ព័ត៍មានទាន់​ហេតុការណ៏
Search

សំអាង​លើ​ច្បាប់ ​មេ​ឈ្មួញ​ ហេង​ អេង​ សុខចិត្ត​ដឹក​ដី​បំពាន​លើ​សិទ្ធិ​ពលរដ្ឋ​ ធ្វើឲ្យ​អាជ្ញាធរ​ភូមិ/​ឃុំ​ឈឺ​ក្បាល​ និង​ផ្តាំ​ពលរដ្ឋ​ថា​ ឈប់​លក់​ដីស្រែ​ឲ្យ​ក្រុមហ៊ុន​១​ហ្នឹង​ទៀត​

​បាត់ដំបង ៖ ក្រុមហ៊ុន​ដឹក​អាចម៍​ដី​លក់​របស់​ក្រុមហ៊ុន​មួយ ​ដែល​គេ​ស្គាល់​ពេញ​ខេត្ត​ថា​ ជា​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ​ឈ្មោះ​ ហេង​ អេង ​កំពុង​តែ​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ទី​កន្លែង​រអ៊ូរទាំ​ ខណៈ​ដែល​ក្រុមហ៊ុន​១​នេះ​ដឹក​ដី​ប្រើ​ល្បឿន​លឿន​បង្ក​ការភ័យខ្លាច​ដល់​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ ដែល​រស់​តាម​ដង​ផ្លូវ​លំ​ និង​ធ្វើឲ្យ​ហុយ​ដី​ពាសពេញ​ក្នុងភូមិ​ រួម​នឹង​ធ្វើឲ្យ​ផ្លូវ​ខូចខាត​ផងដែរ​។​

បញ្ហា​ខាងលើ​ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ធ្លាប់បាន​តវ៉ា​ និង​សំណូមពរ​តាមរយៈ​កម្ពុ​ជាថ្មី​ឲ្យ​ចុះផ្សាយ​ម្តង​រួចហើយ​ កាលពីពេល​ថ្មីៗ​កន្លងទៅ ​នៅ​ចំណុច​ភូមិ​ច្រាប​ក្រសាំង​សង្កាត់​វត្ត​គរ​ ក្រុង​បាត់ដំបង​។ ​កាលណោះ​ ដោយសារ​តែ​អាជ្ញាធរ​ភូមិ/​ឃុំ​តម្រូវការ​តាម​មតិ​ប្រជា​ពលរដ្ឋ​លោក​ចៅសង្កាត់​វត្ត​គរ​ បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា​ លោក​បាន​ធ្វើ​លិខិត​អនុញ្ញាត​ផ្តល់​សិទ្ធិ​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ ​ដើម្បី​ទប់ស្កាត់​ក្នុងករណីនេះ ​បើសិន​ក្រុមហ៊ុន​ដឹក​ដី​ខាងលើ​នៅតែ​បំពាន ​បើទោះបី​ក្រុមហ៊ុន​នោះ​សំអាង​លើ​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ក៏ដោយចុះ ​ផលប៉ះពាល់​គឺជា​រឿង​ដោយឡែក​ដែល​ពលរដ្ឋ​ជា​មតិ​ភាគច្រើន ​ត្រូវតែ​ប្រើ​សិទ្ធិ​តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន​ផ្តល់​ឲ្យ​។​ ចំណាត់ការ​គាំទ្រ​ពលរដ្ឋ​របស់លោក​ចៅសង្កាត់​វត្ត​គរ​ខាងលើ​នេះហើយ​ ទើប​ធ្វើឲ្យ​មេ​ឈ្មួញ​ហេង​​អេង​ ដាក់​មេ​ផាយ​ទៅ​កកាយ​កន្លែង​ផ្សេង​ ហើយ​ពលរដ្ឋ​ក៏បាន​ថ្លែងអំណរគុណ​ដល់​អង្គភាព​កម្ពុ​ជាថ្មី​ផង​ដែរ​។​

រហូតមកដល់​ពេលនេះ​ ក្រុមហ៊ុន​១​នេះ​ ក៏​ពុំ​ទាន់​បាន​សុខ​ស្រួល​នៅឡើយ ​ខណៈ​ដែល​ក្រុមហ៊ុន​នេះ​ទៅ​បន្ត​សកម្មភាព​នៅ​កន្លែង​ផ្សេងទៀត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្តៅ​ក្រហាយ​នៅ​មិន​សុខ​បាន​ពឹង​ពាក់​អ្នក​សារព័ត៌មាន​ពាំនាំ​ក្តីកង្វល់​របស់​ពួកគាត់​ទៅ​ថ្នាក់ដឹកនាំ​ខេត្ត​ ក៏ដូចជា​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ម្តង​ទៀត ​ហើយ​ដោយសារ​តែ​ក្រុមហ៊ុន​ខាងលើនេះ ​ធ្វើ​សកម្មភាព​ដដែលៗ​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្ទើរ​ពេញ​ខេត្ត​បាត់​ដំបង​ គ្រាន់តែ​ឮ ឈ្មោះ ​ហេង​ អេង​ នេះ​ ពួកគាត់​មិន​សប្បាយចិត្ត​ទាល់តែសោះ​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​មន្ត្រី​ល្អៗ​ក្នុង​ខេត្ត​បាត់ដំបង​ ដែល​កំពុង​យកចិត្ត​ពលរដ្ឋ​ផង​ដែរ ​ធ្វើ​ឲ្យ​ពលរដ្ឋ​អស់​ទំនុក​ចិត្ត​នា​ថ្ងៃ​ខាងមុខ​។

