ព័ត៍មានទាន់​ហេតុការណ៏
Search

បង្គោល​ភ្លើង​មេ​ធំៗ​នៅតាម​បណ្តោយ​ផ្លូវ​ណត​ប្រឹ​ឌ​រុះរើ​អស់ហើយ​ចាប់ពី​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ដល់​ផ្លូវ​២០០៤

ភ្នំពេញ ៖ បង្គោល​ភ្លើង​មេ​ធំៗ នៅ​ចំ​កណ្តាលផ្លូវ​ណត​ប្រឹ​ឌ ដែល​កន្លងទៅ​តែងតែ​បង្ក​គោះ​ថ្នាក់​ចរាចរណ៍​ទៅដល់​អ្នក​ធ្វើ​ដំណើរ ត្រូវ​បាន​ជំនាញ​ធ្វើការ​រុះរើ​អស់ហើយ​ចាប់ពី​ចំណុច​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ទៅដល់​ផ្លូវ​២០០៤ នឹង​បន្ត​ការ​រុះរើ​ចាប់ពី​ចំណុច​ស្តុ​ប​ផ្លូវ​លេខ​២០០៤ ទៅដល់​ផ្លូវ​ចោមចៅ ( អ​តី​តវេ​ង​ស្រេង )។

សូម​បញ្ជាក់​ឲ្យ​ដឹង​ថា បន្ទាប់ពី​មានការ​រិះគន់​នានា​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ឬ តាម​បណ្តា​សង្គម ហ្វេ​ស​ប៊ុ​ក គេហទំព័រ សារព័ត៌មាន និង​ការ​ចុះផ្សាយ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍ ផ្សេងៗ អំពី​បញ្ហា​បង្គោល​ភ្លើង​មេ​ធំៗ នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ ណត​ប្រី​ដ នៃ​ខណ្ឌ​សែន​សុខ និង​ខណ្ឌមានជ័យ ដែល​កន្លង​ទៅ​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទៅដល់​អ្នក​ធ្វើ​ដំណើរ បណ្តាល​ឲ្យ​របួស និង​ស្លាប់​ជា​បន្តបន្ទាប់​នោះ ក្រោយមក​អាជ្ញាធរ​ជំនាញ​បាន​ដាក់​ធុង​សុវត្ថិភាព នៅ​ជាប់​បង្គោល​ភ្លើង​ទាំងអស់​នោះ ដើម្បី​ការពារ​យានយន្ត​គ្រប់​ប្រភេទ​កុំ​ឲ្យ​បុក​បង្គោល​ភ្លើង​ទាំងនោះ។ ហើយ​ក្រោយមក​មន្ត្រី​ជំនាញ​អគ្គិសនី ក៏​បាន​ចុះ​មក​ធ្វើការ​រុះរើ​បង្គោល​ភ្លើង​ទាំងនេះ​បាន​មួយ​រយៈ ប៉ុន្តែ​ដោយសារ​ការ​ត​បណ្តាញ​អគ្គិសនី​នៅ​ក្រោម​ដី​មិនទាន់​រួចរាល់ ទើប​ការ​រុះរើ​បង្គោល​ភ្លើង​ទាំងនេះ ត្រូវ​បាន​ផ្អាក​មួយ​រយៈ​សិន។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​កន្លងទៅ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​បុក​ជាច្រើន​បាន​រិះគន់ និង​ថត​បង្ហោះ​រូប​បង្គោល​ភ្លើង ដែល​ស្ថិតនៅ​ចំ​ទ្រូងផ្លូវ​សម្រាប់​ធ្វើដំណើរ ហើយ​អ្នកខ្លះ​បាន​ហៅថា បង្គោល​ភ្លើង​មរណៈ​ជាដើម។ ប៉ុន្តែ​ត្រង់​ចំណុច​នេះ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បកស្រាយ​ថា ដើមឡើយ​បង្គោល​ភ្លើង​នេះ គឺ​ស្ថិតនៅ​កៀន​ផ្លូវ ប៉ុន្តែ​ដោយសារ​មានការ​ពង្រីក​ផ្លូវ​បន្ថែម ទើប​បង្គោល​ភ្លើង​នេះ​ស្ថិតនៅ​ចំ​ទ្រូងផ្លូវ​បែបនេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114