ព័ត៍មានទាន់​ហេតុការណ៏
Search

ជន​អនាថា​ម្នាក់ ​ដើរ​មក​សម្រាន្ត​កណ្ដាល​ផ្លូវ ត្រូវ​រថយន្ត​៣​គ្រឿង បើក​បុក​កិន​ពាក់កណ្ដាល​ខ្លួន ​​រង​របួស​ធ្ងន់​ និង​ស្លាប់​ពេល​បញ្ជូន​ទៅ​ពេទ្យ

ភ្នំពេញ ៖ បុរស​ម្នាក់ ដែលជា​មនុស្ស​ប្រើប្រាស់​ថ្នាំញៀន​រហូត​វង្វេងស្មារតី​បាត់បង់​ម្ចាស់ការ​លើ​ខ្លួន​ឯង អត់​ផ្ទះសម្បែង ដោយ​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ មិន​ដឹង​មក​ពី​ណា ចេះតែ​ដើរ​ដក​តាម​សួនច្បារ​សាធារណៈ ព្រមទាំង​ឆ្លៀត​លួច​យក​របស់របរ​អ្នក​អង្គុយ​ញ៉ាំ​អី​នោះ បាន​ដើរ​ទៅ​ដេក​កណ្ដាលផ្លូវ ត្រូវ​រថយន្ត​៣​គ្រឿង បើក​បុក​កិន​ពាក់កណ្ដាល​ខ្លួន បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់។

ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើ​រ​កាលពី​វេលា​ម៉ោង​០០​និង​៥០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ពុធ ទី​១៥ ខែឧសភា ឆ្នាំ​២០១៩​នេះ នៅ​ចំណុចកណ្ដាល​ស្តុ​ប​ចេនឡា​(​ផ្សារ​ដើម​គរ​) ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

ក្រោយ​កើតហេតុ​ការណ៍​គ្រោះ​ថ្នាក់លើ​ជនអនាថា​រូបនេះ ទាំង​ខាង​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ​ឯកជន និង​មន្ទីរពេទ្យ​រដ្ឋ ដូចជា​មិនសូវ​យកចិត្ត​ទុក​ដាក់​ក្នុង​ការ​ចុះមក​ដឹក​ជនរងគ្រោះ ដើម្បី​ជួយ​សង្គ្រោះ​នោះ​ឡើយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​វាយ​តម្លៃ​ថា ឃើញ​តែ​អ្នកមាន​លុយ ឯ​អ្នក​អត់លុយ​មិន​ខ្វល់ រហូត​មាន​រថយន្ត​គ្លីនិក​ឯកជន ហុង​ហាក់ មក​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​ដែរ តែ​អកុសល​ជនរង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់ ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​។​

សាក្សី​ជា​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​ខាងលើ ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី បាន​ដើរ ដេក​តាមផ្លូវ និង​កណ្ដាលផ្លូវ​ជា​រៀងរាល់ថ្ងៃ ទាំង​ថ្ងៃ ទាំង​យប់ ហើយ​កន្លងមក​ក៏ត្រូវ​បាន​រថយន្ត​បើក​បុក បណ្ដាល​ឲ្យ​រង​របួស​ផង​ដែរ តែ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ​។ នៅ​យប់កើតហេតុ បុរស​រូប​នេះ បាន​ដើរមក​ដេក​កណ្ដាលផ្លូវ​ត្រង់ចំណុច​ស្តុ​ប​ចេនឡា​ផ្សារ​ដើម​គ ធ្វើ​ឲ្យ​រថយន្ត​មិន​ស្គាល់​ម៉ាក​៣​គ្រឿង បើក​បុក​កិន​ចំ​ខ្លួន បណ្ដាល​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ រួចហើយ​រថយន្ត​បង្ក​ទាំង​នោះ បាន​បន្ត​ដំណើរ​ទៅ​បាត់ស្រមោល​។​

បន្ទាប់ពី​ករណី​បុរស​សតិ​មិនល្អ ត្រូវ​បាន​រថយន្ត​កិន​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ គេ​សង្កេត​ឃើញ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ​ឯកជន និង​មន្ទីរពេទ្យ​រដ្ឋ ដូចជា​មិនសូវ​យកចិត្ត​ទុក​ដាក់​ក្នុង​ការ​ចុះមក​ដឹក​ជនរងគ្រោះ​ដើម្បី​ជួយសង្គ្រោះ​នោះ​ឡើយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​វាយ​តម្លៃ​ថា ឃើញ​តែ​អ្នកមាន​លុយ ឯ​អ្នក​អត់​លុយ​មិន​ខ្វល់​ឡើយ​។​

ក្រោយមក​ក៏មាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ឯកជន ហុង ហាក់ ចុះមក​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទី​រពេទ្យ​កាល់​ម៉ែត្រ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​។ តែ​អកុសល​ជនរងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​ពេល​បញ្ចូនទៅ​ដល់​មន្ទីរពេទ្យ​។​

បច្ចុប្បន្ន សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ និង​យក​តម្កល់​នៅ​ឯ​វត្ត​ទឹកថ្លា រង់ចាំ​បូជា​តាម​ប្រពៃណី​នា​ពេល​ក្រោយ​៕

 ​  ​