទេស​កម្ពុជា​ផងដែរ​។

ការ​ចេញ​មក​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នាពេលនេះ បានធ្វើ​ឡើងខណៈ​មាន​គេហទំព័រ​អន​ឡាញ​បរទេសមួយ​ឈ្មោះ War On The Rocks បាន​ព្យាយាម​ផ្សព្វផ្សាយ​ចោទប្រកាន់​មួលបង្កាច់​មក​លើ រាជរដ្ឋាភិបាល​កម្ពុជា​ថា កម្ពុជា​បានអនុញ្ញាត​ឲ្យ​ប្រទេស​ចិន ដាក់​មូលដ្ឋានទ័ព​នៅក្នុង​ខេត្តកោះកុង បើទោះបីជា​រាជរដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​យ៉ាងច្បាស់​លាស់ ដោយមាន​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់កំពូល​ប្រទេស​មក​សំអាង​យ៉ាងណាក៏ដោយ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ “​ការ​ផ្សព្វផ្សាយ​លាប​ពណ៌​យ៉ាង​គឃ្លើន​របស់​គេហទំព័រ​នោះ គឺជា​ចេតនា​នយោបាយ​ទុច្ចរិត​ធ្វើ​ឲ្យ​ពិភពលោក​មានការ​ភាន់ច្រឡំ​ចំពោះ​ប្រទេស​កម្ពុជា ព្រមទាំង​ប៉ុនប៉ង​រំខាន​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស ក្នុង​សហការ​ពី​វិនិយោគិន​បរទេស និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ ដែល​នឹង​មកកាន់​ប្រទេស​កម្ពុជា​កាន់តែច្រើន នាពេលខាងមុខ​”​។

ពាក់ព័ន្ធ​នឹង​មូលដ្ឋានទ័ព​បរទេស​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់​បាន​បញ្ជាក់​ជំហរ យ៉ាង​ច្បាស់​រួចហើយ​ថា រាជរដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋានទ័ព​បរទេស នៅលើ​ទឹកដី​កម្ពុជា​នោះឡើយ ហើយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ប្រកាស​ទៀត​ថា កម្ពុជា​ក៏​មិន​កែប្រែ​រដ្ឋធម្មនុញ្ញ ដើម្បី​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋានទ័ព​បរទេស ឬ​បញ្ជូន​យោធា​កម្ពុជា​ទៅ​ក្រៅប្រទេស ក្រៅពី​បេសកកម្ម​ជាមួយ អង្គការសហប្រជាជាតិ​ផងដែរ​។

នាយ​ឧ​ត្ត​ម​សេនី​យ៏ ឈុំ សុជាតិ បញ្ជាក់​ថា គម្រោង អភិវឌ្ឍន៍​តំបន់​វិស្សមកាល​ទេសចរណ៍​តារា​សាគរ នៅក្នុង​ខេត្តកោះកុង ដែល​វិនិយោគទុន​រាប់ពាន់​លាន​ដុល្លារ ដោយ​ក្រុមហ៊ុន​ចិន គឺជា​ការរួមចំណែក​លើ​ក​កម្ពស់ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៅក្នុង​ប្រទេស​កម្ពុជា​។ ប្រជាជន​កម្ពុជា ពិតជា​ត្រេកអ​រណាស់ ដែល​វិនិយោគិន​ចិន បាន​ជឿជាក់​លើ​ស្ថិរភាព​នយោបាយ មក​បណ្តាក់ទុន​រកស៊ី​នៅក្នុង​ប្រទេស​ខ្លួន ជាមួយគ្នានេះ ប្រជាជន​ខ្មែរ ក៏​ស្វាគមន៍​រាល់​ការវិនិយោគ​ពី​ប្រទេស​ផ្សេងៗ​ទៀតផង​ដែរ​៕