ព័ត៍មានទាន់​ហេតុការណ៏
Search

អំណោយ កញ្ចប់​អាហារ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន ២០០​កញ្ចប់ ត្រូវបាន​ចែកជូន​ដល់ដៃ​បងប្អូន​ខ្មែរ​រ​ឥស្លាម ជាង​២០០​គ្រួសារ

ភ្នំពេញ ៖ លោក​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា បាន​ចែក​អំណោយ សប្បុរស​ធ​ម៌ ជា​កញ្ចប់​អាហារ ស្រាយ​បួស​រ៉ា​ម៉ា​ឌន ជូន​ដល់​លោកតា លោក យាយ និង​បងប្អូន​សាសនិក​ឥស្លាម ចំនួន ២០០​គ្រួសារ ស្ថិតនៅ​វិហារ​ឥស្លាម​គីឡូម៉ែត្រ​លេខ​៨ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​អង្គារ ១១​កើត ខែ​ពិសាខ ឆ្នាំកុរ​ឯកស័ក​ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​១៤ ឧសភា ឆ្នាំ​២០១៩។

អំណោយ​ទាំងនេះ ទទួល​បាន​ការឧបត្ថម្ភ​ពី មូលនិធិ​ឌី​យ៉ា​ណែ​ត នៃ​ប្រទេស​ទួរគី សហការ​ជាមួយ អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា​។ ក្នុង​កញ្ចប់​អំណោយ​នីមួយៗ​រួមមាន អង្ករ ១០​គីឡូក្រាម​,​ប្រេងឆា​៥​លីត្រ ,​ស្ករស​៥​គីឡូក្រាម​, អំបិល ១​គីឡូក្រាម និង សណ្តែកខៀវ​១​គីឡូក្រាម​។

លោក​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បាន​ថ្លែងអំណរគុណ​ចំពោះ​ម្ចាស់ជំនួយ​ទួរគី ដែល​បាន​ពាំនាំ​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​នេះ​មកពី​ទី​ដ៏​សែនឆ្ងាយ​រាប់ម៉ឺន​គីឡូម៉ែត្រ ចែកជូន​ដល់​បងប្អូន​យើង​នៅទីនេះ​។ នេះ​បានបង្ហាញ​ពី​ក្តី​ស្រលាញ់​ដ៏​ធំធេង​បំផុត​មួយ ក្នុងនាម​ជា​សាសនិក​តែមួយ បើ​ទោះបី​ជាតិ​សាសន៍​ខុសគ្នា​ក្តី​។

លោក ទេសរដ្ឋមន្ត្រី ក៏បាន​ជម្រាប​គណៈប្រតិភូ និង​អង្គពិធី​ថា ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រជាជាតិ​ទាំងអស់ កំពុង​រស់នៅ​ជាមួយគ្នា​យ៉ាង​មាន​សេចក្តីសុខ​។ ដោយឡែក សាសនិក​ឥស្លាម មាន​សិទ្ធិសេរីភាព​ពេញលេញ ហើយ​មិន​ត្រឹមតែ​បាននឹងកំពុង​រស់នៅ​ស្មើ​មុខ​ស្មើ​មាត់​ជាមួយ​សាសនិក​ដទៃ​ទៀត​ទេ ថែមទាំង​ទទួល​បាន​នូវ​ការអនុគ្រោះ និង​ការ​ផ្តល់ជូន​ជា​បន្តបន្ទាប់​សព្វគ្រប់​បែប​យ៉ាង​។ ចុងក្រោយ​នេះ រាជរដ្ឋាភិបាល ក៏បាន​ឲ្យ​គ្រប់​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់ រៀបចំ​បន្ទប់​ថ្វាយបង្គុំ សម្រាប់​គ្រូពេទ្យ សិស្ស និស្សិត និង អ្នកជំងឺ ដែលជា​សាសនិក​ឥស្លាម បាន​ប្រ​ណិ​ប័ត​។

លោក ទេសរដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ទាំងអស់ ចូលរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ធ្វើ​យ៉ាង​ណា ការពារ​ឲ្យ​បាន​នូវ​សុខសន្តិភាព ដែល​រាជរដ្ឋាភិបាល បាន​ខិតខំ​រកម​កដោយ​លំបាក ឲ្យ​នៅ​គង់វង្ស​ជានិច្ច​និរន្ត​តរៀង​ទៅ​។

យោង​តាម​របាយការណ៍​របស់ លោក ណុះ ស្លេះ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា អ្នកសម្របសម្រួល​គម្រោង​របស់​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុង​ខែ​រ៉ា​ម៉ា​ឌន ២០១៩ នេះ មូលនិធិ​ឌី​យ៉ា​ណែ​តនៃ​ប្រទេស​ទួរ​គី សហការ​ជាមួយ អង្គការ​របស់លោក បាន​ផ្តល់​កញ្ចប់​ស្បៀង អាហារ​រ៉ា​ម៉ា​ឌន​សរុប ១០០០​កញ្ចប់ នឹង​បន្ត​ចែក​កញ្ចប់​ឧបភោគ បរិភោគ​នេះ នៅក្នុង​ខេត្ត​ចំនួន​៥​ទៀត ដូចជា​កំពង់ធំ​,​កំពង់ឆ្នាំង ពោធិ៍សាត់​,​បាត់ដំបង និង ប​បន្ទាយមានជ័យ ក្រៅ​ពី​នេះ ក្នុង​គម្រោង​រ៉ា​ម៉ា​ឌន​ដូចគ្នា យើង​ក៏​មាន​ធ្វើ​កិច្ចសហការ​ជាមួយ​បណ្តា​អង្គការ​អន្តរជាតិ​នានា ដែល​បាន​កំពុងធ្វើការ​ចែកចាយ​ជា​បន្តបន្ទាប់ នៅ​កម្ពុជា៕