ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋាភិបាល​អង់គ្លេស ​នឹង​ដាក់​ចេញ​សេចក្តីព្រាង​ច្បាប់ Brexit ក្នុង​ខែមិថុនា

អ្នកនាំពាក្យ​ការិយាល័យ Downing Street បានប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា រដ្ឋាភិបាល​របស់លោក​ស្រី​នាយករដ្ឋមន្ត្រី Theresa May នឹង​ចេញ​សេចក្តីព្រាងច្បាប់​នៅក្នុង​សប្តាហ៍​ទី​១​នៃ​ខែមិថុនា ​ដែល​នឹង​អនុញ្ញាត​ឲ្យ​កិច្ចព្រមព្រៀង Brexit បន្ត​ទៅមុខ​ប្រសិនបើ​ត្រូវបាន​អនុម័ត​ដោយ​សភា​។​

សេចក្តីថ្លែងការណ៍​នេះ​បាន​កើតឡើង​បន្ទាប់ពី​ការចរចា​រវាង​លោកស្រី May និង​មេដឹកនាំ​គណបក្សប្រឆាំង​លោក Jeremy Corbyn ស្តីពី​ការសម្របសម្រួល​ដែល​អាចធ្វើ​ទៅបាន​ដែល​នឹង​បញ្ចប់​ភាពជាប់គាំង​របស់ Brexit នៅក្នុង​សភា​។​

លោកស្រី May បាន​ជួប​ជាមួយ​លោក Corbyn ដើម្បី​បញ្ជាក់​យ៉ាងច្បាស់​អំពី​ការប្តេជ្ញាចិត្ត​របស់លោក​ស្រី​ក្នុង​ការនាំយក​កិច្ចចរចា​នេះ​ទៅរក​សេចក្តីសន្និដ្ឋាន​មួយ​និង​ផ្តល់​លទ្ធផល​នៃ​ការធ្វើប្រជាមតិ​ឲ្យ​ចាក​ចេញពី​សហភាព​អឺរ៉ុប​។​

អ្នកនាំពាក្យ​រូបនេះ​បាន​និយាយ​ដោយ​សំដៅ​ដល់​សេចក្តីព្រាងច្បាប់​មួយ​ដែល​ផ្អែកលើ​កិច្ចព្រមព្រៀង​លែងលះ​ដែល​បាន​ឈានដល់​ជាមួយ​មេដឹកនាំ​សហភាព​អឺរ៉ុប​ថា “​ដូច្នេះ យើង​នឹង​នាំយក​កិច្ចព្រមព្រៀង​ដកខ្លួន​នៅ​សប្តាហ៍​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​៣​ខែមិថុនា​”​។​

អ្នកនាំពាក្យ​រូបនេះ​បាន​និយាយថា “​លោកស្រី May កំពុង​ស្វែងរក​សំឡេង​ភាគច្រើន​ប្រកបដោយ​ស្ថិរភាព​នៅក្នុង​សភា​ដែល​នឹង​ធានា​ឲ្យ​មានការ​អនុម័ត​ដោយ​សុវត្ថិភាព​នៃ​សេចក្តីព្រាងច្បាប់​កិច្ចព្រមព្រៀង​ដកខ្លួន​និង​ការចាកចេញ​ដ៏​ឆាប់រហ័ស​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​”​។​

កាលពី​ប្រាំមួយ​សប្តាហ៍​មុន រដ្ឋមន្ត្រី​និង​សម​ភាគី​គណបក្ស​ពលកម្ម​របស់​ពួកគេ​បាន​ពិភាក្សាគ្នា​អំពី​របៀប​ដែល​សភា​អាច​ព្រម​ទទួលយក​កិច្ចព្រមព្រៀង​ដែល​លោកស្រី May បាន​ឈានដល់​ជាមួយ​សហភាព​អឺរ៉ុប​កាលពី​ឆ្នាំមុន​។​

ទោះបីជា​យ៉ាងណាក៏ដោយ ដំណើរការ​មាន​ភាពយឺតយ៉ាវ​ហើយ​មានការ​អំពាវនាវ​កាន់តែខ្លាំង​ឡើង​នៅក្នុង​គណបក្ស​អភិរក្ស​របស់លោក​ស្រី May ឲ្យ​បោះបង់ចោល​ដំណើរការ​នេះ​។​

សមាជិកសភា​បាន​ច្រានចោល​កិច្ចព្រមព្រៀង Brexit របស់លោក​ស្រី May ចំនួន​បី​ដង​រួចទៅហើយ​។​
​លោកស្រី​បាន​ងាក​ទៅរក​គណបក្ស​ពលកម្ម​កាលពី​ខែ​មុន​ដោយ​ក្តី​សង្ឃឹមថានឹង​រកឃើញ​ផ្លូវ​មួយ​ប៉ុន្តែ​គណបក្ស​នេះ​កំពុង​ទទូច​ឲ្យ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហភាព​អឺរ៉ុប​ដែលជា​រឿង​មួយ​ត្រូវបាន​សមាជិកសភា​អភិរក្ស​ជាច្រើន​បដិសេធ​៕ AFP


TAG