ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​ស្រុក​បារាយណ៍​សំណូមពរ​ឲ្យ​ក្រសួងបរិស្ថាន ចុះ​ពិនិត្យ​ដី​តំបន់​៣​ ដែល​ត្រូវ​ឈ្មួញ​ភ្ជួរ​ទន្ទ្រាន​យក​លក់​អស់​រាប់​រយ​ហិកតា

កំពង់ធំ​ ៖​ ប្រជាពលរដ្ឋ​ឃុំ​បារាយណ៍​ និង​ឃុំ​ទ្រាល​ ស្រុក​បារាយណ៍ ​ខេត្តកំពង់ធំ​ បាន​រាយ​ការណ៍​​ឲ្យ​ដឹងថា ​បច្ចុប្បន្ន​មាន​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ឈ្មោះ អ៊ុក វ៉ុន​ កំពុង​ដាក់​គ្រឿងចក្រ រំលោភ​ទន្ទ្រាន​ភ្ជួរ​ឈូសឆាយ​ដី​តំបន់​3 រាប់​រយ​ហិកតា ​ដែល​ជា​​ដី​តំបន់​ការពារ​ដោយ​ទេសភាព គ្រប់គ្រង​ការពារ​ដោយ​ក្រសួងបរិស្ថាន​ ហើយ​យក​ទៅ​លក់​ឲ្យ​ប្រជាពលរដ្ឋ​មកពី​ខេត្ត​កណ្ដាល​យ៉ាង​អនាធិបតេយ្យ។

​ប្រជាពលរដ្ឋ ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​ឈ្មួញ​ឈ្មោះ អ៊ុក វ៉ុន​នេះ ​រស់នៅ​ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ​ខេត្ត​កំពង់ធំ​ ហាក់​ដូច​ជា​មានអំណាច​ខ្លាំង​ណាស់ ​មិន​ខ្លាច​អ្នកណា​ឡើយ​ ដោយ​គេ​បាន​យក​គ្រឿងចក្រ​ ដូចជា​ត្រាក់ទ័រ​ទៅ​ភ្ជួរ​និង​អេ​ស្កា​វ៉ា​ទ័​រ 4​ទៅ​5​គ្រឿង​ទៅ​កាយ​ព្រំ​រំលោភ​យក​ដី​តំបន់ការពារទេសភាព​អស់​ជិត 300​ហើយ​ តែ​​​គ្មាន​អាជ្ញាធរ​ថ្នាក់​ណា​ហ៊ាន​ទៅ​ហាមឃាត់​ឡើយ​ដោយ​ពួកគាត់​បានដាក់​ការសង្ស័យថា​គេ​អាច​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​អាជ្ញាធរ​ថ្នាក់ស្រុក​និង​ឃុំ​តែម្ដង។ បើ​មិន​ដូច្នោះ​ទេ ​គេ​មិនអាច​ធ្វើបាន​រលូន​អញ្ចឹងទេ​។

ពួកគាត់​បន្ត​ថា បើ​អ្នកផ្សេង​ហ៊ាន​ទៅ​ក្បែរ​នោះ ​ត្រូវបាន​ឈ្មោះ អ៊ុក វ៉ុន​នេះ​រាយការណ៍​ឲ្យ​អាជ្ញាធរ​ចុះទៅ​ហាមឃាត់​ភ្លាម​មិន​អាចមាន​វាសនា​ដូច​គេ​ឡើយ​។ ​បើតាម​ប្រភព​ខាងលើ​បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា​ កាលពីពេល​ថ្មីៗ​នេះ​ដោយសារ​រឿងនេះ​បាន ដឹង​ដល់​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​ហើយ​ខាង​មន្ត្រី​ជំនាញ​មន្ទីរ​បរិស្ថាន​ក៏បាន​ចុះទៅ​ហាមឃាត់​ដែរ​ តែ​ហាក់​គ្មាន​ប្រសិទ្ធភាព​ដោយ​ឮថា​ឈ្មោះ​អ៊ុក វ៉ុន​នេះ​កំពុងតែ​រត់ការ​យក​ដី​នោះ​តែម្ដង។

ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ឃុំ​ទ្រាល​ដែល​ដឹង​រឿងនេះ​ឲ្យ​ដឹង​ទៀតថា ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បន្ទាប់ពី​ដី​នៅ​គ្រប់​ទីកន្លែង​ហក់​ឡើងថ្លៃ​ គេ​សង្កេតឃើញ​ដី​រដ្ឋ​ដី​បឹង​ការពារ​ដោយ​អនុក្រឹត្យ​និង​ដី​ការពារ​ដោយ​ក្រសួង​មន្ទីរ​មួយចំនួន​នៅ​ខេត្តកំពង់ធំ​ត្រូវបាន​ឈ្មួញ​ឃុបឃិត​ទន្ទ្រាន​យក​ស្ទើរ​គ្មាន​សល់​ដែល​គ្មាន​មន្ត្រី​ជំនាញ​ឬ​អាជ្ញាធរ​ថ្នាក់​ណា​អើពើ​ទប់ស្កាត់​ឡើយ​ហាក់ដូចជា​ងាប់​ត្រគាក​ស្តូក​តែម្តង ព្រោះតែ​អាច​បាន​សំណែន​យ៉ាង​ពេញចិត្ត​ហើយ​មើលទៅ។ ជាក់ស្តែង​ដូចជា​ដី​តំបន់ 3 ស្ថិតនៅ​តំបន់​ការពារ​ដោយ​ទេសភាព​របស់​ក្រសួងបរិស្ថាន​នេះ​ជាដើម​ត្រូវបាន​ឈ្មោះ អ៊ុក វ៉ុ​ន ដាក់​អេ​​ស្កា​វ៉ា​ទ័​រ (​អា​អ៊ិច​)​ទៅ​កាយ​ព្រំ​យក​រាប់​រយ​ហិកតា និង​យក​ត្រាក់ទ័រ​ភ្ជួរ​ទន្ទ្រាន​យ៉ាង​អនាធិបតេយ្យ ហើយ​បច្ចុប្បន្ន​គេ​គ្រោង​នឹង​វាតទី​យក​បន្ថែមទៀត​។ ប្រភព​ខាងលើនេះ​ក៏បាន​លួច​ប្រាប់​ផងដែរ​ថា ការ​ឈូសឆាយ​ភ្ជួរ​ហើយ​លក់​ទៅឱ្យ​ប្រជាពលរដ្ឋ​មកពី​ខេត្តកណ្តាល​គឺមាន​ការ​ស៊ីញេ​ទិញ​លក់​ពី​មេឃុំ​បារាយណ៍​និង​ចៅហ្វាយស្រុក​បារាយណ៍​ទៀតផង​ទើប​ប្រជាជន​ហ៊ាន​ទិញ។ សំណួរ​សួរថា​ហេតុ​អី​ចៅហ្វាយស្រុក​និង​មេឃុំ​ហ៊ាន​ស៊ីញ៉េ​លក់​ដី​រដ្ឋ។

ប្រជាពលរដ្ឋ​ក៏បាន​លើកឡើងថា ឈ្មោះ អ៊ុក​វ៉ុន​នេះ ធ្លាប់ជា​អ្នក​រៀប​ដី​ឱ្យគេ (​កួកជេ​) ហើយ​ស៊ីដាច់​ដី​គេ​យកទៅលក់​ឱ្យ​អ្នកផ្សេង ត្រូវបាន​គេ​ប្តឹង​ចាប់​ដាក់គុក ម្តង​ហើយ​ ពេល​ចេញពី​គុក​វិញ មិន​រាងចាល​ក៏​ស្រាប់តែ​បែកគំនិត​ទៅ​ទន្ទ្រាន​យក​ដី​រដ្ឋ​ដោយ​គ្មាន​ញញើត​នឹង​ច្បាប់​យ៉ាងនេះ​។​

ប្រជាពលរដ្ឋ​ដដែល​ក៏បាន​សំណូមពរ​ដល់​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​ជាពិសេស​ក្រសួងបរិស្ថាន​មេត្តាជួយ​ទប់ស្កាត់​ឈ្មួញ​និង​មន្ត្រី​ខិលខូច​ទាំងនោះ​ផង​ បើ​មិន​ដូច្នោះ​ទេ​ពួក​នេះ​ នឹង​រំលោភ​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​មាន​ធ្វើ​បានតែ​ក្រុម​មួយ​ក្តាប់​តូច​របស់ខ្លួន ជាពិសេស​សូម​ឲ្យ​មាន​វិធានការ ទៅលើ​ជននេះ​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​កុំ​លើកលែង​ឡើយ។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ខាងលើ​ភ្នាក់ងារ​យក​ព័ត៌មាន​បាន​ព្យាយាម​សុំ​ការ​ពន្យល់​ពី​លោក​ហាក់​ម៉ុង​ហួត​ចៅហ្វាយស្រុក​បារាយណ៍​ លោក​បាន​បញ្ជាក់​ប្រាប់​កាសែត​ក្នុងស្រុក​ថា ដី​តំបន់​៣​នេះ​គឺ​ប្រជាជន​បាន​ចូលកាន់​កាប់​តាំងពី​ឆ្នាំ​២០០២​ ​ចំណែក​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ទើប​ចេញ​នៅ​២​ទៅ​៣​ឆ្នាំ​ប៉ុណ្ណោះ ហើយ​លោក​បាន​អះអាង​ថា ​កន្លងមក​មន្ត្រី​បរិស្ថាន​បាន​ចុះ​ពិនិត្យ​ដែរ ​តែ​គ្មាន​ការ​រំលោភបំពាន​នោះ​ទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114