ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ អប់រំ​ណែនាំ​ដល់​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទាំងអស់​ រៀបចំ​បន្ទប់​ថ្វាយបង្គំ​សម្រាប់​សាសនិក​ឥស្លាម​

​ភ្នំពេញ​ ៖ ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​ណែនាំ​ដល់​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទាំងអស់​រៀបចំ​បន្ទប់​ថ្វាយបង្គំ​សម្រាប់​សាស​និក​ឥស្លាម​ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​និស្សិត​ដែលជា​សាសនិក​ឥស្លាម​ក្នុងការ​ប្រណិប័តន៍​សាសនា​របស់ខ្លួន​។​
​ ​
ការរៀបចំ​បន្ទប់​ថ្វាយបង្គំ​សម្រាប់​សាសនិក​ឥស្លាម​នេះ​ធ្វើឡើង​ទៅតាម​គោលនយោបាយ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ​ហ៊ុន សែន​ ដែល​បានប្រកាស​នៅក្នុង​អំឡុង​រៀបចំ​កម្មវិធី ស្រាយ​បួស ខែ​រ៉​ម៉ា​ឌន កាលពី​ថ្ងៃទី​០៧ ខែឧសភា ​ឆ្នាំ​២០១៩​ ដោយ​តម្រូវ​ឲ្យ​រៀបចំ​ទីតាំង​ណាមួយ​នៃ​មន្ទីរពេទ្យ​ និង​សាលារៀន​ឲ្យ​មាន​បន្ទប់​សម្រាប់​សាសនិក​ឥស្លាម​ថ្វាយបង្គំ​។​

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ជំរុញ​ឲ្យ​សកលវិទ្យាធិការ​ នៃ​សាកលវិទ្យាល័យ​ទាំង​រដ្ឋ​ និង​ឯកជន​ទាំងអស់​ នៅ​ទូទាំងប្រទេស ​ត្រូវ​រៀបចំ​ឲ្យ​មាន​បន្ទប់​ថ្វាយបង្គំ​ឲ្យ​បាន​សមរម្យ​ដើម្បី​ជួ​យស​ម្រួល​ដល់​ការ​ប្រណិប័តន៍​សាសនា​របស់​និស្សិត​ឥស្លាម​ដែល​មក​សិក្សា​រៀន​សូត្រ​នៅតាម​សាកលវិទ្យាល័យ​នានា​។​

លោក រស់ សុ​វាចា បាន​មានប្រសាសន៍ថា​ការរៀបចំ​បន្ទប់​ថ្វាយបង្គំ​សម្រាប់​និស្សិត​ឥស្លាម​នេះ​ជា​ជំហាន​ដំបូង​ ក្រសួង​តម្រូវ​ឲ្យ​តែ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នៅ​ទូទាំងប្រទេស​ជាមុនសិន​ ដែល​បច្ចុប្បន្ន​នេះ​មាន​ចំនួន​១២៥​កន្លែ​ង​ទាំង​គ្រឹះស្ថាន​ឧ​ត្តម​សិក្សា​រដ្ឋ​ និង​ឯកជន ​ខណៈ​កន្លងមក​មាន​សាក​ល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​ន័​រ​តុ​ន ​និង​សាកល​វិទ្យា​ពុទ្ធិ​សាស្ត្រ​មាន​បន្ទប់​ថ្វាយបង្គំ​នេះ​រួចហើយ​។​

លោក​សង្ឃឹមថា ​តាមរយៈ​ការរៀបចំ​បន្ទប់​ថ្វាយបង្គំ​នេះ​ នឹង​ជួយ​ឲ្យ​សាសនិក​ឥស្លាម​ជា​និស្សិត​អាច​មាន​ទីកន្លែង​សមរម្យ​សម្រាប់​ប្រណិប័តន៍​សាសនា​របស់ខ្លួន​បាន​ពេញលេញ​។​

