ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​នឹង​ជ្រើសរើស​យុវ​និស្សិត​កម្ពុជា​១០​រូប​ ដែល​មាន​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​ដើម្បី​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន Huawei ប្រទេស​ចិន

ភ្នំពេញ ​៖ ក្រសួង​អប់រំ​យុវជន​និង​កីឡា​ នឹង​ជ្រើសរើស​យុវ​និស្សិត​កម្ពុជា​១០​រូប ​ដែល​មាន​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​រួមមាន​វិទ្យាសាស្ត្រ​កុំព្យូទ័រ​និង​ទូរគមនាគមន៍​ដើម្បី​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន Huawei នៅ​ទីក្រុង​សេន​ហ្សិ​ន និង​ទីក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃទី​២២​ ខែកក្កដា ​ដល់​ថ្ងៃទី​២​ ខែសីហា​ ឆ្នាំ​២០១៩​។

យោងតាម​ផេ​ក​ហ្វេ​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​ការ​ជ្រើស​រើស​នេះ​គឺ​ក្រសួង​អប់រំ យុវជន និង​កីឡា​សហការ​ជាមួយ​ក្រុមហ៊ុន Huawei ដែល​ជា​អ្នកបង្កើត​កម្មវិធី “Digital Aspiration” ឬ កម្មវិធី “​បំណងប្រាថ្នា​” ដែល​កម្មវិធី​នេះ​រៀបចំឡើង ក្នុង​គោលបំណង​លើកកម្ពស់​ការតម្រង់ទិស​វិជ្ជាជីវៈ​នៃ​យុវ​និស្សិត​កម្ពុជា ក្នុង​បរិបទ​នៃ​ការអប់រំ​តាមបែប​ឌីជីថល​។

តាមរយៈ​កម្មវិធី​នេះ យុវ​និស្សិត​ទាំង​១០​រូប នឹង​ទទួល​បាន​ការ​បណ្តុះបណ្តាល ការ​ធ្វើ​តេស្ត​សាកល្បង និង​ការ​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីស្នាក់ការ​កណ្តាល​នៃ​ក្រុមហ៊ុន Huawei នៅ​ទីក្រុង​សេន​ហ្សិ​ន និង​ទីក្រុង​ប៉េកាំង នៃ​ប្រទេស​ចិន​។

ចំពោះ​លក្ខខណ្ឌ​នៃ​ការចូលរួម​កម្មវិធី​យុវ​និស្សិត​កម្ពុជា​ទាំង​២​ភេទ ត្រូវ​បំពេញ​លក្ខខណ្ឌ​ដូចខាងក្រោម​គឺ ជា​និស្សិត​កំពុង​សិក្សា​នៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ ឬ​ឯកជន នៅ​ឆ្នាំ​ទី​២ (​ឆ្នាំ​សិក្សា​២០១៨-២០១៩)​។ ​មាន​អាយុ​ពី​១៩ ដល់​២៥​ឆ្នាំ គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០១៩​។ ជា​និស្សិត​កំពុង​សិក្សា​លើ​មុខជំនាញ ICT, Computer Science, Telecommunication, ឬ​មុខជំនាញ​ទាក់ទង​នឹង STEM (Science, Technology, Engineering, Mathematic)​។

ត្រូវ​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ចូលរួម​សកម្មភាព​ប្រកួតប្រជែង សកម្មភាព​នៃ​កម្មវិធី និង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន និង​មានចំណេះដឹង​ខ្ពស់​ផ្នែក​ភាសា​អង់គ្លេស​។

ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​នេះ​យុវ​និស្សិត​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត និង​ការបំពេញ​សកម្មភាព​ដូចខាងក្រោម​ដំណាក់កាល​ទី​១ យុវ​និស្សិត​ដែលមាន​លក្ខណសម្បត្តិ​ដូច​លក្ខខណ្ឌ​ខាងលើ ត្រូវបំពេញ​ពាក្យស្នើសុំ Online​ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ រហូតដល់​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៩ ហើយ​បេក្ខជន​ចំនួន ៣០ រូប នឹងត្រូវ​ជ្រើសរើស នៅ​ដំណាក់កាល​ទី​១​នេះ​។

