ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ដាក់​របាំង​ថ្ម​ហាមឃាត់​រថយន្ត​បើកបរ​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ថ្មី ចាស់​

​ភ្នំពេញ ៖ កាលពីពេល​ថ្មីៗ​នេះ​ លោក ចេង មុនី​រ៉ា​ អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ស្ទូច​យក​របាំង​ថ្ម​ទៅ​ដាក់​លើផ្លូវ​ចាក់​ក្រាល​បេតុង​ត្រង់​គល់​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ចាស់​ដើម្បី​ហាមឃាត់​មិន​ឲ្យ​រថយន្ត​បើកបរ​ឆ្លងកាត់​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ចាស់​ប៉ែក​ខាងកើត​ក្នុង​ទឹកដី​ខណ្ឌ​ច្បារអំពៅ។

យោង​តាម​ប្រសាសន៍​របស់ លោក​ចេង មុនី​រ៉ា អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ​មូលហេតុ​ដែល​លោក​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ស្ទូច​យក​របាំង​ថ្ម​ទៅ​ដាក់​លើ​ផ្លូវ​ចាក់​ក្រាល​បេតុង​ជាប់​គល់ស្ពាន​ព្រះមុនីវង្ស​ថ្មី ចាស់​នេះ​គឺ​ហាមឃាត់​មិន​ឲ្យ​រថយន្ត​បើកបរ​ឆ្លងកាត់​ក្រោម​ស្ពាន​។​

លោក​អភិបាលខណ្ឌ​បាន​មានប្រសាសន៍​បន្តទៀតថា​ ផ្លូវ​ចាក់​បេតុង​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ថ្មី ចាស់​នេះ​គឺ​អាជ្ញាធរ​ស្ថាបនា​ឡើង​សម្រាប់​ឲ្យ​អ្នក​ថ្មើរ​ជើង​ និង​ម៉ូតូ​ធ្វើដំណើរ​ ដើម្បី​បញ្ចៀស​ចរាចរណ៍ ​ខណៈ​ដែល​បងប្អូន​អ្នកដំណើរ​ទៅ​ផ្សារ​ច្បារអំពៅ​ ឬ​វាង​ទៅ​ឡើង​ស្ពាន​ឆ្ពោះ​ទៅ​ភ្នំពេញ​។​

ក្នុងឱកាស​នោះដែរ ​លោក​អភិបាលខណ្ឌ​ ក៏​សុំ​ការ​អធ្យាស្រ័យ​ដល់​បងប្អូន​ជា​ម្ចាស់​រថយន្ត​ផង​ដែរ​ ខណៈ​ដែល​បច្ចុប្បន្ន​មានការ​កកស្ទះ​ចរាចរណ៍​នៅពេលដែល​រថយន្ត​ព្យាយាម​បើកបរ​ក្រោម​ស្ពាន​សឹង​គ្រប់ពេល​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114