ព័ត៍មានទាន់​ហេតុការណ៏
Search

អង្គការ​អ្នកប្រជាធិបតេយ្យ ស្នើសុំ​ឲ្យ​សហភាព​អឺរ៉ុប (EU) ផ្ដល់​ភាពយុត្តិធម៌​ដល់​កម្ពុជា ក្នុងករណី​ក្របខណ្ឌ «​អ្វី​ទាំងអស់​ក្រៅពី​សព្វាវុធ (EBA)»

ភ្នំពេញ​ ៖ អង្គការ​អ្នកប្រជាធិបតេយ្យ​កណ្ដាល​អន្តរជាតិ (Centrist Democrats International (IDC-CDI)) ចុះ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ បានស្នើ​សុំ ឲ្យ សហភាព​អឺរ៉ុប (EU) ផ្ដល់​ភាពយុត្តិធម៌​ដល់​កម្ពុជា ក្នុងករណី​ក្របខណ្ឌ «​អ្វី​ទាំងអស់​ក្រៅពី​សព្វាវុធ (EBA)»​។

​យោងតាម​លិខិត របស់ អង្គការ​អ្នកប្រជាធិបតេយ្យ​កណ្ដាល​អន្តរជាតិ (Centrist Democrats International (IDC-CDI)) ចុះ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ ដែល​ក្រសួង ពាណិជ្ជកម្ម​ បកប្រែ​ក្រៅផ្លូវការ បាន​ឲ្យ​ដឹង​ថា យើង​ទាំងអស់គ្នា​ជា​សមាជិក អង្គការ​អ្នក​ប្រជាធិបតេយ្យ​កណ្ដាល​អន្តរជាតិ (Centrist Democrats International (IDC-CDI)) សូម​ស្នើសុំ​ឲ្យ​សហភាព​អឺរ៉ុប (EU) ផ្ដល់​ភាព​យុត្តិធម៌​ដល់​កម្ពុជា ក្នុងករណី​ក្របខណ្ឌ «​អ្វី​ទាំងអស់​ក្រៅពី​សព្វាវុធ (EBA)»​។ កម្ពុជា​ដែលជា​ប្រទេស​ដែល​ក្រោក​ពី​សង្គ្រាម និង​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច បាន​ទទួល​ផលប្រយោជន៍​ពី​ការ​អនុគ្រោះ​ពាណិជ្ជកម្ម ដូចជា EBA ជាដើម ក្នុងនោះ​កម្មករ​-​ក​ម្មា​រិ​នី​ប្រមាណ ១ លាន​នាក់ ដោយ​ភាគច្រើន​ជា​ស្ត្រី​មកពី​តំបន់​ជនបទ បានទទួល​នូវ​ការងារ​ក្នុង​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ ដែល​ទទួល​បាន​ភាព​អនុគ្រោះ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប ដោយ​មិន​មាន​ពន្ធគយ និង​មិនមាន​កូតា​។

​អង្គការ​អ្នកប្រជាធិបតេយ្យ​កណ្ដាល​អន្តរជាតិ ក៏បាន​កត់សម្គាល់​ដោយ​ពេញចិត្ត ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បំពេញ​លក្ខខណ្ឌ និង​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប ដែល​រួមបញ្ចូល​អនុសញ្ញា​ចំនួន ១៥ ក្រោម​ក្របខណ្ឌ​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​ពលកម្ម​ពិភពលោក​ទាក់ទង​នឹង​ការពង្រីក​ការអភិវឌ្ឍន៍​នយោបាយ និង​សេដ្ឋកិច្ច សិទ្ធ​ការងារ និង​ទំហំ​សេរីភាព​នៅ​កម្ពុជា​។

​អង្គការ​អ្នក​ប្រជាធិបតេយ្យ​កណ្ដាល​អន្តរជាតិ យល់ថា​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​ជា​ដំណើរការ​វែងឆ្ងាយ​។ ការ​កើនឡើង​នូវ​គ្រួសារ​មាន​ចំណូល​កម្រិត​មធ្យម​នៅ​កម្ពុជា បាន​ធ្វើ​វិភាគទាន​គួរកត់សម្គាល់​ដល់​ការ​ពង្រឹង​ដោយ​ពេញលេញ នូវ​តម្លៃ​ប្រជាធិបតេយ្យ និង​ការសាងសង់​ស្ថាប័ន​ប្រជាធិបតេយ្យ​។ EBA បានរួម​វិភាគទាន​គួរ​ឲ្យ​កត់សម្គាល់​ដល់​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​របស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

​អង្គការ​អ្នក​ប្រជាធិបតេយ្យ​កណ្ដាល​អន្តរជាតិ ស្នើសុំ​ឲ្យ​សហភាព​អឺរ៉ុប ឲ្យ​ទទួលយក​នូវ​ហេតុផល​ខាងលើ សម្រាប់​ការសម្រេចចិត្ត​ដក EBA ពី​កម្ពុជា​។ ប្រជាជន​កម្ពុជា​បានទទួល​នូវ​ការឈឺចាប់​គ្រប់គ្រាន់​ហើយ និង​សមតែ​រស់នៅ​ដោយ​សន្តិភាព ឧត្តមភាព និង​សុភមង្គល​។ យើង​ប្រាថ្នា​ចង់ឃើញ​លទ្ធិប្រជាធិបតេយ្យ​មាន​ភាព​រីកចម្រើន និង​សេដ្ឋកិច្ច​រឹងមាំ តាមរយៈ​ការអនុគ្រោះ និង​គាំទ្រ​របស់​សហគមន៍​អន្តរជាតិ៕