ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកគាំទ្រ​ខ្មែរ​ដែល​ស្រលាញ់​ក្លិប​លី​គ​កំពូល​ប្រទេស​អង់គ្លេស​៤​ក្រុម បាន​ជួយ​សម្ភារៈ​សិក្សា​និង​ថវិកា​ដល់​សាលា​មួយកន្លែង​នៅ​ខេត្តសៀមរាប

​អ្នកគាំទ្រ​នៅ​ប្រទេស​កម្ពុជា ដែល​ស្រលាញ់​គាំទ្រ​ក្លិប​បាល់ទាត់ ៤ ដែល​ជា​សមាជិក​លី​គ​កំពូល​ប្រទេស​អង់គ្លេស​( Premier League) រួមមាន​ក្លិប Arsenal, Chelsea, Manchester City និង Tottenham Hotspur បាន​សហការ​គ្នា បង្កើត​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​មួយ កាលពីពេល​ថ្មីៗ​ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​កុមារ​ក្រីក្រ ឲ្យ​ទទួល​បាន​ការសិក្សា​ល្អ នៅក្នុង​ទឹកដី​ខេត្តសៀមរាប​។

​យោងតាម​តំណាង​អ្នករៀបចំ​កម្មវិធី​នេះ​បាន​លើកឡើង​ថា ​គោលដៅ​នៃ​ការប្រកួត​គឺ​ដើម្បី​បង្កើន​មិត្តភាព ទំនាក់ទំនង រវាង​ក្រុម​អ្នក​ស្នេហា​បាល់ទាត់ ហើយ​ជាពិសេស​គឺ​ស្វែងរក​មូលនិធិ​ជួយ​ដល់​សាលាបឋមសិក្សា​ស្វាយ​ធំ ដែល​ស្ថិត​ក្នុងភូមិ​ស្វាយ​ធំ ឃុំ​គោក​ធ្លោ​ក ស្រុក​ជីក្រែង ខេត្តសៀមរាប​។ តំណាង​អ្នកគាំទ្រ​បាន​យក​សម្ភារៈ​សិក្សា និង​ថវិកា​ដែល​ពួកគេ​ប្រមូល​បាន យកទៅ​ចែកចាយ​ដល់​សិស្សានុសិស្ស​ប្រមាណ​ជាង ៦០​នាក់ ដែល​កំពុង​ខ្វះខាត​សម្ភារៈ​សិក្សា​។

​សមាជិក​ម្នាក់​នៃ​ក្រុម​ទាំង ៤​បាន​ឲ្យ​ដឹង​ថា មាន​សម្ភារៈ​សិក្សា បូករួម​នឹង​សម្លៀកបំពាក់​កីឡា ៦០​ឈុត ដែល​សរុប​ជា​ទឹកប្រាក់​ដែល​ពួកគេ​ប្រមូលបាន​ប្រមាណ ៧០០​ដុល្លារ ត្រូវ​បាន​ចែកចាយ​ដល់​សិស្សានុសិស្ស​នៅ​ថ្ងៃទី​១២ ខែឧសភា ថ្មីៗ​នេះ នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​ស្វាយ​ធំ​ផ្ទាល់​តែម្តង​។

​ប្រភព​បញ្ជាក់​ថា ​ពួកគេ​ក៏បាន​ជូន​ប្រាក់ និង​សម្ភារៈ​សិក្សា ដល់​លោកគ្រូ ដែល​ខិតខំ​បង្ហាត់បង្រៀន​សិស្ស​ទាំងនោះ​ផងដែរ​។ សូម​បញ្ជាក់​ថា សិស្សានុសិស្ស ក្នុង​សាលាបឋមសិក្សា​ស្វាយ​ធំ​កំពុង​ជួប​បញ្ហា​ខ្វះខាត​សម្ភារៈ​សិក្សា បូករួម​ទាំង​មាន​សិស្ស​មួយចំនួន ខ្វះខាត​សម្លៀកបំពាក់​ស្លៀកពាក់​ទៀតផង​។ ដូច្នេះ ជំនួយ​ទាំងនេះ​អាចជួយ​ដល់​សិស្សានុសិស្ស​ទាំងនោះ ឲ្យ​ទទួលបាន​ការអប់រំ​យ៉ាងហោចណាស់​ក៏​រយៈពេល ២​ឆ្នាំ​ទៅមុខ​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114