ព័ត៍មានទាន់​ហេតុការណ៏
Search

ចាន់ សំអាត ជួប ភេត ណ​យ ឯ សូត្រ ប៊ុន​ធី ជួប ស៊ុប​ភើ ពិ​ក ក្នុង​ជម្រុះ​ខ្សែក្រវាត់​Carabao ជុំ​ទី​១ នៅ​SEATV

ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Carabao ទម្ងន់​៦០​គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​១៨ ខែ​ឧសភា​ ឆ្នាំ​២០១៩​នេះ ជាការ​ប្រកួត​សប្ដាហ៍​ទី​២ ជុំ​ទី​១ រវាង​អ្នក​ប្រដាល់​កម្ពុជា​ចាន់ សំអាត ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង និង​អ្នក​ប្រដាល់​ថៃ​ភេត ណ​យ​(Phat Nouy) ហើយ អ្នក​ប្រដាល់​កម្ពុជា​សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក ជួប អ្នក​ប្រដាល់​ថៃ ស៊ុប​ភើ ពិ​ក​(Super Pek)។​

​ចាន់ សំអាត និង ភេត ណ​យ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក​។ តែ​យ៉ាងណា ចាន់ សំអាត​គេ​មាន​តែម​និង​ប្រៀប​ជាង ភេត ណ​យ ត្រង់​គេ​មានបទពិសោធន៍​ប្រកួត​ច្រើនជាង តែ​សំអាត​ចាញ់​តែម​ភេត ណ​យ​ត្រង់​កម្ពស់​ទាប​ជាង។​

ភេត ណ​យ គេ​ខ្ពស់ជាង​សំអាត​បន្តិច​គឺ​១,៧១​ម៉ែត្រ ខ​ណះ​ដែល​ចាន់ សំអាត គេ​១,៦៨​ម៉ែត្រ​នោះ​។ ចំពោះ​សមត្ថភាព​វិញ គឺ​ប្រហាក់ប្រហែលគ្នា​ទេ ប៉ុន្តែ​ភេត ណ​យ ចាញ់​បទពិសោធន៍​ និង​កំណត់ត្រា​ចាន់ សំអាត។​

​ភេត ណ​យ គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​តែ​៦៥​លើក​ប៉ុណ្ណោះ ក្នុងនោះ​ឈ្នះ​៥៤​លើក និង ចាញ់​១១​លើក មិនដែល​ស្មើ​។ ចំណែក ចាន់ សំអាត គេ​មាន​កំណត់ត្រា​ប្រកួត​៧៧​លើក ឈ្នះ​៥៨​លើក ចាញ់​១៦​លើក និង​ស្មើ​០៣​លើក។​

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ។​

ចំពោះ​ការជួបគ្នា​រវាង​សូត្រ ប៊ុន​ធី និង ស៊ុប​ភើ ពិ​ក វិញ ប្រហែលជា​មិន​ពិបាក​ទស្សន៍ទាយ​ប៉ុន្មាន​ទេ ព្រោះ ស៊ុប​ភើ ពិ​ក នេះ មិនជា​ខ្លាំង​នោះទេ ដែល​កាលពី​មក​ប្រកួត​លើក​មុន​កន្លងមក​ថ្មីៗ​នេះ អ្នក​ប្រដាល់​ថៃ​រូបនេះ​ត្រូវ​សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ​វាយ​អោយ​សន្លប់​ក្នុង​ទឹក​ទី​២។ ដូច្នេះ ស៊ុប​ភើ ពិ​ក ទម្រាំ​ជួប​ជាមួយ​សូត្រ ប៊ុន​ធី​ទៀត​នោះ គេ​ប្រហែលជា​មិនអាច​ឈ្នះ​សូត្រ ប៊ុន​ធី បាន​ឡើយ។

