ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ សួន នឿ​ត របស់​ក្រុម​ភ្នំពេញ​ក្រោ​ន ត្រូវ​សម្រាក​ព្យាបាល​របួស​ជង្គង់​រយៈពេល​យូរ​

យោង​តាម​ការ​ជូនដំណឹង​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) បាន​បញ្ជាក់ថា ​កីឡាករ សួន នឿ​ត លេង​ក្នុង​តំណែង​ខ្សែការពារ​ប្រចាំ​ក្រុម​នឹងត្រូវ​អ​វត្ត​មាន​លើ​ទីលាន​ចន្លោះ​ពី​៨​ខែ​ទៅ​១​ឆ្នាំ​ដើម្បី សម្រាក​ព្យាបាល​របួស​ជង្គង់​ស្តាំ​របស់ខ្លួន​។

​ប្រភព​បាន​បញ្ជាក់​ថា ​កីឡាករ សួន នឿ​ត ដែល​លេង​ក្នុង​តំណែង​ជា​ខ្សែការពារ​ខាងស្តាំ​របស់​ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោ​ន បាន​រងរបួស​ធ្ងន់ធ្ង​រ​ត្រង់​ជង្គង់​ខាងស្តាំ​របស់ខ្លួន​អំឡុង​ពេល​ហ្វឹកហាត់​ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម​។ កីឡាករ​ដែល​បង្ហាញខ្លួន​ទើបតែ​មួយ​លើក​ប៉ុណ្ណោះ​សម្រាប់​ការប្រកួត​លី​គ​កំពូល​កម្ពុ​ជានា​ឆ្នាំនេះ បាន​រងរបួស​ស្រាំ​ជង្គង់​ខាងស្តាំ (ACL and Meniscus) ដែល​តម្រូវ​ឲ្យ​រូបគេ​ធ្វើការ​វះកាត់​ក្នុងៈពេល​ឆាប់ៗ​នេះ​។

ជុំវិញ​បញ្ហា​នេះ​កីឡាករ សួន នឿ​ត បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​សុំ​ឈប់​សំរាក​ពី​បាល់ទាត់​មួយ​រយៈ​ធំ​។ កុំ​បារម្ភ​អី​»​។ កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​បាន​សម្រាក​ពី​បាល់ទាត់​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ​២០១៨ មុន​ចូល​រដូវ​កាល​ឆ្នាំ​២០១៩​។ កីឡាករ​រូបនេះ​ស្ថិត​ក្នុង​បញ្ជី​យុវជន​ដែល​ភ្នំពេញ​ក្រោ​ន ជ្រើសរើស​ឱ្យចូល​សាលា​បាល់ទាត់​ក្លិប​កាលពី​ឆ្នាំ​២០១១ ហើយ​រូបគេ​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​យុវជន​ក្រោម​អាយុ​១៣​ឆ្នាំ​រហូតដល់​១៩​ឆ្នាំ​កាលពី​ឆ្នាំ​២០១៦ ផងដែរ​។

ចំពោះ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បាន​ជូនពរ​ដល់​កីឡាករ សួន នឿ​ត ឲ្យ​ធ្វើការ​វះកាត់​ប្រកបដោយ​ជោគជ័យ​និង​ឆាប់​ជាសះស្បើយ ដើម្បី​ត្រលប់មក​ទីលាន​សាជាថ្មី​ម្តងទៀត ដើម្បី​បន្ត​ជួយ​មិត្ត​រួម​ក្រុម និង​ក្លិប​ឲ្យ​ទទួលបាន​សមិទ្ធផល​ថ្មីៗ​នាពេលខាងមុខ​។ គិត​ត្រឹម​ពេលនេះ​ក្រុម​ភ្នំពេញ​ក្រោ​ន កំពុងតែ​មាន​បញ្ហា​ផ្ទៃក្នុង​ផង កីឡាករ​មាន​បញ្ហា​សុខភាព​ផង និង​ចាប់ផ្តើម​រដូវ​កាល​ថ្មី​មិនបាន​ល្អ​ផង​៕