ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ​ប្រេ​ស៊ី​ល​Paulo Victor តាំងចិត្ត​ជួយ​ក្រុម​ភ្នំពេញ​ក្រោ​ន របស់ខ្លួន​ទោះបី​ក្លិប​ផ្លាស់ប្តូរ​គ្រូ​ក៏ដោយ

កីឡាករ Paulo Victor ដែលជា​ខ្សែប្រយុទ្ធ​ឆ្នើម​ប្រចាំ​ក្រុម​ភ្នំពេញ​ក្រោ​ន សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) បានបង្ហាញ​ឆន្ទៈ​បន្ត​ជួយ​ក្រុម​ក្នុង​រដូវ​កាល​នេះ​ឱ្យ​អស់ពី​សមត្ថភាព​ទោះបីជា​ក្លិប​មានការ​ផ្លាស់ប្តូរ​គ្រូបង្វឹក​ក៏ដោយ ពោលគឺ​បន្ទាប់ពី​លោកគ្រូ​បង្វឹក Leonardo Vitorino ចាកចេញ​ជំនួស​វិញ​ដោយ​លោក ស៊ុំ វណ្ណា ដែលជា​គ្រូ​ជំនួយ​។

កីឡាករ​ប្រេ​ស៊ី​ល ខាងលើ​បាន​បញ្ជាក់​ថា «​ទាំងអស់នេះ​វា​គឺជា​បាល់ទាត់​អាជីព ហើយ​ខ្ញុំ​ក៏​គោរព​គ្រប់យ៉ាង​ជុំវិញ​ការសម្រេចចិត្ត​របស់​ក្លិប ខ្ញុំ​នៅ​គោរព​តាម​ការដឹកនាំ​របស់​គ្រូ​បណ្តោះអាសន្ន និង​ប្តេជ្ញាចិត្ត​នៅ​បន្ត​ជាមួយ​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​»​។ គិត​ត្រឹម​ពេលនេះ​កីឡាករ Paulo Victor បា​នរក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​គូប្រកួត​ឱ្យ​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​ចំនួន​៥​គ្រាប់​ម្នាកឯង​មកហើយ​។

កីឡាករ​មាន​វ័យ​២៤​ឆ្នាំ​រូបនេះ​បាន​បន្ថែមថា « គ្រប់ការ​ប្រកួត​របស់​យើង​ទាំងអស់​វា​ពិតជា​សំខាន់​ណាស់​សម្រាប់​យើង​។ យើង​ត្រូវតែ​ផ្តោតអារម្មណ៍​លើ​ការប្រកួត​ដើម្បី​ធ្វើ​បាន​ល្អ​រាល់​ការ​បង្ហាញ​ខ្លួន​។ ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​កាន់​តែ​ខ្លាំង​បន្ថែមទៀត​នៅលើ​ទីលាន ដើម្បី​ជួយ​ក្រុម​ឲ្យ​ទទួលបាន​ជោគជ័យ អ្វីៗ​ទាំងអស់​គឺជា​ការ​ធ្វើ​ការងារ​ជា​ក្រុម ប៉ុន្តែ​បើ​ខ្ញុំ​ជា​អ្នក​ទាត់​ចូល​ទីនោះ​ខ្ញុំ​ក៏​សប្បាយចិត្ត​កាន់តែខ្លាំង​ថែមទៀត​»​។

កីឡាករ Paulo Victor វិញ​កើត​នៅ​ថ្ងៃ​១៣ ខែកញ្ញា ឆ្នាំ​១៩៩៤ នៅ​ទីក្រុង São Luís នៃ​ប្រទេស​ប្រេ​ស៊ី​ល​។ រូបគេ​លេង​ក្នុង​តួនាទី​ជា​ខ្សែបម្រើ​ប្រយុទ្ធ ហើយ​រូបគេ​បានចាប់ផ្តើម​អាជីព​បាល់ទាត់​ឲ្យ​ក្លិប Atlético Sorocaba ក្នុង​ឆ្នាំ​២០១៣ នៅ​ឆ្នាំ​២០១៤ បាន​បន្ត​ទៅលេង​នៅ​ក្លឹប América-RN ហើយ​បន្ត​ទៅលេង​នៅ​ក្លឹប Goyang Zaicro របស់​ប្រទេស​កូរ៉េខាងត្បូង នៅ​ឆ្នាំ​២០១៦ និង​ថ្មីៗ​នេះ​រូបគេ​ក៏​ត្រលប់​ទៅលេង​នៅ​ប្រទេស​ប្រេ​ស៊ី​ល​វិញ​គឺ​ក្លិប Nacional Atl. Muriaé មុន​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​។

យោងតាម​ការ​កំណត់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​បញ្ជាក់ថា​ ក្លិប​ជា​សមាជិក​របស់​លី​គ​ខ្លួន​មាន​សិទ្ធិ​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​នាក់​ប៉ុន្តែ​ដាច់ខាត​ក្នុង​ត្រូវ​តែ​មាន​កីឡាករ​ជា​ជនជាតិ​សមាជិក​ទ្វីបអាស៊ី ១​រូប​។ មក​ទល់​ពេល​នេះ ភ្នំពេញ​ក្រោ​ន នៅសល់​កីឡាករ​បរទេស​ចំនួន​៣​នាក់​ដោយ​ក្នុងនោះ​គឺ​អ្នកចាំទី​ប្រេ​ស៊ី​ល Leonardo Oliveira, មិត្ត​រួម​ជាតិ Paulo Victor និង​ខ្សែបម្រើ​ជប៉ុន Shuhei Mitsuhashi​។ ចំណែក​កីឡាករ​ចាស់​២​រូប​ជនជាតិ​ប្រេ​ស៊ី​ល បានធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត​វិញក្រោយ​មាន​បញ្ហា​សុខភាព​ត្រូវ​ព្យាបាល​រយៈពេល​យូរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114