ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ខេត្ត​កំពង់ចាម ត្រៀម​ធ្វើតេស្ត​រើស​កីឡាករ​យុវជន​ថ្នាល​​ចូល​ក្នុង​ក្រុម U18

ក្លិបបាល់ទាត់ខេត្តកំពង់ចាម សមាជិក​ថ្មី​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា (Metfone Cambodian League 2019) បានប្រកាស​នៅ​លើ​ហ្វេសប៊ុក​របស់​ក្លិប​ថា​ក្លិប​នឹង​រៀបចំ​ធ្វើតេស្ដ​សមត្ថភាព​ជ្រើសរើស​យុវជន​ថ្នាលកម្រិតអាយុក្រោម១៨ឆ្នាំ​ (U18) ប្រមាណ​​ពី​២០ទៅ​៣០នាក់​ដើម្បី​ត្រៀម​ចូលរួម​ប្រកួតដណ្ដើមពានរង្វាន់ផ្សេងៗនាពេលខាងមុខ។

គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) បាន​ស្រង់​សម្តី​លោក ស្រេង វ៉ាន់ណូ អ្នកចាត់ការ​ទូទៅ ក្រុម​បាល់ទាត់​ខេត្ត​កំពង់ចាម ថា​ការជ្រើសរើស​កីឡាករ​វ័យ​ក្មេង​ចូល​ឈុត​យុវជន​ថ្នាល​នេះ​គឺ​មិនប្រកាន់​ថា​បេក្ខជន​មកពីខេត្តណាឡើយ ហើយសម្រាប់បេក្ខជនមិនមែនអ្នកកំពង់ចាម​ ចាប់​អារម្មណ៍​ ភាគី​ក្លិបនឹងសម្រួលការធ្វើដំណើរ​ដើម្បី​បាន​ធ្វើតេស្ដ។

ថ្នាក់ដឹកនាំ​ក្លិប​ខេត្ត​កំពង់ចាម បាន​បន្ថែម​ថា៖«សម្រាប់យុវជននៅខេត្តនានាដែលចង់ធ្វើតេស្ដ​ យើង​ក៏​ស្វាគមន៍​ដែរ ឲ្យតែចាប់អារម្មណ៍ ហើយយើងនឹងរៀបចំជូន។​ ការជ្រើសរើសនេះ​ប្រហាក់​ប្រហែល​២០​ទៅ​៣០នាក់ដែរ ព្រោះយើងឃើញយុវជននៅខេត្តកំពង់ចាមល្អៗច្រើន​។ អ៊ីចឹង​យើង​ចង់​ឲ្យ​ពួក​គាត់​​បាន​បង្ហាញសមត្ថភាព«។ ទន្ទឹម​នឹង​គ្នា​នេះ​ដែរ​ក្លិប​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​នៃការ​ធ្វើតេស្ដ​​ ជាក់លាក់​នៅ​ឡើយ​នោះ​ទេ ហើយ​ក្លិប​នឹង​ជូនដំណឹង​ជា​ផ្លូវការ​តាម​ហ្វេសប៊ុក​ជា​បន្ត។

សូម​បញ្ជាក់​ថា​ក្លិបបាល់ទាត់ខេត្តកំពង់ចាម ជា​បេក្ខជន​ថ្មី​១ក្នុង​ចំណោម​៣ក្រុម​ដែល​ CNCC និង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា អនុញ្ញាតឲ្យចូលរួមការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ Metfone Cambodian League ជាលើកដំបូងនៅឆ្នាំ២០១៩នេះ ពោល​គឺ​ជាមួយ​ក្រុម​ជើង​ចាស់​គីរីវង់​សុខសែនជ័យ ដែល​ធ្លាក់​ចេញ​ទៅ​លេង​លីគ​លំដាប់​ទី២​កាល​ពី​ឆ្នាំ​២០១៧ បូក​ទាំង​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114