ដំណាក់កាល​ទី​២ ការធ្វើ​តេស្ត​សំណេរ​បេក្ខជន​ចំនួន​៣០​រូប​ ដែល​ត្រូវ​បាន​ជ្រើសរើស​ពី​ពាក្យស្នើសុំ Online នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូល​រួម ក្នុងការ​ធ្វើតេស្ត​សំណេរ នៅ Computer Lab នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា (​អាគារ​ចៅពញា​ហុក ជាន់​ទី​៥) នៅ​ថ្ងៃ​២៥ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨និង០០​។

បេក្ខជន​ដែល​ខកខាន​ពុំបាន​ចូលរួម​ក្នុង​ការ​ធ្វើតេស្ត​សំណេរ នឹង​ត្រូវ​ជម្រុះ​ចេញពី​កម្មវិធី ដោយ​ស្វ័យ ប្រវត្តិ​។ វិញ្ញាសា​សំណេរ នឹង​ត្រូវ​ផ្តល់ជូន​បេក្ខជន​ក្នុង​រយៈពេល​៣​ថ្ងៃ មុន​ការធ្វើ​តេស្ត ដើម្បី​ឲ្យ​បេក្ខជន​បាន​ត្រៀមខ្លួន​ទុក​មុន​។ ការធ្វើ​តេស្ត​វិញ្ញាសា​សំណេរ​នេះ នឹងត្រូវ​ធ្វើ​ឡើងជា​ភាសា​អង់គ្លេស នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩​។ បេក្ខជន​ចំនួន​២០​រូប នឹង​ត្រូវ​ជ្រើសរើស​សម្រាំង នៅ​ដំណាក់កាល​ទី​២​នេះ​។

ដំណាក់កាល​ទី​៣ ការចូលរួម​សិក្ខាសាលា និង​ការ​សម្ភាសន៍​បេក្ខជន​ទាំង​២០​រូប ដែល​ត្រូវបាន​ជ្រើសរើស​សម្រាំង​ពី​ដំណាក់កាល​ទី​២ នឹង​ត្រូវ​ចូលរួម​ក្នុង​សិក្ខាសាលា​មួយចំនួន នៅ​ទីស្តីការក្រសួង​អប់រំ យុវជន និង​កីឡា និង​នៅ​ទីស្នាក់ការ​ក្រុមហ៊ុន Huawei ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​អំឡុង​សប្តាហ៍​ទី​១ ខែមិថុនា​។

នៅ​ចុងបញ្ចប់​នៃ​ដំណាក់កាល​នេះ បេក្ខជន​ទាំងអស់​នឹងត្រូវ​ចូលរួម​ការសម្ភាសន៍ ដើម្បី​ទទួល​ការវាយតម្លៃ​លើ​បុគ្គលិកលក្ខណៈ ទំនាក់ទំនង​អន្តរ​បុគ្គល និង​ជំនាញ​ទន់ នៃ​បេក្ខជន​នីមួយៗ នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩​។ នៅ​ដំណាក់កាល​នេះ បេក្ខជន​ចំនួន​១០​រូប​ចុងក្រោយ​នឹងត្រូវ​ជ្រើសរើស​និង​ដំណាក់កាល​ទី​៤​បេក្ខជន​ទាំង​១០​រូប នឹង​ទទួលបាន​ឱកាស​ចូលរួម​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន ដោយមាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន Huawei ពីថ្ងៃ​ទី​២២ ខែកក្កដា ដល់​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៩​ហើយ​រាល់​ការចំណាយ​លើ​ថ្លៃ​វី​ហ្សា និង​ការ​ស្នាក់នៅ ជា​បន្ទុក​របស់​ក្រុមហ៊ុន Huawei​។

ចំណែក​ដំណាក់កាល​ទី​៥ អគ្គនាយកដ្ឋាន​យុវជន​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​សហការ​ជាមួយ​បេក្ខជន​ទាំង​១០​រូប​ដែល​ក្លាយទៅជា​គ្រូ​បង្គោល​លើ​ជំនាញ​បច្ចេកទេស​សម្រាប់​បង្រៀន​ដល់​យុវ​សិស្ស​នៅតាម​អនុវិទ្យាល័យ និង​វិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់​ក្តី​សុបិន​ផ្នែក ICT, Computer Science និង Telecommunication ជូន​ដល់​ពួកគេ​៕