ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ​ ឃុំខ្លួន​តៃកុង​ឡាន​កុងតឺន័រ​ដែល​បុក​ ហើយ​កិន​ជីតា​ និង​ចៅ​ស្លាប់​២​នាក់​

ភ្នំពេញ ​៖​ តៃកុង​រថយន្ត​កុងតឺន័រ ដែល​បាន​បើក​បុក ហើយ​កិន​តា និង​ចៅ​ស្លាប់​២​នាក់​របួស​ម្នាក់ ត្រូវបាន​ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន ក្រោម​ការចោទប្រកាន់​ពី​បទ បើកបរ​ធ្វេសប្រហែស ខ្ជីខ្ជា​មិន​ប្រុងប្រយ័ត្ន​បណ្ដាល​ឲ្យ​ស្លាប់​អ្នកដទៃ តាម​មាត្រា​៨៥ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក។

តៃកុង​រថយន្ត​កុងតឺន័រ​ ដែល​តុលាការ​ឃុំខ្លួន​នេះ ​មានឈ្មោះ សៀង រិទ្ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ច​ម្ល​ត់ដៃ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ​។

ចំណែក​ជនរងគ្រោះ​ មាន​ឈ្មោះ​ ហួត សា​រុំ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ មុខរបរ​ជា​កសិករ​ស្នាក់នៅ​ភូមិ​ពោធិ៍​កណ្ដាល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្ដាល ត្រូវជា​ជីតា ចំណែក​ចៅស្រី​ឈ្មោះ រុំ ដា​ណេ អាយុ​៩​ឆ្នាំ និង​ចៅ​ម្នាក់ទៀត​រង​របួស​ស្រាល​ឈ្មោះ​រុំ សំណាង ភេទ​ប្រុស អាយុ​២​ឆ្នាំ។

កាលពី​វេលា​ម៉ោង​១៦​និង​១៥​នាទី ល្ងាច​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ បំបែក​ជា​បួន ស្ថិតនៅ​ក្នុង​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ​បុរស​រងគ្រោះ​បាន​ជិះ​ម៉ូតូឌុប​ចៅប្រុស​ស្រី​ទៅ​លេង​ឪពុកម្ដាយ​របស់​ពួកគេ នៅ​សង្កាត់​រលួស ព្រោះ​ឃើញ​ចៅ​ និង​ឪពុកម្ដាយ​នឹក​ពួកគេ​ពេក លុះ​ត្រឡប់មកវិញ ​ត្រូវ​បាន​រថយន្ត​ហ៊ី​ណូ បុក​ម៉ូតូ​​​ពីក្រោយ រួច​កិន​ស្លាប់​ទាំង​២​នាក់​នៅ​នឹង​កន្លែង​តែ​ម្តង។ ចំណែក​ចៅប្រុស​តូច​ បាន​ខ្ទាត​ចេញពី​លើ​ម៉ូតូ​រង​របួស​ស្រាល។

បន្ទាប់ពី​កើតហេតុ​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​យក​សាកសព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី និង​មិនទាន់​ទទួលបាន​សំណង​ពី​តំណាង​រថយន្ដ​បង្ក​នៅឡើយ​នោះទេ ប៉ុន្ដែ​អ្នកបើកបរ​រថយន្ដ ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​សិន ដើម្បី​សម្រេច​នៅពេល​ក្រោយ៕