ព័ត៍មានទាន់​ហេតុការណ៏
Search

ឆក់​ទូរស័ព្ទ​បាន​ហើយ ​រត់គេចខ្លួន​ ជួបនឹង​កម្លាំង​មូលដ្ឋាន ​ត្រូវ​ជាប់អន្ទាក់​

ភ្នំពេញ​ ៖ ​មុខសញ្ញា​ចោរឆក់​ដ៏​សកម្ម​ម្នាក់ ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក​ចាប់​ឃាត់​ខ្លួន​ភ្លាមៗ ​ក្រោយពី​ជនសង្ស័យ​រូបនោះ ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជនរងគ្រោះ​ហើយ​ព្យាយាម​បើក​ម៉ូតូ​គេចខ្លួន​តែ​មិនបាន​សម្រេច ​គាប់​ជួន​ជួប​នឹង​កម្លាំង​ល្បាត​របស់​មូល​ត្រូវ​ក្របួច​ទាន់ពេល​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ហេតុការណ៍​ចាប់ខ្លួន​ជនសង្ស័យ​រូបនោះ​ គឺ​នៅ​ថ្ងៃ​អង្គារ ១១​កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​២២ និង​៣០​នាទី ​ នៅ​ចំណុច​ក្បែរ​វត្ត​ស្រះចក ផ្លូវ​៦១​កែង​៨៦ ភូមិ​១០ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

អត្តសញ្ញាណ​ជនសង្ស័យ ឈ្មោះ ចេង នុ​ច ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ជនជាតិ​ខ្មែរ ទី​លំនៅ​សព្វថ្ងៃ ភូមិ​ព្រែ​កតា​រ័ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​ ចំណែក​ជន​ជនរងគ្រោះ​គ្មាន ​និង​សម្ភារៈ​បាត់បង់​គ្មាន (​ទូរស័ព្ទ​ដៃ​ម៉ាក​មិន​ច្បាស់ ពណ៌​មាស មួយ​គ្រឿង ​ត្រូវ​ជន​រងគ្រោះ​ដណ្តើមបាន​វិញ​)​សម្ភារៈ​បន្សល់​ម៉ូតូ​មួយគ្រឿង ម៉ាក​ប៊ែ​ត ពណ៌​ក្រហម​លា​យស ស្លាក​លេខ ភ្នំពេញ​១HG.៨៥២៨ លេខ​តួ​៩០០៩២០៨ លេខ​ម៉ាស៊ីន​៩០០៩២១៤ (​ម៉ូតូ​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ឆក់​)​។​

សមត្ថកិច្ច​បាន​បន្តទៀត​ថា ​ដំណើរ​រឿងហេតុ​នោះ​ គឺ​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​២២​និង​៣០​នាទី កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះចក ខណ្ឌ​ដូនពេញ បាន​ធ្វើការ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន លុះ​ទៅដល់​ចំណុច ផ្លូវ​៨៦​កែង​៦១ ភូមិ​១០ សង្កាត់​ស្រះចក បាន​ឮ​សូរ​សំឡេង​ស្រែក​ផ្អើលឆោឡោ ចោរឆក់​ទូរស័ព្ទ ឃើញ​ជនសង្ស័យ​ម្នាក់​(​ចេង នុត​) កំពុង​រត់គេចខ្លួន កម្លាំង​យើង​ក៏បាន​អន្តរាគមន៍​ឃាត់​បាន​ជនសង្ស័យ​ និង​ម៉ូតូ​ម៉ាក​ប៊ែ​ត​(​ជិះ​ធ្វើ​សកម្មភាព​ឆក់​) នាំមក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះចក​តែម្តង​។ ចំណែក​ជនរងគ្រោះ បន្ទាប់ពី​ដណ្តើម​យកបាន​ទូរស័ព្ទដៃ​ពី​ជន​សង្ស័យ​វិញ ក៏​ទៅ​បាត់​ដោយ​ពុំ​បានមក​ដាក់ពាក្យ​បណ្តឹង​ទេ​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ កំពុង​ឃាត់ខ្លួន​នៅ​អធិការនគរបាល​ខណ្ឌ​ដូនពេញ ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114