ព័ត៍មានទាន់​ហេតុការណ៏
Search

បុគ្គលិក​ប្រេង​ឥន្ធនៈ​បី​នាក់ ​ឆក់​ខ្សែភ្លើង ​របួសធ្ងន់ ខណៈ​នាំ​គ្នា​ឡើង​ទៅ​ដាក់​ស្លាក​លើ​ដំបូល​ផ្ទះ

​ភ្នំពេញ ៖ បុគ្គលិក​ស្ថានីយ​ប្រេង​ឥន្ធនៈ​តេ​លា​៣​នាក់​ រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​ជួប​នូវ​ឧបទ្ទវហេតុ​ឆក់​ខ្សែ​ភ្លើង ពេលដែល​នាំគ្នា​ឡើង​ទៅ​ដាក់​ប៉ាយ​ប៉ាណូ​នៅលើ​ដំបូលផ្ទះ​ ហើយ​លើក​ប៉ះ​ខ្សែកាប​ស្រាត ​មាន​ចរន្ត​ភ្លើង​តង់ស្យុង​ខ្ពស់ ទើប​បណ្តាល​ឲ្យ​ឆ្លង​ឆក់​របួស​ទាំង​បីនាក់ កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ យីហោ “​សូត្រ សេង​” នៅ​ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍សែន​ជ័យ។​

តាម​ប្រភពពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​បុគ្គលិក​លក់​ប្រេង នៅ​ដេប៉ូ​ខាងលើ មួយក្រុម នាំគ្នា​ឡើងទៅ​លើក​ស្លាក​យីហោ លើ​សំយាប​ផ្ទះល្វែង​ជាន់​ទី​១ ត្រង់​ចំណុច​កើតហេតុ ក៏​ប៉ុន្តែ មនុស្ស​ទាំង​៣​នាក់ ដែល​កំពុង​នាំគ្នា ទប់​ជ្រែង​ស្លាក​នៅ​ជាន់​ខាងលើ ខ្វះ​ការប្រុងប្រយ័ត្ន ខណៈ​ដែល នៅ​ពីលើ​កន្លែង​លក់ សុទ្ធតែ​ខ្សែកាប​ស្រាត រវាម​ដូច​ម្រាមដៃ មិនបាន​មើល ពេល​លើក​ស្លាក​នោះ បាន​ទៅ​ប៉ះ​នឹង​ខ្សែកាប​ភ្លើង ដែលមាន​តង់ស្យុង​ខ្ពស់ បណ្ដាល​ឲ្យ​ឆ្លង​ឆក់ របួស​៣​នាក់ ២​នាក់​របួសធ្ងន់ ម្នាក់ទៀត​របួសស្រាល​ព្រមៗ​គ្នា។​

ក្រោយ​កើតហេតុ​ភ្លាមៗ ម្ចាស់​ដេប៉ូ ​និង ពលរដ្ឋ នាំគ្នា​ដឹក​ជនរងគ្រោះ​តាម​រថយន្ត​ផ្ទាល់ខ្លួន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត។

ពលរដ្ឋ​ ក៏បាន​លើកឡើងថា សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ផង ​មុន​នឹងធ្វើ​អ្វីមួយ​នៅក្បែរៗ​ប្រព័ន្ធ​ខ្សែ​កា​ប​នោះ ​ព្រោះ​វា​មាន​តង់ស្យុង​ខ្ពស់​ណាស់៕