ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ធុនដ្រា ដឹក​ឈើ​ប្រណីត​ខុសច្បាប់​មួយ​គ្រឿង​ ត្រូវ​សមត្ថកិច្ច​ព្រៃឈើ​ភ្នំពេញ​បង្ក្រាប​

ភ្នំពេញ ៖ រថយន្ត​ធុនដ្រា ដឹក​ឈើ​ប្រណីត​ខុសច្បាប់ ១​គ្រឿង ត្រូវបាន​កម្លាំង​ខណ្ឌរ​ដ្ឋ​បាល​ព្រៃឈើ​ភ្នំពេញ​បង្ក្រាប​ជាក់ស្តែង ដោយសារ​លួចលាក់​ផ្ទុក​ឈើ​ប្រណីត​ខុសច្បាប់​នៅក្នុង​រថយន្ត​ប្រមាណ​ជិត​៣​ម៉ែត្រគូប ដែល​ដឹក​ចេញពី​ខេត្ត​ព្រះវិហារ​បម្រុង​យក​ទៅ​ចែកចាយ​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។​

ហេតុការណ៍​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ខុសច្បាប់​នេះ ធ្វើឡើង​កាលពី​រសៀល ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៩ នៅតាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ចំណុច​ខាងមុខ​មន្ទីរពេទ្យ​កាល់ម៉ែត នៃ​មូលដ្ឋាន​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

លោក អ៊ុន វណ្ណា​រិ​ទ្ធ នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ​ប្រាប់​ឲ្យ​ដឹងថា ដោយមាន​ការណែនាំ​ពី​លោក គាំ សីហា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ ជារឿយៗ​លោក​តែងតែ​ដឹកនាំ​ក្រុមការងារ​ចុះ​តាម​មូលដ្ឋាន​រាជធានី​ភ្នំពេញ ទាំង​ថ្ងៃ ទាំងយប់ ដើម្បី​ការពារ​កុំ​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ។

ជាក់ស្ដែង កាលពី​រសៀល​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៩ រថយន្ត​ធុនដ្រា ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ .8677 ដឹកឈើ​ប្រណីត​ខុសច្បាប់១​គ្រឿង ត្រូវបាន​កម្លាំង​របស់​លោក​បង្ក្រាប​នៅតាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ចំណុច​ខាងមុខ​មន្ទីរពេទ្យ​កាល់ម៉ែត នៃ​មូលដ្ឋាន​ខណ្ឌ​ដូនពេញ រាជ​ធានី​ភ្នំពេញ ដោយសារ​លួច​ដឹកឈើ​ប្រណីត​ខុសច្បាប់។

លោក អ៊ុន វណ្ណា​រិ​ទ្ធ នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ ប្រាប់​បន្ត​ឲ្យ​ដឹងថា ឈើ​ដែល​រឹបអូស​បាន គឺជា​ឈើ​ប្រណីត ចំនួន​២​ប្រភេទ​រួមមាន ប្រភេទ​ឈើ​សុ​ក្រម និង​ឈើ​គគីរ ប្រមាណ​ជិត​៣​ម៉ែត្រគូប ។ ឈើ​ប្រណីត​ខុសច្បាប់​ទាំងអស់នេះ ត្រូវបាន​ឈ្មួញ​លួច​ដឹក​ចេញពី ខេត្ត​ព្រះវិហារ បំណង​ដឹក​យក​ទៅ​ចែកចាយ​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ប៉ុន្តែ​ត្រូវ​បរាជ័យ ដោយសារ​កម្លាំង​សមត្ថកិច្ច​ព្រៃ​ឈើ​បង្ក្រាបបាន។

ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ខុសច្បាប់​នេះ មិនបាន​ឃាត់​មនុស្ស​នោះ​ទេ គឺ​ឃាត់​បានតែ​រថយន្ត និង​ឈើ​ប្រណីត​ទាំងអស់​ប៉ុណ្ណោះ។

ទាំង​រថយន្ត និង​វត្ថុតាង​ឈើ​ប្រណីត​ខុសច្បាប់​ទាំងអស់ បច្ចុប្បន្ន​សមត្ថកិច្ច​ព្រៃឈើ​កំពុង​រក្សាទុក​នៅ នាយកដ្ឋាន​អភិវឌ្ឍន៍​ចម្ការ​ព្រៃដាំ និង ព្រៃ​ឯកជន ដែល​ទីតាំង នៅ​សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​ព្រៃឈើ៕



TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114