ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Xi និយាយថា គ្មាន​ការប៉ះទង្គិច​ដល់​អរិយធម៌​ទេ ​ស្របពេល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​

ប្រធានាធិបតី​ចិន​លោក Xi Jinping បានប្រកាស​នៅ​ថ្ងៃ​ពុធ​ថា មិនមាន​ការប៉ះទង្គិច​ណាមួយ​ដល់​អរិយធម៌​ទេ​ហើយ​បាន​ថ្កោលទោស​ចំពោះ​ការរើសអើង​ពូជសាសន៍​ថា​ជា​រឿង “​ឆ្កួត​” ស្របពេល​មាន​ភាព​តានតឹង​ជាមួយ​សហរដ្ឋអាមេរិក​និង​ការព្រួយបារម្ភ​ជុំវិញ​ការកើនឡើង​នៃ​អំណាច​ជាស​កល​របស់​ទីក្រុង​ប៉េកាំង​។​

ការកត់សម្គាល់​របស់​លោក​បាន​កើតឡើង​បន្ទាប់ពី​មន្ត្រីជាន់ខ្ពស់​អាមេរិក​កាលពី​ខែ​មុន​បាន​ពណ៌នា​អំពី​ការ​ប្រជែង​គ្នា​រវាង​ចិន​និង​សហរដ្ឋអាមេរិក​ថា​ជា “​ការប្រយុទ្ធ​ជាមួយនឹង​អរិយធម៌​ខុសគ្នា​និង​មនោគមវិជ្ជា​ខុសគ្នា​”​។​

លោក Kiron Skinner នាយក​ផ្នែក​ធ្វើ​ផែនការ​គោលនយោបាយ​នៅ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​បានចាត់ទុក​ថា​វា​ជាការ​ប្រកាន់​ជាតិ​សាសន៍​ដោយបាន​ប្រាប់​វេទិកា​សន្តិសុខ​ថា ប្រទេស​ចិន​គឺជា​អ្នកប្រកួតប្រជែង​អំណាច​ដ៏​ធំ​បំផុត​របស់​សហរដ្ឋអាមេរិក​ដំបូង​គេ​។​

លោក Xi បាន​និយាយ​នៅក្នុង​ពិធី​បើក​ស​ន្និសិទ​ស្តីពី​កិច្ចសន្ទនា​នៃ​អា​រិ​យ​ធម៌​អាស៊ី​ក្នុង​ទីក្រុង​ប៉េកាំង​ថា “​ការ​គិតថា​ពូជសាសន៍​និង​វប្ប​ធ៌​ម​របស់ខ្លួន​គឺ​ល្អប្រសើរ​ហើយ​ការទទូច​ចង់​ផ្លាស់ប្តូរ​ឬ​ជំនួស​អរិយធម៌​ផ្សេងទៀត​គឺជា​រឿង​ឆោតល្ងង់​នៅក្នុង​ការយល់ដឹង​និង​ជា​មហន្តរាយ​នៅក្នុង​ការអនុវត្ត​ជាក់ស្តែង​។ គ្មាន​ការប៉ះទង្គិច​គ្នា​រវាង​អរិយធម៌​ខុសគ្នា​នោះទេ យើង​គ្រាន់តែ​ចង់​ឲ្យ​មាន​ភាពសប្បាយ​រីករាយ​ចំពោះ​ភាពស្រស់ស្អាត​នៅក្នុង​អរិយធម៌​ទាំងអស់​ប៉ុណ្ណោះ​”​។​

សុន្ទរកថា​របស់លោក Xi បាន​កើតឡើង​ក្នុង​រយៈពេល​តិចជាង​មួយ​សប្តាហ៍​បន្ទាប់ពី​ការចរចា​ពាណិជ្ជកម្ម​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ប៉េកាំង​កាន់តែ​អាក្រក់​ទៅៗ​ដោយ​អាមេរិក​បាន​ដំឡើង​ពន្ធ​ក្នុង​ទំហំ​ទឹកប្រាក់​២០០​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​របស់​ចិន​និង​ការកំណត់​ពន្ធ​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​៣០០​ពាន់​លាន​ដុល្លារ​បន្ថែមទៀត​។​

កាលពី​ថ្ងៃ​ចន្ទ ប្រទេស​ចិន​បាន​សងសឹក​វិញ​ជាមួយនឹង​សេចក្តីប្រកាស​មួយ​ថា ខ្លួន​នឹង​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​ក្នុង​ទំហំ​ទឹកប្រាក់​៦០​ពាន់​លាន​ដុល្លារ​ចាប់ពី​ថ្ងៃទី​១​ខែមិថុនា​ទៅ​។​

សុន្ទរកថា​របស់លោក Xi កាលពី​ថ្ងៃ​ពុធ​ក៏បាន​ផ្តោតលើ​ការលើកកម្ពស់​កិច្ចសហការ​អន្តរ​វប្បធម៌​នៅ​ទូទាំង​តំបន់​ផងដែរ​ហើយ​បាន​អំពាវនាវ​ដល់​បណ្តា​ប្រជាជាតិ​អាស៊ី​ដទៃទៀត​ឲ្យ​ពង្រឹង​ទំនុកចិត្ត​ផ្នែក​វប្បធម៌​៕ AFP