ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម ពន្យល់​វិនិយោគិន​ចិន អំពី​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​លើក​កម្ពស់​ឧត្ដមភាព​ប្រកួតប្រជែង​កម្ពុជា​

​សាន​ស៊ី​, ចិន​ ៖​ វេទិកា​ជំរុញ​ធុរកិច្ច វិនិយោគ និង​ទេសចរណ៍​កម្ពុជា​-​ចិន (​ខេត្ត​សាន​ស៊ី​) ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩ ដំណាលគ្នា​ជាមួយ​ព្រឹត្តិការ​ពិព័រណ៍ នៅ​ទីក្រុង​ស៊ី​អាន នៃ​ខេត្ត​សាន​ស៊ី លោក ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង ពន្យល់​វិនិយោគិន និង​ធុរជន​ចិន នៃ អំពី​កំណែទម្រង់​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ពង្រឹង​ឯករាជ្យភាព និង​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា ដើម្បី​រក្សា​វិនិយោគិន​បច្ចុប្បន្ន និង​ទាក់ទាញ​ការវិនិយោគ​ថ្មីៗ​បន្ថែមទៀត​ពី​ប្រទេស​ចិន​។​

​នាឱកាស​នោះ លោក ឈួន ដា​រ៉ា បានលើកឡើង​អំពី​ចំណាត់ការ​ថ្មីៗ ដែល​បាន​ដាក់ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​លុបបំបាត់​នីតិវិធី​ស្មុគស្មាញ និង​សកម្មភាព​ការិយាធិបតេយ្យ​ទាំងឡាយ ដើម្បី​លើកស្ទួយ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ ព្រមទាំង​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម ជាពិសេស​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​វិស័យ​ឯកជន ឱ្យបាន​អតិបរិមា ដើម្បី​ធានា​ការលូតលាស់​ប្រកបដោយ​និរន្តរភាព​។​

​លោក ឈួន ដា​រ៉ា បាន​គូសបញ្ជាក់ថា ​«​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើការ​កែសម្រួល​នីតិវិធី​រដ្ឋបាល​ជាច្រើន ដើម្បី​ជួយ​ដល់​វិស័យ​ឯកជន មានដូចជា ​លុបបំបាត់​កម្រៃ​គ្រប់គ្រង​ការនាំចេញ​, ធ្វើ​ប្រតិ ភូកម្ម​សេវា​ចេញ CO ដល់​មន្ទីរ​នៅ​ថ្នាក់ក្រោម​ជាតិ​, រំកិល​ទីតាំង​ឈរជើង​របស់​កាំកុងត្រូល​, ដាក់ឲ្យ​ដំណើរការ​ច្រកចេញ​-​ចូល​តែមួយ និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​សំខាន់ៗ​ជាដើម​»។​

​សូមជម្រាបថា វេទិកា​ជំរុញ​ធុរកិច្ច វិនិយោគ និង​ទេសចរណ៍​កម្ពុជា​-​ចិន (​ខេត្ត​សាន​ស៊ី​) ឆ្នាំ​២០១៩ ត្រូវ​បាន​រៀបចំឡើង ដើម្បី​ផ្លាស់ប្ដូរ​ទស្សនៈ និង​បណ្តុះ​ផ្នត់គំនិត​ថ្មីៗ ទាក់ទង​ការពង្រឹង​សហគ្រិនភាព និង​ការគ្រប់គ្រង​ធុរកិច្ច​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។ វេទិកា​នេះ ក៏​ជា​ឱកាស​សម្រាប់​វិនិយោគិន​ចិន ធ្វើការ​ស្វែងយល់​អំពី​សក្ដានុពល​វិនិយោគ នៅតាម​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក ហើយ​ឆ្នាំនេះ​កម្ពុជា គឺជា​ប្រទេស​កិត្តិយស ដែល​ត្រូវបាន​អញ្ជើញ​ឱ្យ​ចែករំលែក​បទពិសោធន៍​, កាលានុវត្តភាព​ធុរកិច្ច និង​សក្ដានុពល​វិនិយោគ នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​៕