ព័ត៍មានទាន់​ហេតុការណ៏
Search

AFC Cup ៖​ ណាហ្គា​វើ​ល ប្រ​កូត​បង្គ្រប់កិច្ច​ជាមួយ​ម្ចាស់ផ្ទះ​Yangon United​របស់​មី​យ៉ាន់​ម៉ា នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ

ក្រុម​ណាហ្គា​វើ​ល ដែលជា​សមាជិក​ពានរ​ង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ត្រូវ​បន្ត​ប្រកួត​បេសកកម្ម​ប្រកួត​បញ្ចប់​ក្នុង​វគ្គ​ជម្រុះ​ពូ​ល​F នៃ​ពានរង្វាន់​លំដាប់​ទី​២ ប្រចាំ​ទ្វីបអាស៊ី AFC Cup 2019 ពោលគឺ​ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ Yangon United របស់​ក្រុម​មី​យ៉ាន់​ម៉ា នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ នេះ​វេលា​ម៉ោង​៤:៣០​នាទី​លើ​ទីលាន​កីឡដ្ឋាន​Thuwunna Stadium ក្នុង​ទីក្រុង​រ៉ង់​ហ្គូ​ន​។

​សូម​រំលឹក​ថា ​ក្នុងនាម​ជា​ម្ចាស់​ជើងឯក​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្លិប​ណាហ្គា​វើ​ល បាន​ចាប់ឆ្នោត​ស្ថិតនៅ​ពូ​ល F ជាមួយ​ក្រុម​ខ្លាំង​ដល់​ទៅ​៣​ក្នុង​តំបន់​អាស៊ាន​ផ្សេងទៀត​ដោយ​ក្នុងនោះ​មាន​ក្រុម Hanoi FC (​ម្ចាស់​ជើងឯក​លី​គ​កំពូល​វៀតណាម​) Tampines Rovers (​ជើងឯក​រង​លី​គ​កំពូល​សិង្ហ​បុរី​) និង Yangon United (​ជើងឯក​លី​គ​កំពូល​មី​យ៉ាន់​ម៉ា​)​។ បើ​រាប់​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​គឺ​ក្រុម Tampines Rovers ឈរ​កំពូល​តារាង​មាន​១៣​ពិន្ទុ​ក្នុង​ដៃ តាម​ពីក្រោយ​ដោយ​ក្រុម Hanoi FC មាន​១០​ពិន្ទុ ហើយ​ក្រុម​ណាហ្គា​វើ​ល របស់​កម្ពុជា មាន​៣​ពិន្ទុ​ឈរ​លេខ​៣​និង​ក្រុម Yangon United ឈរ​លេខ​៤​មាន​៣​ពិន្ទុ​ដែរ​។

​សម្រាប់​ប្រកួត​បញ្ចប់​វគ្គ​ជម្រុះ​ពូ​ល F នេះ​ក្រៅពី​ក្រុម​ណាហ្គា​វើ​ល ជួប​ក្រុម Yangon United នៅ​ថ្ងៃ​ពុធ​ទី​១៥​ ខែឧសភា ឆ្នាំ​២០១៩ ដូច​គ្នា​នេះដែរ​ក្រុម Hanoi FC ត្រូវ​ប៉ះ​ក្រុម Tampine Rovers នៅវេលា​ម៉ោង​៥និង០០​នាទី​ល្ងាច ​លើ​ទីលាន​កីឡដ្ឋាន Hang Day Stadium ក្នុង​រដ្ឋធានី​ហាណូយ​។

​លោក មាស ចាន់ណា ដែលជា​គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល ស្ថិតនៅក្នុង​សម្ពាធ​មួយ​សម្រាប់​រដូវ​កាល​នេះ ​ព្រោះ​ត្រូវ​ដឹកនាំ​ក្រុម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup ផង ក្នុង​លី​គ​កំពូល​កម្ពុជា ផង​និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ផង​។ យ៉ាង​ណា​ក្តី​ក្រុម​ណាហ្គា​វើ​ល បាន​រក្សា​ចំណាត់ថ្នាក់​ល្អ​មួយ​ក្នុង​លី​គ​កំពូល​កម្ពុជា ពោល​គឺ​នៅ​ឈរ​លេខ​២​ក្នុង​តារាង ទោះបីជា​បាត់បង់​កៅអី​ក្នុង​ពានរង្វាន់ AFC Cup ក៏ដោយ​។

ពានរង្វាន់ AFC Cup វគ្គ​ជម្រុះ​តាម​ពូ​ល​នឹង​ចាប់ផ្ដើម​នៅ​ចុងខែ កុម្ភៈ តទៅ​តាម​រូបមន្ត​វិលជុំ​សន្សំ​ពិន្ទុ សរុប​ស្មើ​៦​ប្រកួត (​ក្នុង​ដី​និង​ក្រៅ​ដី​) ដើម្បី​យកតែ​មួយក្រុម​ឡើងទៅ​វគ្គ​បន្ត ដោយ​គ្រោង​នឹង​បញ្ចប់​ការប្រកួត​ទាំងមូល​នៅ​ដើមខែ​តុលា ឆ្នាំ​២០១៩​។ នេះ​ជា​ឆ្នាំ​ទី​១ សម្រាប់​ណាហ្គា​វើ​ល ក្នុង​ការ​ប្រកួត​នៅ​វគ្គ​បែងចែក​ពូ​ល​បន្ទាប់ពី​បាន​ក្លាយជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០១៨ ខណៈ​កាលពី​ឆ្នាំ២០១៧ ធ្លាប់​បាន​ចូល​រួម​ប្រកួត​ម្តង​តែ​ត្រូវ​ប្រកួត​ជម្រុះ​នៅ​វគ្គ​ជម្រុះ​បឋម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114