លោក សុះ មុះ​សិន ប្រធាន​សមាគម​និស្សិត​មូស្លីម​កម្ពុជា​និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​មូស្លីម​កម្ពុជា​បាន​ឲ្យ​ដឹង​ដែរ​ថា ​ការរៀបចំ​ឲ្យ​មាន​បន្ទប់​ថ្វាយបង្គំ​សម្រាប់​សាសនិកឥស្លាម​នៅតាម​សាកល​វិទ្យាល័យ​នេះ​ពិតជា​ជួ​យសម្រួ​ល​ដល់​សាសនិក​ឥស្លាម​ដែលជា​និស្សិត​យ៉ាងខ្លាំង​សម្រាប់​ប្រណិប័តន៍​ប្រចាំថ្ងៃ​។​

លោក​បាន​បន្តថា​ កន្លង​មក​ និស្សិតឥស្លាម​ភាគច្រើន​ ពិសេស​និស្សិត​ស្ត្រី​បាន​ដាច់​ការថ្វាយ​បង្គំ​ដោយសារ មានការ​លំបាក​យ៉ាងខ្លាំង​ក្នុងការ​ស្វែងរក​ទីតាំង​ក្នុងការ​ធ្វើ​ប្រណិប័តន៍ ​ព្រោះ​ពួកគេ​ត្រូវ​ធ្វើដំណើរ​ចេញពី​សាលា​ទៅ​ថ្វាយបង្គំ​នៅផ្ទះ​។​

លោក​បាន​បន្តទៀតថា ​ការបង្កើត​ឲ្យ​មាន​បន្ទប់​ថ្វាយបង្គំ​នេះ​ នឹង​ជួយ​ឲ្យ​សាកលវិទ្យាល័យ​អាច​ទាក់​ទាញ​ដល់​និស្សិត​កាន់សាសនា​ឥស្លាម​ចូលរៀន​បាន​កាន់តែច្រើន​ផងដែរ​ ដោយសារ​តែមាន​ទីកន្លែង​សម្រាប់​ឲ្យ​និស្សិត​ប្រណិប័តន៍​សមរម្យ​។​

លោក​បាន​បញ្ជាក់ថា ​សាសនិក​ឥស្លាម​នៅ​កម្ពុជា​ចាប់ផ្តើម​ថ្វាយ​ចូល​បង្គំ​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើងទៅ​ដោ យ​ក្នុង​១​ថ្ងៃៗ​ត្រូវ​ថ្វាយបង្គំ​ចំនួន​៥​ដង​រួមមាន​ពេលព្រឹក ថ្ងៃត្រង់ ពេល​រសៀល ពេល​ល្ងាច​និង​ពេលយប់​។​

ចំណែក​ក្រសួងសុខាភិបាល​បានរៀបចំ​បន្ទប់​ថ្វាយបង្គំ​សម្រាប់​សាសនិក​ឥស្លាម​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ ដើម្បី​សម្រួល​ដល់​ការ​ប្រណិប័តន៍​សាសនា​របស់​សាសនិក​ឥស្លាម​ និង​និស្សិត​មូ​ស្លឹ​ម​ដែល​មក​ទទួល​សេវា​ថែទាំ​ព្យាបាល​ជំងឺ ​និង​បំពេញការងារ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​នានា​។​ បន្ទាប់ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​បានប្រកាស​រួចមក​មាន​មន្ទីរពេទ្យ​មួយចំនួន​បានរៀបចំ​បន្ទប់​ថ្វាយ​បង្គំ​សម្រាប់​សាសនិក​ឥស្លាម​រួចហើយ​ដូចជា ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ និង​សាលា​ប​ច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ​ជាដើម​ដើម្បី​សម្រួល​ដល់​ការ​ប្រណិប័តន៍​របស់​អ្នក​ដែល​កាន់សាសនាឥស្លាម​។​

លោក ​សុះ​មុះ សិន​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​តែងតែ​យកចិត្តទុកដាក់​ និង​គិតគូរ​ដល់​សាសនិកឥស្លាម​ដូចជា​បាន​ជួយ​សាងសង់​សាលារៀន ផ្តល់​គ្រូបង្រៀន ផ្តល់​សិទ្ធិ​ឲ្យ​បងប្អូន​អ៊ីស្លាម​ស្លៀក​សំលៀកបំពាក់​ប្រពៃណី សិស្ស​និស្សិត​និង​ប្រជាជន​ឥស្លាម​អាច​ទ​ទូល​ក្បាល​ចូលរៀន​ និង​កន្លែងធ្វើការ​បាន​ផងដែរ​៕