​ក្រោយពី​ ក្រុមហ៊ុន​ ហេង អេង ​បញ្ចប់​សកម្មភាព​នៅ​ក្នុង​សង្កាត់​វត្ត​គរ​ក្រុមហ៊ុន​នេះ ​បាន​ទៅ​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់​ក្នុង​ភូមិ​បាឡាត់​ឃុំ​ន​រា​ ត្រង់​ចំណុច​ទួល​ប៉ា​គោ​ស្រុក​ឯក​ភ្នំ​ និង​ចូល​លើ​ទឹក​ដី​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ផង​។

ប្រជាពលរដ្ឋ​ ឈ្មោះ​ថាប់ សឿ​ប ​អាយុ​៥៧​ឆ្នាំ​ រស់នៅ​ត្រង់​ចំណុច​ និង​ភូមិ​ឃុំ​ខាងលើ​បាន​ត្អូញត្អែរ​ប្រាប់​អ្នក​សារព័ត៌មាន ​កាលពី​រសៀល​ថ្ងៃទី​១៤​ឧសភា​ថា​ ក្រុម​គ្រួសារ​លោក​ក៏ដូចជា​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​ផងដែរ​កំពុងតែ​ជួប​ផល​លំបាក​រឿង​ដី​ហុយ​ចូល​ពេញ​ផ្ទះ​ពេលណា​ក្រុមហ៊ុន​នឹកឃើញ​ស្រោច​ទឹក​ម្ដងម្កាល ​ក៏​បាត់​ហុយ​១​ថ្ងៃ​ដែរ​ ហើយ ​អ្វីដែល​ធ្វើឲ្យ​គាត់​សំណូមពរ​យ៉ាង​ទទូច​នោះ ​គឺ​ល្បឿន​រថយន្ត​ដឹក​ដី​បាន​ប្រើ​ល្បឿន​លឿនៗ​ណាស់​ដែលនាំអោយ​បាក់ស្រុត​ផ្លូវ​ឈាន​ដល់​បាក់​លូ​ទៀត​ផង​។ ​ពាក់ព័ន្ធ​នឹង​ល្បឿន​លឿន​នេះដែរ ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​ថត​រថយន្ត​ តែ​ត្រូវបាន​អ្នកបើកបរ​បើកទ្វារ​រថយន្ត​ ហើយ​ស្រែក​ប្រាប់​អ្នក​សារព័ត៌មាន​ថា ឲ្យ​ថតរូប​គេ​ផង​ កុំ​ថត​តែ​រថយន្ត​និង​គ្រឿងចក្រ​។

​លោក​ ជុំ គឹម​សេង​ ជា​មេឃុំ​ន​រា​បាន​ប្រតិកម្ម​ នឹង​សម្តី​ជា​បើកបរ​ថា​ ក្នុងនាម​ជា​ឈ្មួញ​អ្នករក​ស៊ី​ប្រើ​សម្ដី​បែបនេះ​មិន​ត្រឹមត្រូវ​ទេ ​តែ​បើ​មេ​ឈ្មួញ​ចេះ​យកចិត្ត ​និង​តាម​តម្រូវការ​ចិត្ត​ពលរដ្ឋ​គួរ​ពិនិត្យមើល​ឡើងវិញ​ថា ​តើ​មាន​អ្វីខ្លះ​ដែល​ជា​កត្តា​ប៉ះពាល់​ដល់​ផ្លូវចិត្ត ​និង​ការរស់នៅ​របស់​ពលរដ្ឋ​ទើប​ជា​ការ​ចូល​រួម​ទាំង​លើ​ឆន្ទៈ​ និង​ច្បាប់​អាជីវកម្ម​។​

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ កម្ពុ​ជាថ្មី​មិនបាន​សុំ​ការ​បកស្រាយ​ពី​ លោក​ អ៊ា​ន​ មាឃ ​ប្រធាន​មន្ទីរ​រ៉ែ ​និង​ថាមពល​ខេត្ត​នោះ​ទេ ​ព្រោះតែ​លោក​ផ្តល់​យោបល់​ដដែលៗ​ដោយ​សំអាង​លើ​ក្រុមហ៊ុន​បាន​សុំច្បាប់​ត្រឹមត្រូវ​ ហើយ​លោក​បាន​ដាក់​កំហុស​លើ​ប្រជាពលរដ្ឋ​ថា​មិន​ចេះ​ទប់ស្កាត់​ខ្លួនឯង​ផង​។​

ករណី​នេះ​ ប្រជាពលរដ្ឋ​ និង​មហាជន ​រង់ចាំ​មើល​ថា​លោក​មេឃុំ​អាច​មាន​ចំណាត់​ការ​ជូន​ប្រជាពល​រដ្ឋ​ដូច​លោក​ចៅសង្កាត់​វត្ត​គរ​ដែរ​ ឬ​យ៉ាងណា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114