សូត្រ ប៊ុន​ធី មាន​កាយសម្បទា​អំណោយផល​ល្អ គឺ​ខ្ពស់ ដៃ​វែង ជើងវែង ដែល​អាច​ប្រើ​ស្នៀត​ទាត់ ធាត់ ជង្គង់ ឬ​កែង ប្រកបដោយ​ប្រសិទ្ធ​ភាពល្អ។
​យ៉ាងណា ប៊ុន​ធី គេ​ក៏​មិនត្រូវ​មើលស្រាល​ចំពោះ​ស៊ុប​ភើ ពិ​ក ដែរ ដោយសារ​ការប្រកួត​ពុំ​អាច​ទាយ​មុន​បានទេ។ តែ​យ៉ាងណា សម្រាប់​ការប្រកួត​នៅ​ជុំ​ទី​១​នេះ ក្រុមអ្នកវិភាគ​កីឡាប្រដាល់​ក្នុងស្រុក នៅតែ​ជឿជាក់ថា​សូត្រ ប៊ុន​ធី អាច​នឹង​ឈ្នះ​ស៊ុប​ភើ ពិ​ក ដដែល។​

សូត្រ ប៊ុន​ធី គេ​មាន​ប្រវត្តិ​ប្រកួត​១០៤​លើក ឈ្នះ​៧៨​លើក ចាញ់​២២​លើក និង ស្មើ​០៤​លើក។ ឯ ស៊ុប​ភើ ពិ​ក គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៧​លើក ឈ្នះ​៦៨​លើក ចាញ់​១៩​លើក និង​មិនដែល​ស្មើ។ យ៉ាងណា​សម្រាប់​ការប្រកួត​ជុំ​ទី​១​នេះ គេ​រំពឹងថា សូត្រ ប៊ុន​ធី នឹង​រកបាន​៣​ពិន្ទុ​មិន​ខាន ក្នុង​ការជួប​ស៊ុប​ភើ ពិ​ក នេះ។​

សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៩ ទម្ងន់​៦០​គីឡូក្រាម​លើក​នេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ​ចំនួន ៨ រូប ចូលរួម​ប្រកួត គឺ​ខ្មែរ​៤​នាក់ ថៃ​៤​នាក់ ។ អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​នាក់​នោះ រួមមាន វៀត ប៊ុន​ឌឿ​ន សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​, សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ​, ចាន់ សំអាត​ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក ។ ឯ អ្នក​ប្រដាល់​ថៃ ៤ នាក់​វិញ មាន​ខាន់​ថេប​( Khan Thep) , ភុ​ត ភេត​ណ​យ​(Phut Phat Noy), ឆ័យ យ៉ូ​( Chhai Yo) និង ស៊ុប​ពើ​ពែ​ក​(Super Pek) ។​

ចំពោះ​ការ​ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ ឃឹម ពេជ្រ​ចិន្តា អ្នក​ប្រដាល់​ជើងចាស់​ក្លិប​កុលបុត្រ​គុន​ខ្មែរ ត្រូវគេ​ផ្តល់​ឪ​កាស​អោយ​ជួប​ប្រកួត​សងសឹក​ជាមួយ​អ៊ុំ កំសត់ អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ។ សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ គេ​មិន​រំពឹងថា ឃឹម ពេជ្រ​ចិន្តា​អាច​សងសឹក​អ៊ុំ កំសត់ បានសម្រេច​នោះឡើយ ព្រោះ​អ៊ុំ កំសត់ ស៊ូ​ជាង និង​មាន​ផ្លែ​ល្អ​ជាង​ចិន្តា ហើយ​មួយទៀត​ចិន្តា គេ​ឆាប់​ចុះខ្សោយ​កម្លាំង​ថែមទៀត ។​

ពុទ្ធ សំបូរ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា នឹង​ជួប​ប្រកួត​ជាមួយ សេក ចៅ​ជូត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​។ ពួកគេ​ពីរ​នាក់​នេះ មិនដែល​ជួបគ្នា​ទេ​កន្លងមក ។​ពួកគេ​ជួបគ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។ ចាំមើល រវាង ពុទ្ធ សំបូរ និង សេក ចៅ​ជូត នេះ តើន​រណា​ឈ្នះ?៕