ព័ត៍មានទាន់​ហេតុការណ៏
Search

សាឡង់​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​សា​វី​មិច​១គ្រឿង ​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ដោយ​មិន​ដឹង​មូលហេតុ​

ភ្នំពេញ​ ៖ ​សា​ឡង់​ដឹក​ប្រេង​មួយ​គ្រឿង​ របស់​ក្រុមហ៊ុន​សា​វី​មិច បាន​ផ្ទុះ​ឆេះ ​ខណៈ​ដែល​កំពុងតែ​បូម​ប្រេង​ដាក់ ស្តុក​ក្នុង​ឃ្លាំង ដោយ​មិន​ដឹង​មូលហេតុ។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង១៥​នាទី​ព្រឹក ​ថ្ងៃទី​១៥ ​ខែឧសភា ​ឆ្នាំ​២០១៩​នៅ​ចំណុច​ច្រាំង​ទន្លេសាប​ក្រោយ​ឃ្លាំង​ប្រេង​ក្រុមហ៊ុន​សា​វី​ម៉ិច ​ស្ថិតនៅ​ក្រុមទី១ ភូមិ​ស្ពាន​ខ្ពស់​សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌ​ឫស្សី​កែវ​ រាជធានី​ភ្នំពេញ។​

បន្ទាប់ពី​មាន​អគ្គិភ័យ​ឆាបឆេះ​សា​ឡង់​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​សា​វី​មិច​ ក៏​មាន​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ និង​អាជ្ញាធរ​មូលដ្ឋាន​ ក៏​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន៩​គ្រឿង​ទៅ​បាញ់​ពន្លត់​អស់​៥​គ្រឿង​ និង​អូប័រ​​បាញ់​ទឹក​ចំនួន​២​គ្រឿង​ ទើប​បាញ់​រលត់​ជា​ស្ថាពរ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ។​

ជំហាន​ដំបូង​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ខូចខាត​អស់​កប៉ាល់​មួយគ្រឿង​ និង​ប្រេង​ចំនួន១០ ម៉ឺន​លីត្រ ហើយ​នៅ​ក្នុង​ហេតុការណ៍​នោះ​ បណ្ដាលឲ្យ​របួស​មនុស្ស​ម្នាក់ និង​បាត់​ខ្លួន​ម្នាក់ ប៉ុន្តែ​ក្រោយមក​មនុស្ស​ដែល​ថា​បាត់​ខ្លួន​នោះ បាន​លោត​ធ្លាក់ទឹក ​គ្រាន់តែ​រង​របួស​ស្រាល​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ឈ្មោះ ឡេ​ហង​យ៉ាង ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ ​អ្នក​របួស​ធ្ងន់​ ទៅ​សម្រាក​ព្យាបាល​នៅ​ប្រទេស​វៀតណាម ឈ្មោះ ចាង វ៉ាង​មិន​ ភេទ​ប្រុស ​អាយុ​៤០​ឆ្នាំ ទាំង​២​នាក់ ​ជា​បុគ្គលិក​បច្ចេកទេស​នៅ​ក្នុង​សាឡង់។

ភ្លាមៗ​គេ​មិនទាន់​ដឹងថា ​ករណី​ឆេះ​សា​ឡង់​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​សា​វី​មិច​នេះ​ ដោយ​មូល​ហេតុអ្វី​ច្បាស់​លាស់​នោះទេ​ ប៉ុន្តែ​ខណៈ​ពេល​នេះ​ គេ​កំពុង​តែធ្វើការ​ស្រាវជ្រាវ រក​មូលហេតុ​ពិត​ នៃ​ការ​បណ្ដាលឲ្យ​ឆេះ។​

បើតាម​កម្មករ​នៅក្នុង​សា​ឡង់​ដឹក​ប្រេង​បាន​ឲ្យ​ដឹង​ថា ​មុននឹង​ឆេះ​កប៉ាល់​ដឹក​ប្រេង​នេះ​ គឺ​ពួកគេ​មាន​បុគ្គលិក​៦​នាក់ ​កំពុងតែ​បូម​ប្រេង​ដាក់​នៅ​ស្តុក​នៅក្នុង​ឃ្លាំង ​ក្រោយមក​ក៏បាន​ផ្ទុះ​នៅ​កន្លែង​បូម​ប្រេង​បណ្ដាលឲ្យ​ឆេះ​រាលដាល​តែម្តង ពេល​នោះ​ គេ​ក៏បាន​ស្រាយ​ខ្សែ​ឲ្យ​អណ្តែត​ទៅ​កណ្តាល​ទន្លេ ទើប​មិន​រាលដាល​ដល់​ឃ្លាំង​ស្តុក​ប្រេង៕

 ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114