ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប Brighton សម្រេចចិត្ត​យ៉ាង​ពិបាក​ក្នុង​ការបណ្តេញ​រូបលោក Chris Hughton ចេញពី​តំណែង​អ្នកចាត់ការ​

ក្លិប Brighton បាន​បណ្តេញ​លោក Chris Hughton ចេញពី​តំណែង​អ្នកចាត់ការ​កាលពី​ថ្ងៃ​ចន្ទ នូវ​អ្វីដែល​លោក​ប្រធាន Tony Bloom រៀបរាប់ថា វា​គឺជា​ការសម្រេចចិត្ត​ដ៏​ពិបាក​បំផុត​ដែល​លោក​មិន​ធ្លាប់​ដែល​បង្កើត​កាល​ពីមុនមក​។

លោក Hughton បាន​ចាក​ចេញទៅ ថ្វីត្បិតតែ​បាន​ដឹកនាំ​ក្រុម Brighton​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ FA Cup​ក៏ដោយ ហើយ​និង​រក្សាបាន​ស្ថាន​ការ​របស់​ពួកគេ​នៅ​ក្របខណ្ឌ Premier League​សម្រាប់​រដូវ​កាល​ទី​២​ជាប់ៗ​គ្នា​។

ការសម្រេចចិត្ត​នេះដែរ បានក្លាយ​ជាការ​ភ្ញាក់ផ្អើល​មួយ​សម្រាប់​លោក Hughton វ័យ​៦០​ឆ្នាំ ដែល​បាន​និយាយ​ពី​បំណង​របស់លោក​ដល់​ក្រុម​កីឡាករ​ឲ្យ​តាំងចិត្ត​ឡើងវិញ ក្រោយ​បរាជ័យ​១-៤​នៅ​ថ្ងៃ​ផ្តាច់ព្រ័ត្រ​នៃ​រដូវ​កាល​ជាមួយ​ក្រុម Man City​កាលពី​ថ្ងៃអាទិត្យ ។

ទោះបីជា​យ៉ាងណាក៏ដោយ ការធ្លាក់ចុះ​ទម្រង់​លេង​របស់​ក្រុម​នៅ​ដំណាក់កាល​ក្រោយៗ​នៃ​រដូវ​កាល ដែល​មើលឃើញ​ក្រុម Brighton ធ្លាក់​ទៅក្នុង​សង្គ្រាម​រស់រាន​នៅ​បាត​តារាង​នោះ អាចជា​ដើមចម​ដ៏​សំខាន់​ដែល​នាំ​ឲ្យ​លោក Hughton បាត់បង់​ការងារ​ធ្វើបែបនេះ​។

លោក Bloom បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ច្បាស់​ណាស់​ថា វា​ស្ថិតនៅ​ក្នុងចំណោម​ការសម្រេច​ចិត្ត​ដ៏​ពិបាក​បំផុត​របស់លោក​ធ្លាប់​បង្កើតឡើង​ក្នុងនាម​ជា​ប្រធាន​ក្លិប​Brighton ប៉ុន្តែ​លោក​ត្រូវតែ​ធ្វើបែបនេះ ដោយសារតែ​មើលឃើញ​ពី​ការលេង​ដ៏​ត្រ​ដាប​ត្រ​ដួល​របស់​ក្រុម​នៅ​ពាក់កណ្តាល​ទី​២​នៃ​រដូវ​កាល​។

ខណៈនោះ​ដែរ អ្នកចាត់ការ​របស់​ក្លិប Swansea​លោក Graham Potter បាន​ក្លាយជា​បេក្ខជន​ឈានមុខ​គេ​ក្នុងការ​ទទួលយក​ការងារ​បង្វឹក​នៅ​ក្លិប Brighton៕