ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​ម្នាក់​ស្រវឹងស្រា​ជោកជាំ ជិះ​ម៉ូតូ​រេ​ពេញ​ផ្លូវ​ ជ្រុល​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​របួសធ្ងន់​ទាំង​២​នាក់

រតនគិរី​ ៖ ម៉ូតូ​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​ ខណៈ​បើកបរ​មិន​ប្រកាន់​ស្តាំ បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រង​របួស​ធ្ងន់។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២៥​នាទី​យប់ ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩ ត្រង់ចំណុច​មុខផ្ទះ​ឈ្មោះ​ញុ​ង​ហុង លើ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ ស្ថិត​ក្នុង​ភូមិ​សា​យ៉ស់ ឃុំ​កា​ឡែ​ង ស្រុក​លំផាត់ ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ពី​លិច​ទៅ​កើត។

មន្ត្រី​នគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹងថា ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​ឆ្នាំ​2015 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី 1A-2160 បើកបរ​ដោយ​ឈ្មោះ សេង សា​បុត្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ទំ​ពួ​ន មុខរបរ​កសិករ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ រង​របួស​ធ្ងន់​ ជិះ​​​ពី​កើ​តទៅ​លិច​។​

អ្នកបើកបរ​ម៉ូតូ​ភាគី​ម្ខាង​ទៀត​ឈ្មោះ ម៉ា​ហែង ញៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ទំ​ពួ​ន រងរបួស​ធ្ងន់ រស់នៅ​ភូមិ​/​ឃុំ​ជាមួយគ្នា មុខរបរ​កសិករ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​ឆ្លាម ពណ៌​ខ្មៅ អត់​ស្លាក​លេខ។

​មន្ត្រី​នគរបាល​បាន​បន្តថា មូលហេតុ ម៉ូតូ​វ៉េវ​ឆ្លាម​បើកបរ​មិន​ប្រកាន់​ស្តាំ បាន​ជ្រុល​ចង្កូត​ទៅបុក​នឹង​ម៉ូតូ​មួយគ្រឿង​ កំពុង​ធ្វើ​ចរាចរណ៍​បញ្ច្រាស​គ្នា សង្ស័យ​ស្រវឹងស្រា​ជោក​។ ក្រោយ​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​ បាន​ចុះ​ត្រួតពិនិត្យ​កន្លែងកើតហេតុ​ ​ដកហូត​វត្ថុតាង​ម៉ូតូ​ចំនួន​២​គ្រឿង​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​បណ្តោះអាសន្ន​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។​

​ដោយឡែក​ជនរងគ្រោះ​របួស​ធ្ងន់​ទាំង​២​នាក់ ត្រូវបាន​សាច់ញាតិ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត រៀងៗ​ខ្លួន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114