ព័ត៍មានទាន់​ហេតុការណ៏
Search

ជើង​ខ្លាំង​៤​រូប​ ជួបគ្នា​ដណ្តើមរ​ង្វាន់​ប្រាក់​លាន​បាយ័ន​

អ្នក​ប្រដាល់​ជើង​ខ្លាំង​ទម្ងន់​៦៣,៥០០​គីឡូក្រាម៤រូប នឹងត្រូវ​ជួប​ប្រកួត​គ្នា​ដណ្តើម​ពានរង្វាន់​ប្រាក់​លាន​របស់​ទូរទស្សន៍​បាយ័ន នា​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​១៨​ ខែ​ឧសភា​ ឆ្នាំ​២០១៩​នេះ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។​

អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូបនោះ គឺ​វេ​ង សុ​ភ័​ក្រ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ , វ៉ែន ហុង​ជី​វ៉ុ​ង អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ , សោម វិឆ័យ អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ និង ឡុង បេន​លឿន អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា។

ពួកគេ​ទាំង​៤ ត្រូវ​ប្រកួត​គ្នា​តាម​រូបមន្ត​ម៉ា​រ៉ា​តុង គឺ​ចាញ់​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត រហូត​រកឃើញ​អ្នក​ជាប់​លេខ​១​ជា​ម្ចាស់​ពានរង្វាន់។​
​ ​
សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូបនេះ គឺ​វេ​ង សុ​ភ័​ក្រ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​វ៉ែន ហុង​ជី​វ៉ុ​ង ពួកគេ​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​ទេ កាលពីពេល​កន្លងមក។

រវាង​ពីរ​នាក់​នេះ បើតាម​កម្រិត​សមត្ថភាព​បច្ចេកទេស និង​កាយសម្បទា​របស់​ពួកគេ​ទាំងពីរ​នេះ ឃើញថា​ប្រហាក់ប្រហែលគ្នា តែ​ស្នៀតគុន​និង​កលល្បិច​គឺ​ចាញ់​វេ​ង សុ​ភ័​ក្រ ទេ។ ទោះជា​យ៉ាងណា សម្រាប់​ការជួបគ្នា​លើក​នេះ មិនអាច​ទស្សន៍ទាយ​មុន​បាន​ថា អ្នកណា​ហាលអាវ អ្នកណា​ឡើងទៅ​ផ្ដាច់ព្រ័ត្រ​នោះឡើយ។​

​ចំពោះ​អ្នក​ប្រដាល់​ជើងចាស់ សោម វិឆ័យ គេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី​ឡុង បេន​លឿន ។ ពួកគេ​ទាំងពីរ​នេះ ក៏​មិន​ធ្លាប់​ជួបគ្នា​ដែរ​កន្លងមក ដោយសារ​ឡុង បេន​លឿន ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ទើប​ឡើង​ប្រកួត​ក្រោយ​សោម វិឆ័យ​នោះ។ ពួកគេ​ទាំងពីរ​នាក់​នេះ មាន​ថ្វីដៃ​ល្អ ហើយ​ខ្លាំង​និង​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ​ដូចគ្នា។ យ៉ាងណា ប៉ះគ្នា​ជាមួយ​ឡុង បេន​លឿន​លើក​នេះ សោម វិឆ័យ ថ្វិ​ត្បិតតែ​ជា​ជើងចាស់ ប៉ុន្តែ​អាចមាន​សំណាង​តិចតួច​បំផុត​ក្នុងការ​ឈ្នះ​ឡុង​បេន​លឿន នោះ។​ ​

ប៉ុន្តែ​ទោះជា​យ៉ាងណា រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូបនេះ ទោះបីជា​មិនដឹងថា អ្នកណា​ជ្រុះ​ធ្លាក់ អ្នកណា​នឹង​បាន​ឡើង​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​អ្នកណា​នឹង​ក្លាយជា​ម្ចាស់​ពានរង្វាន់​នេះ​ក្តី ក៏​គេ​មើលឃើញ​មុន​ថា វេ​ង សុ​ភ័​ក្រ និង ឡុង បេន​លឿន អាច​នឹង​ជួបគ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ប្រជែង​គ្នា​យកពាន​រង្វាន់​នេះ។​

សូមបញ្ជាក់ថា ការប្រកួត​ចែកចេញជា​ពីរ​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១​ប្រកួត​ជម្រុះ ដើម្បី​ជម្រុះ​ចោល​ពីរ​នាក់​ដែល​ចាញ់ៗ ហើយពីរ​នាក់​ដែល​ឈ្នះ​នោះ ត្រូវ​ឡើងទៅ​ជួបគ្នា​ក្នុងដំណាក់កាល​ទី​២ ដែលជា​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​អនុស្សាវរីយ៍​របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន ។​
​ ​
ការប្រកួត​ក្នុងដំណាក់កាល​ទី​១ គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ​ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី និង​ការប្រកួត​ក្នុងដំណាក់កាល​ផ្តាច់ព្រ័ត្រ គឺ​វាយ​៥​ទឹក តែមួយ​ទឹក​វាយ​តែ​២​នាទី​ទេ ។​
​ក្រៅពី​គូ​ដណ្តើម​ពានរង្វាន់​នេះ ធឹ​ម ទាន់ អ្នក​ប្រដាល់​ជើង​ខ្លាំង នៃ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ នឹង​ជួប​ប្រកួត​ជាមួយ សល់ ពិសិដ្ឋ អ្នក​ប្រដាល់​ជើងចាស់​ក្លិប​កុសល​កីឡា ។ ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។​

ពីរ​នាក់​នេះ មិនដែល​ប៉ះគ្នា​ទេ​កន្លងមក ។ សម្រាប់​ការជួប​ប្រកួត​គ្នា​លើកដំបូង​នេះ មិនដឹងថា សល់ ពិសិដ្ឋ គេ​អាច​វាយ​ឈ្នះ​ធឹ​ម ទាន់ ឬ​អត់​នោះទេ​? ព្រោះ​ធឹ​ម ទាន់ គេ​មាន​វ័យក្មេង​ជាង កម្លាំងកាយ​សម្បទា​រឹងមាំ​និង​ខ្លាំង​ជាង​ពិសិដ្ឋ ។​

ប៉ុន្តែ​យ៉ាងណា សល់ ពិសិដ្ឋ គេ​ក៏​ធ្លាប់ជា​ជើង​ខ្លាំង​ម្នាក់​ដែរ ក្នុង​ពិភព​ប្រដាល់​គុន​ខ្មែរ​នេះ ហើយក៏​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ជើង​ខ្លាំង​ជើងចាស់​ច្រើន​នាក់​មកហើយ​ដែរ ។ យ៉ាងណា មកជួប​ជាមួយ ធឹ​ម ទាន់ នេះ ក៏​រាង​យ៉ាប់​និង​សង្ឃឹម​ឈ្នះ មាន​តិចតួច​ណាស់ ។​

វ៉ិ​ត ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​កងរាជអាវុធហត្ថ​ស្រុក​រុក្ខ​គិរី ត្រូវ​ជួប​ប្រកួត​ជាមួយ អេ រ៉ៃ​យ៉ា​ក្លិប​អេ​ភូ​ថង​កីឡា ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម ហើយ​រិ​ទ្ធ វៀច ក្លិប​អាណាចក្រ​គុន​ខ្មែរ ប្រកួត​ជាមួយ​អេ​លី​ត​ប៊ុន​រ៉ា​ត ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥១​គីឡូក្រាម៕

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114