ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម Hacker ឆ្លៀតឱកាស​យក​ចំណុចខ្សោយ​របស់​WhatsApp ដំឡើង​កម្មវិធី Spyware

កំហុស​សុវត្ថិភាព​ក្នុង​កម្មវិធី​WhatsApp​ដែលជា​កម្មវិធី​ផ្ញើ​សារ​ដ៏​ពេញនិយម​មួយ​ក្នុងចំណោម​កម្មវិធី​ដទៃទៀត​ក្នុង​ពិភពលោក​បានអនុញ្ញាត​ឱ្យ​ពួក​វាយប្រហារ​អាច​ដំឡើង​កម្មវិធី Spyware ក្នុង​បណ្ដា​ទូរ​សព្ទ​ជាច្រើន​ដែលជា​បញ្ហា​ចុងក្រោយ​មួយ​សម្រាប់​ក្រុមហ៊ុនមេ​គឺ Facebook​។​នេះ​បើតាម​ការលើកឡើង​រប​ស់​ក្រុមហ៊ុន​កាលពី​ថ្ងៃ​អង្គារ​។​

ការរាយការណ៍​បឋម​ពី​កាសែត The Financial Times ថា ភាព​ងាយ​រងគ្រោះ​និង​ការជួសជុល​ក្នុងពេល Update កម្មវិធី​ចុងក្រោយ​របស់ WhatsApp បាន​បើក​ឱ្យ​ពួក Hacker បញ្ចូល​កម្មវិធី​គ្រោះថ្នាក់​នៅលើ​ទូរ​សព្ទ​ជាច្រើន​ដោយបាន​ខ​ល​ទៅកាន់​គោលដៅ​អ្នកប្រើប្រាស់​ដែលមាន​ប្រហែល​១,៥​ពាន់​លាន​នាក់​ទូទាំង​ពិភពលោក​។​

សារព័ត៌មាន​ដដែល​បាន​ស្រង់​សម្ដី​អ្នក​ចែកចាយ​កម្មវិធី Spyware ម្នាក់​ដោយ​និយាយថា​ឧបករណ៍​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​មិនមាន​អត្តសញ្ញាណ​ច្បាស់លាស់​ដែលមាន​មូលដ្ឋាន​នៅ​អ៊ីស្រាអែល​ឈ្មោះថា NSO Group ដែល​ត្រូវបាន​ចោទប្រកាន់ថា​បាន​ជួយ​រដ្ឋាភិបាល​ពី​តំបន់​មជ្ឈិមបូព៌ា​ទៅដល់​ប្រទេស​ម៉ិច​ស៊ិ​កូ​ដើម្បី​តាមដាន​ការងារ​សកម្មជន​និង​អ្នកសារព័ត៌មាន​។ ក្រុម​អ្នកស្រាវជ្រាវ​សន្តិសុខ​បាន​និយាយថា កូដ​គ្រោះថ្នាក់​នេះ​មា​នស​ភាពស្រដៀងគ្នា​នឹង​បច្ចេកវិទ្យា​ផ្សេងទៀត​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​មួយ​នេះដែរ​។ នេះ​បើ​យោងតាម​កាសែត The New York Times បាន​ចុះផ្សាយ​។​

អ្នកនាំពាក្យ​របស់ WhatsApp ម្នាក់​បានឱ្យដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​មកកាន់​ទីភ្នាក់ងារ​ព័ត៌មាន​AFP ថា “WhatsApp បាន​ជំរុញ​ឱ្យ​អ្នកប្រើប្រាស់​ធ្វើ​កំណែប្រែ​ថ្មី​ឱ្យដល់ Version ចុងក្រោយបង្អស់​ក៏ដូចជា​ធ្វើការ Update ប្រព័ន្ធ​ដំណើរការ​ទូរ​សព្ទ​របស់​ពួកគេ​រហូត​ដែរ​ដើម្បី​ការពារ​ប្រឆាំង​ការ​កេងចំណេញ​ដែល​បានកំណត់​គោលដៅ​ណាមួយ​ដែល​ធ្វើឡើង​ដើម្បី​លួច​យក​ព័ត៌មាន​ដែល​រក្សាទុក​ក្នុង​ទូរ​សព្ទ​ដៃ​ទាំង​ប៉ុន្មាន​។​”

ទោះជា​យ៉ាងណា​ក្រុមហ៊ុន​មិនបាន​ឱ្យដឹងពី​ចំនួន​អ្នកប្រើប្រាស់​ដែល​បាន​រងគ្រោះ​ឬ​ជា​គោលដៅ​របស់​ពួក​កេងចំណេញ​ទាំង​នោះទេ​គ្រាន់តែ​បាន​និយាយថា​ខ្លួន​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​អាមេរិក​រួចហើយ​៕AFP



TAG