ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម Inter Milan ឡើងមក​ឈរ​នៅ​លេខ​រៀង​ទី​៣ Serie A​ក្រោយ​ឈ្នះ​ក្រុម Chievo២-០

ក្រុម Inter Milan​បាន​វិលត្រឡប់​មកឈរ​នៅ​លេខ​រៀង​ទី​៣​វិញ​នៅលើ​តារាង Serie A ពេលដែល​គ្រាប់​បាល់​ពី​កីឡាករ Matteo Politano និង​កីឡាករ Ivan Perisic បានធ្វើ​ឲ្យ​ពួកគេ​ឈ្នះ​២-០​លើ​ក្រុម Chievo ដែល​បានបញ្ចប់​ការប្រកួត​មាន​គ្នា​ត្រឹម​១០​នាក់​កាលពី​ថ្ងៃ​ចន្ទ​។

ជាមួយនឹង​២​ប្រកួត​ទៀត​ត្រូវ​លេង​បញ្ចប់​រដូវ​កាល ក្រុម Inter Milan​មាន​៦៦​ពិន្ទុ ពោលគឺ​មាន​១​ពិន្ទុ​នាំមុខ​ក្រុម Atalanta ក្នុងនោះ​ក្រុម AC Milan និង​ក្រុម AS Roma មាន​៣​ពិន្ទុ​តាម​ពីក្រោយ​គេ​ទៀត នៅក្នុង​ការ​ប្រជែង​គ្នា​ដណ្តើម​តំណែង​ក្រុម​កំពូល​ទាំង​៤​នៅ​អ៊ីតាលី និង​កន្លែង​លេង​នៅ Champions League​នា​រដូវ​កាល​ក្រោយ​។​

កីឡាករ Politano បាន​ទម្លុះ​ភាពទាល់ច្រក​នៅ​៦​នាទី​មុនពេល​បញ្ចប់​ការប្រកួត​តង់​ទី​១ ជាមួយនឹង​ការ​ស៊ុត​បាល់​ទាប ពី​ក្បែរ​កន្លែង​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ចូលទៅក្នុង​ជ្រុង​ម្ខាង​នៃ​បង្គោល​ទី​បានសម្រេច​។​

ក្រុម​ភ្ញៀវ​ដែល​កំពុង​ឈរ​នៅ​បាត​តារាង Serie A មានតែ​២​ពិន្ទុ​ពេញ​មួយ​១​រដូវ​កាលនោះ បាន​ប្រឹងប្រែង​វាយបក​វិញ​ខ្លាំងណាស់ ប៉ុន្តែ​ពួកគេ​កាន់តែ​ជួប​បញ្ហា​ថែម​មួយកម្រិត​ទៀត ពេលដែល​កីឡាករ Nicola Rigoni ត្រូវបាន​អាជ្ញាកណ្តាល​បណ្តេញ​ចេញពី​ការប្រកួត សម្រាប់​កាត​លឿង​២​លើក នៅ​នាទី​៧៦​។

នៅ​ទីបញ្ចប់​ក្រុម Inter Milan​សម្រេចបាន​ជ័យជំនះ​របស់​ពួកគេ ពេលដែល​កីឡាករ Perisic ដែល​បាន​ស៊ុត​បាល់​ប៉ះចំ​បង្គោល​ទី​ដែរនោះ បាន​ពេន​មួយ​ជើង​បានសម្រេច ក្រោយ​កីឡាករ Cedric Soares ស៊ុត​បាល់​ប៉ះ​របារ​ទី​ដូចគ្នា​៕