ព័ត៍មានទាន់​ហេតុការណ៏
Search

ខំ​បើក​គេច​រថយន្ត​មួយ​គ្រឿង​ដែល​បញ្ច្រាស​ទិស​ ​មកពី​មុខ បែរជា​ជាន់​ហ្គែ​រ​ច្រឡំ​ថា​ហ្វ្រាំង បុក​ចូល​ផ្ទះ​ពលរដ្ឋ​ របួសធ្ងន់​ម្នាក់​

ភ្នំពេញ ​៖​ ដោយសារ​ខំ​គេច​រថយន្ត​បញ្ច្រាស​ទិស​មកពី​ខាងមុខ បុរស​ម្នាក់​ភ័យ​ស្លន់ស្លោ បើក​រថយន្ត​ច្រឡំ​ជាន់​ហ្គែ​រថា​ជា​ហ្វ្រាំង ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ពលរដ្ឋ​បណ្ដាល​ឲ្យ​របួសធ្ងន់​ស្ត្រី​ម្នាក់ កាលពី​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​អង្គារ ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ក្នុង​ភូមិ​ក្បាលដំរី សង្កាត់​កាកាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

រថយន្ត​បង្ក​ម៉ាក​កាមរី​ឆ្លាម​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-0754 បើកបរ​ដោយ​បុរស​ម្នាក់ (​មិនទាន់​ស្គាល់​អត្តសញ្ញាណ​) និង​អ្នក​រួម​ដំណើរ​៤​ទៅ​៥​នាក់​ទៀត ជា​លក្ខណៈ​ក្រុម​គ្រួសារ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​បង្ក​បាន​បើកបរ ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ខណៈ​មកដល់​ចំណុច​កន្លែង​កើតហេតុ​ ក៏​រេ​ចង្កូត​ជ្រុល​ទៅ​ខាង​ស្ដាំ​ដៃ​ បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ត្រូវជា​ប្រពន្ធ​ម្ចាស់​រថយន្ត​បង្ក​) រង​របួស​ធ្ងន់ ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ឯ​ទ្វារ​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ។

បើ​តាម​សម្ដី​​តៃកុង​រថយន្ត​បង្ក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មូលហេតុ​បណ្ដាល​ឲ្យ​គាត់​បើក​រថយន្ត​បុក​ចូល​ផ្ទះ​គេ​បែបនេះ​ ដោយសារ​គេច​ពី​រថយន្ត​ផ្សេងទៀត ​ដែល​បើក​បញ្ច្រាស​ទិស​ចរាចរណ៍ ​ធ្វើ​ឲ្យ​គាត់​ខំ​ជាន់​ហ្រាំ្វ​ង​ តែ​ច្រឡំ​ជាន់​ហ្គែរ​ ទើប​ធ្វើ​ឲ្យ​បោល​ទៅ​បុក​ទ្វារផ្ទះ​ប្រជាពលរដ្ឋ​ឲ្យ​ខូចខាត​បែបនេះ​តែម្ដង។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះ​មក​ដល់​កន្លែង​ និង​បាន​ឲ្យ​ភាគី​ទាំងសងខាង​សម្របសម្រួល​គ្នា ​ហើយ​មួយសន្ទុះ​ក្រោយមក​ ទើប​ភាគី​ខាង​រថយន្ត​បង្ក​ព្រម​ចេញ​ថ្លៃ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ភាគី​ខាង​ម្ចាស់ផ្ទះ​ទាំងស្រុង​ ដើម្បី​បញ្ចប់​រឿង​នៅ​នឹង​កន្លែង​កើតហេតុ​តែ​ម្ដង​ កុំ​ឲ្យ​រំខាន​ដល់​សមត្ថកិច្ច​យូរ​តទៅទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114