ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស​រ៉ូ​ម៉ា​នី ស្នើសុំ​កម្ពុជា ដើម្បី​ដំឡើង​រូបសំណាក​ព្រះ​បរម​រតន​កោដ្ឋ នៅក្នុង​ទីក្រុង​ នៃ​ប្រទេស​របស់​ខ្លួន​

ភ្នំពេញ ​៖ ការ​ស្នើ​ឲ្យ​កម្ពុជា​ដំឡើង​រូបសំណាក​ព្រះ​បរម​រតន​កោដ្ឋ នៅ​ប្រទេស​រ៉ូ​ម៉ា​នី​នេះ បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​ឯកឧត្តម​ឧបនាយក​រដ្ឋ មន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​សួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោក​សាស្ត្រាចារ្យ Jean-Paul de GAUDENAR សកលវិទ្យាធិការ នៃ​ទីភ្នាក់ងារ​ឧ​ត្ត​ម​សិក្សា​ នៃ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​Agen ce Universitaire de la Fran copho nie (AUF) កាលពី​ថ្មីៗ​នេះ​។​

លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ចប់​ជំនួប​ពិភាក្សា​នោះ​ថា នៅក្នុង​ជំនួប​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្ដែង​ការស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​សាស្ត្រាចារ្យ Jean-Paul de GAUDENAR នៅ​ប្រទេស​កម្ពុជា ហើយ​ក៏បាន​កោតសរសើ​រ​អំពី​ការយកចិត្តទុកដាក់រ​បស់​លោក​សាស្ត្រាចារ្យ ក្នុងការ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នាពេលនេះ ។
ជាមួយគ្នា​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ត្រេកអរ​ផងដែរ ដែល​កម្ពុជា​បាន​ក្លាយជា​សមាជិក នៅក្នុង​បណ្តាញ​ទីភ្នាក់ងារ​ឧ​ត្ត​មសិ​ក្សា​នៃ​ប្រទេស​ប្រើ​ភាសា​បារាំង ដែល​យើង​ហៅថា ហ្វ្រ​ង់​កូ​ហ្វូ​នី នេះ ។​

នៅក្នុង​ជំនួប​នោះ លោក​សាកលវិទ្យាធិការ​បាន​ថ្លែងអំណរគុណ​ចំពោះ​ការស្វាគមន៍​របស់​ឯក​ឧ​ត្ត​ម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​បានលើកឡើង​ចំណុច​មួយចំនួន ដោយ​អះអាងថា មកដល់​ពេលនេះ​ហ្វ្រ​ង់​កូ​ហ្វូ​ន មិនមែន​មានន័យថា ជា​ប្រទេស​បារាំង​នោះទេ ហ្វ្រ​ង់​កូ​ហ្វូ​ន មានន័យថា មាន​ភាព​ចំរុះ គឺមាន​ហ្វ្រ​ង់​កូ​ហ្វូ​ន​នៅ​អាស៊ី នៅ​កម្ពុជា និង​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ដែល​យក​ភាសា​បារាំង​ជា​ភាសា​រួមគ្នា តែមាន​កិច្ចសហប្រតិបត្តិការ​ផ្សេងគ្នា​។​

តាម​លោក​សាស្ត្រាចារ្យ Jean-Paul de GAUDENAR រហូតមកដល់​ពេលនេះ លោក​គត់​សម្គាល់​ឃើញថា មាន​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កាន់តែ​ច្រើនឡើងៗ​បានស្នើ​សុំចូល​ជា​សមាជិក ហើយ​ឧ​ត្ត​មសិ​ក្សា​ខ្លះ មកពី​ប្រទេស​ដែល​មិនមែន​និយាយ​ភាសា​បារាំង ដូច្នេះ​ហ្វ្រ​ង់​កូ​ហ្វូ​នី​នេះ គឺជា​បណ្ដាញ​ចម្រុះ ដែល​មិនមែន​សំដៅ​ប្រទេស​បារាំង​ទៀត​នោះទេ ហើយ​ការ​ចំណាយពេល​ជួបពិភាក្សា​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នាពេលនេះ គឺជា​ការផ្ដល់​តម្លៃ​ឲ្យ​ឧ​ត្ត​ម​សិក្សា​ហ្វ្រ​ង់​កូ​ហ្វូ​ន​នី​ទាំងមូល​។
​ជា​កិច្ច​ឆ្លើយតប​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាប់ សុខុន បាន​លើកឡើងថា ប្រទេស​កម្ពុជា​មានការ​ជាប់ទាក់ទង​គ្នា​ជិតស្និទ្ធ​ណាស់​ជាមួយ​ហ្វ្រ​ង់​កូ​ហ្វូ​នី​នេះ តាមរយៈ​អតីតព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះ​អង្គជា​ស្ថាបនិក នៃ​ហ្វ្រ​ង់​កូ​ហ្វូ​នី​នេះ ហើយ​បច្ចុប្បន្ននេះ ប្រទេស​រ៉ូ​ម៉ា​នី បាន​ស្នើសុំ​កម្ពុជា ដើម្បី​ដំឡើង​រូបសំណាក​របស់​ព្រះ​បរម​រតន​កោដ្ឋ​នៅ​ទីក្រុង​របស់​ប្រទេស​រ៉ូ​ម៉ា​នី ដែល​យើង​គួរ​សប្បាយរីករាយ និង​ស្ញប់ស្ញែង​យ៉ាងខ្លាំង​។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា កម្ពុជា​បាន​ចូលរួម​ជា​ទៀងទាត់ នៅក្នុង​កិច្ចប្រជុំ​កំពូល និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​របស់​ហ្វ្រ​ង់​កូ​ហ្វូ​នី ហើយ​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ហ្វ្រ​ង់​កូ​ហ្វូ​នី​នេះ កម្ពុជា​បាន​បញ្ជូន​ទ័ព​មួក​ខៀវ​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​ទៅ​ចូលរួម​នៅ​បណ្ដា​ប្រទេស​មួយចំនួន​នៅ​អាហ្វ្រិក​។​

ទាក់ទង​បញ្ហា​នេះ វិទ្យាស្ថាន​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួងការបរទេស​កម្ពុ​ជា ក៏បាន​ដាក់​បេក្ខភាព​ស្នើសុំ​ចូល​ជា​សមាជិក​ផងដែរ ហើយ​តាមរយ​: ហ្វ្រ​ង់​កូ​ហ្វូ​នី​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​អះអាងថា និង​ស្វែងរក​អាហារូបករណ៍​ដើម្បី​ជូន​និស្សិត​កម្ពុជា​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114