ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្លៀង​ធ្លាក់​ប៉ុន្មាន​មេ​ នា​ខែ​សភា​នេះ ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ ​មិន​បារម្ភ​ក្នុង​ការ​លិចលង់ ​ព្រោះ​មាន​បណ្តាញ​លូ​បង្ហូរ​ទាន់​ពេល​

ភ្នំពេញ​ ៖ ​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុន្មាន​មេ​នេះ ​ឃើញ​ថា​ ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​មិនសូវ​ព្រួយ​បារម្ភ​ក្នុង​ការលិចលង់ ​ដោយសារ​តែមាន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​មាន​មុខកាត់​ធំ​ដែល​ទើប​ជីក​ដាក់​នា​រដូវប្រាំង​កន្លង​ទៅ​។​

ជាក់ស្តែង​នៅពេល​ថ្មីៗ​នេះ​មាន​ធ្លាក់ភ្លៀង​ជាប់ៗ​គ្នា​នា​ខែឧសភា​នេះ​ ប៉ុន្តែ​ទីតាំង​ដែល​តែងតែ​រង​ការ​លិចលង់​ឥឡូវ​លែង​មាន​ទឹក​ដក់​លើផ្លូវ ​ខុសប្លែក​ពីមុន​ឲ្យ​តែ​ភ្លៀង​ធ្លាក់​ម្តងៗ ​គឺ​លិចលង់​មិនតិចជាង​មួយ​សប្ដាហ៍​នោះ​។​

ទាក់ទិន​នឹង​ករណី​ខាងលើនេះ​ លោក​ ចេង មុនី​រ៉ា អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​មានប្រសាសន៍ថា ​នៅ​មិនទាន់​ថា​ អស់​កន្លែង​លិចលង់​នោះទេ​ គឺ​នៅសល់​តិចតួច ​ប៉ុន្តែ​ការលិចលង់​ដោយ​កន្លែង​នេះ ​គឺ​ព្រោះតែ​ស្ទះលូ​ប៉ុណ្ណោះ​។ ​ទោះជា​យ៉ាងណាក្តី​ គឺ​នៅពេល​មាន​ភ្លៀង​ធ្លាក់​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ បាន​ដឹកនាំ​កម្លាំង​តាម​បណ្តា​សង្កាត់​ទាំង​៨​ ចុះ​ពិនិត្យមើល​ទីតាំង​ដែល​ធ្លាប់​តែ​លិច ​ហើយ​បើ​ដឹងថា​ស្ទះលូ​ត្រូវ​រួសរាន់​កាយ​យក​សំរាម​ចេញ​ភ្លាមៗ​មិន​ទុក​ឲ្យ​ស្ទះ​រាប់​ម៉ោង​នោះ​ឡើយ​ ព្រោះ​អាច​ប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ ឬ​ក៏​ងាយ​នឹង​លិចលង់​ផ្ទះសម្បែង​ និង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​ទៀតផង​។​

លោក​អភិបាលខណ្ឌ​បានបញ្ជាក់​ទៀត​ថា ​ជាក់ស្ដែង​ គឺ​នៅ​ថ្ងៃ​ភ្លៀង​ធ្លាក់​ដំបូង​នៅ​ភូមិ​អូរ​អណ្តូង​ទី​១​ សង្កាត់​ព្រែកប្រា​ មាន​ទឹក​ដក់​លើផ្លូវ​ និង​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ដោយសារតែ​ទឹក​ហូរ​ចូល​លូ​មិនទាន់​ និង​កន្លែង​ខ្លះ​ទៀត​ស្ទះលូ​ទើប​ លោក​អភិបាល​ហៅ​រថយន្ត​បូម​លូ​មក​បូម​យក​សំរាម​ចេញ​ធ្វើ​យ៉ាង​ណា​ កុំ​ឲ្យ​ទឹក​បន្ត​លិចលង់​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114