ព័ត៍មានទាន់​ហេតុការណ៏
Search

ក្នុង​១​ថ្ងៃ​ មាន​ប្រជាពលរដ្ឋ​ជាង​១​ពាន់​នាក់ មក​ទទួល​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​

ភ្នំពេញ ​៖​ អនុប្រធាន​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​បាន​ឲ្យ​ដឹងថា ​ក្នុង​មួយថ្ងៃៗ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០០​នាក់ មក​ទទួល​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ដែល​ប្រើ​ប័ណ្ណ​ក្រីក្រ និង​ប័ណ្ណ​ប​.​ស​.​ស​. ប្រហែល​ជាង​៥០​ភាគរយ​។​

​លោក​សាស្ត្រាចារ្យ ស៊ុន សារិន អនុប្រធាន​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​បាន​ឲ្យ​ដឹងថា​ការកើនឡើង​នៃ​ចំនួន​ប្រ ជា​ពលរដ្ឋ​មក​ទទួល​សេវា​នៅ​មន្ទីរពេទ្យ​នេះ ​គឺ​ដោយសារតែ​ពួកគាត់​មាន​ជំនឿ​ជឿជាក់​មកលើ​មន្ទីរពេទ្យ​ទាំង​ការទទួល​សេវា​ និង​គុណភាព​ព្យាបាល​ជំងឺ​ប្រកបដោយ​គុណភាព​ខ្ពស់​។​

​លោក​សាស្ត្រាចារ្យ​បាន​ឲ្យ​ដឹង​ទៀតថា​ ជាង​នេះ​​ទៅទៀត​ មន្ទីរពេទ្យ​ព្រះ​អង្គឌួង បាន​ពង្រឹង​ទៅលើ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​វិន័យ​របស់​គ្រូពេទ្យ​ជាប្រចាំ ដើម្បី​ផ្ដល់​សេវា​ដល់​អ្នក​ជំងឺ​ដើម្បី​ធានាបាន​នូវ​គុណភាព​ប្រកបទៅដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​មានការ​ជឿទុកចិត្ត​ពី​អ្នកជំងឺ​ផងដែរ​។​

ជាមួយគ្នានេះដែរ​ លោក​សាស្ត្រាចារ្យ​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដែលជា​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ និង​កម្មករ​និ​យោ​ជិ​ក​ទាំងអស់​ដែល​ទទួលបាន​ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប​.​ស​.​ស​ហើយ​គួរ​ងាក​មក​ប្រើ​សេវា​ពិនិត្យ​ព្យាបាល​ជំងឺឲ្យ​បាន​ពេញលេញ ដោយ​កុំ​មានការ ភ័យខ្លាច​ឲ្យ​សោះ ​ព្រោះថា​ការពិនិត្យ​ព្យាបាល​អ្នក​ជំងឺ​ដែល​កាន់​ប័ណ្ណ ប​.​ស​.​ស និង​ប័ណ្ណ​ក្រីក្រ​គឺ​ធានាបាន គុណភាព​ដូចគ្នា​ដោយ​គ្មាន​ការរើសអើង​អ្វី​ឡើយ ដូច្នេះ​ប្រជាពលរដ្ឋ​ដែលមាន ប័ណ្ណ​ទាំង​២​នេះ​ កុំ​ស្ទាក់ស្ទើរ ក្នុងការ​មក​ទទួល​សេវា​ព្យាបាល​។​

លោ​កប​សាស្ត្រាចារ្យ​បាន​បន្ថែមទៀតថា ​« ប្រជាជន​ទូទៅ​ដែលមាន​ប័ណ្ណ​ប​.​ស​.​ស ឬ​មាន​ប័ណ្ណ​មូលនិធិ​សមធម៌ គួរតែ​ប្រើប្រាស់​ពេលដែល​យើង​មាន​ជំងឺ​មិន​ថា​ជំងឺ​ភ្នែក បំពង់ក ជំងឺ​ទូទៅ​យើង​គួរតែ​នាំគ្នា​ព្យាយាម​ប្រើប្រាស់​បាន​នេះ​ដោយសារ​ការយកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល បង្កលក្ខណៈ​ឲ្យ​ផ្ដល់​គុណភាព និង​អាទិភាព​ខ្ពស់​ទៅលើ​អ្នក​ដែលមាន​ប័ណ្ណ​ទាំងអស់នេះ ហើយ​គុណភាព​នៅក្នុង​មន្ទីរពេទ្យ​ភាគច្រើន​បើ​និយាយ​ពី​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ​គឺ​យើង​ផ្ដល់​គុណភាព​មិនមាន​ការបែងចែក​ឬ​រើសអើង​នោះទេ​ គឺ​យើង​ទទួល​អ្នកជំងឺ ផ្ដល់​គុណភាព​ខ្ពស់​ដល់​ពួកគាត់​អ្នកមាន​ប័ណ្ណ​ប​.​ស​.​ស​ និង​អ្នកមាន​ប័ណ្ណ​មូលនិធិ​សមធម៌​»​។

