ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ជំនាញ​ក្រសួងពាណិជ្ជកម្ម ចុះ​រុះរើ​ស្លាក​យីហោ «​សាច់​មាន់​លោក​» និង​ណែនាំ​ម្ចាស់​ហាង អំពី​ច្បាប់​ពាណិជ្ជ​នាម​កម្ពុជា​

​ភ្នំពេញ ​៖ ថ្នាក់ដឹកនាំ ក្រសួងពាណិជ្ជកម្ម លោក វ៉េង សុធី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ចុះ​រុះរើ​ស្លាក​យីហោ​ភោជនីយដ្ឋាន​ចិន «​សាច់មាន់​លោក​» ដែល​បាន​បកប្រែ​ពី​ភាសា​អង់គ្លេស និង​ប្រើប្រាស់​អក្ខរាវិរុទ្ធ​មិន​ត្រឹមត្រូវ ហើយ​ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សាធារណជន​ខ្មែរ​។​

​ការរុះរើ​ស្លាក​យីហោ​ខាងលើ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​១៤ ខែឧសភា ឆ្នាំ​២០១៩ នៅលើ​ដង​វិថី​ព្រះមុនីវង្ស សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង ដោយមាន​ការចូលរួម​ពី​លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន តំណាង​សាលា​រាជធានី​ភ្នំពេញ និង​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ឱកាស​នោះ លោក វ៉េង សុធី បាន​គូសបញ្ជាក់ថា ការប្រើប្រាស់​អក្ខរាវិរុទ្ធ ឬ​ពាក្យពេចន៍​មិន​ត្រឹមត្រូវ​ដូចជា «​សាច់មាន់​លោក​» ពី​សំណាក់​ជនជាតិ​ចិន ដែលជា​ម្ចាស់​ភោជនីយដ្ឋាន នាំឲ្យ​មហាជន​ភាគច្រើន​មាន​ការយល់ច្រលំ​។​

លោក វ៉េង សុធី បាន​គូសបញ្ជាក់ថា «​ក្រៅពី​ខុស​អក្ខរាវិរុទ្ធ ភោជនីយដ្ឋាន​ចិន​នេះ ពុំបាន​សុំច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម ពី​ក្រសួងពាណិជ្ជកម្ម និង​ច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ឡើយ ខណៈ​ដែល​កម្ពុជា​យើង គឺជា​ប្រទេស​នីតិរដ្ឋ ហើយ​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​លើ​ការពង្រឹង​អនុវត្ត​ច្បាប់ ដើម្បី​ធានាបាន​នូវ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ស្ថិរភាព​សង្គម​»។​

​ទន្ទឹមគ្នា​នោះ លោក​រដ្ឋលេខាធិការ ក៏បាន​ណែនាំ និង​ពន្យល់​ជនជាតិ​ចិន​ម្ចាស់​ហាង អំពី​ច្បាប់​អាជីវកម្ម ពាណិជ្ជ​នាម និង​នីតិវិធី​ក្នុងការ​ស្នើសុំ​នាមករណ៍​ផ្លូវការ សម្រាប់​អាជីវកម្ម ឬ ក្រុមហ៊ុន ព្រមទាំង​កិច្ចប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​ពង្រឹង និង​លើកស្ទួយ​វិស័យ​កម្មសិទ្ធិបញ្ញា​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​កំណើន​សេដ្ឋកិច្ចជាតិ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114