លោក​សាស្ត្រាចារ្យ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ប័ណ្ណ​ប​.​ស​.​ស​គួរតែ​មកប្រើប្រាស់​នូវ​សេវា​ក្នុង​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ឬក៏​នៅតាម​មន្ទីរពេទ្យ​ដទៃ​ព្រោះថា​ការប្រើប្រាស់ សេវា​ព្យាបាល​តាមរយៈ​ប័ណ្ណ​ប​.​ស​.​ស​នេះ ដើម្បី​កាត់បន្ថយ​នៅ​ការចំណាយ​ថវិកា​ច្រើន​ និង​ចំណេញ​ពេលវេលា ជៀសវាង​ការរត់​ទៅ​ព្យាបាល​នៅតាម​បណ្ដា​ប្រទេសជិតខាង ដែល​នាំ​ឲ្យ​ខាត​ទាំង​ថវិកា​ជាច្រើន​។

លោក​សាស្ត្រាចារ្យ បាន​អះអាងថា ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល បាន​ជំរុញ​ឲ្យ គ្រប់ មន្ទី​រដ្ឋ​និង​មន្ទីរពេទ្យ​ឯកជន​ទាំងអស់ ដែល​សហការ​ជាមួយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ត្រូវ​ព្យាបាល​អ្នកជំងឺ​ទាំងអស់​មិន​ថា​អ្នក​ដែល​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន ឬ​អ្នក​ដែល​ប្រើប្រាស់​ប័ណ្ណ​ប​.​ស​.​ស​.​និង​ប័ណ្ណ​សមធម៌​នោះទេ ត្រូវតែ​ព្យាបាល​និង​ពិនិត្យ​ដោយ​យកចិត្ត​ដាក់​ខ្ពស់បំផុត​។

អ៊ំស្រី ផាត​ស្រី​នាង ​ដែលជា​ប្រជាពលរដ្ឋ​មកពី​ខេត្តបាត់ដំបង​មាន​ជំងឺ​ភ្នែក​ត្រូវ​វះកាត់​នៅ​មន្ទីរ​ពេទ្យ​ព្រះ​អង្គឌួង​ធ្លាប់បាន​លើកឡើងថា «​ខ្ញុំ​បាន​ប្រើ​ប័ណ្ណ​ក្រីក្រ​សម្រាប់​វះកាត់​ភ្នែក​របស់ខ្ញុំ​នៅ​ពេទ្យ​អង្គ​ឌួង​ដោយ​ការវះកាត់​មិន​គិត​ប្រាក់​ទេ​ ហើយ​ក្រុមគ្រូពេទ្យ​បាន​យក​ចិ​ត្ដ​ទុកដាក់ និង​ការប្រើ​សម្ដី​សមរម្យ ជាមួយ​អ្នក​ជំងឺ​ដោយ​មិនបាន​ប្រកាន់​ថា​អ្នកជំងឺ​ព្យាបាល​ដោយ​ការបង់ប្រាក់ ​ឬក៏​ប្រើប្រាស់​ប័ណ្ណ​ប​.​ស​.​ស​. ឬក៏​ប័ណ្ណ​សមធម៌​នោះទេ​»​។

អ៊ំស្រី​បាន​ឲ្យ​ដឹង​ទៀតថា ​« បើ​គ្មាន​ប័ណ្ណ​ក្រីក្រ​នេះ​ទេ ខ្ញុំ​ក៏​ពុំមាន​លទ្ធភាព​មក​ទទួល​សេវា​ព្យាបាល​និង​វះកាត់​ភ្នែក​បាន​ឡើយ ដោយសារតែ​ជីវភាព​មានការ​ខ្វះខាត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114