ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Macron និង​លោកស្រី Ardern រៀបចំ​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ប៉ារីស​ប្រឆាំងនឹង​ភាពជ្រុលនិយម​តាម​អន​ឡាញ

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​នាយករដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់​លោកស្រី Jacinda Ardern នៅ​ថ្ងៃ​ពុធ​បានទទួល​មេដឹកនាំ​ពិភពលោក​ដទៃទៀត​និង​មេដឹកនាំ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​ដើម្បី​ចាប់ផ្តើម​គំនិត​ផ្តួចផ្តើម​ថ្មី​ដ៏​មាន​មហិច្ឆតា​មួយ​ក្នុង​គោលបំណង​ទប់ស្កាត់​ភាពជ្រុលនិយម​តាម​អន​ឡាញ​។​

គំនិត​ផ្តួចផ្តើម​នេះ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា “Christchurch call” គឺ​ត្រូវបាន​ជំរុញ​ដោយ​លោកស្រី Ardern បន្ទាប់ពី​ជន​ជ្រុលនិយម​ស្បែក​សម្នាក់​បាន​បាញ់សម្លាប់​មនុស្ស​ចំនួន​៥១​នាក់​នៅក្នុង​ការសម្លាប់​រង្គាល​នៅ​វិហារ​ឥស្លាម​ពីរ​កន្លែង​ក្នុង​ទីក្រុង​របស់​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​កាលពី​ខែមីនា​ដែល​នោះ​ជា​អំពើ​ឃោរឃៅ​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​នេះ​នាពេល​ថ្មីៗ​។​

អ្នកចូលរួម​នឹងត្រូវ​បានស្នើ​សុំ​ឲ្យ​ប្តេជ្ញាចិត្ត​ដើម្បី​លុបបំបាត់​ខ្លឹមសារ​ជ្រុលនិយម​ភេរវកម្ម​និង​ហិង្សា​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​និង​វេទិកា​អន​ឡាញ​ដទៃទៀត​។​

កិច្ចប្រជុំ​នយោបាយ​នេះ​នឹង​ដំណើរការ​ស្របគ្នា​ទៅនឹង​គំនិត​ផ្តួចផ្តើម​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​លោក Macron ឈ្មោះ Tech for Good ដែល​នឹង​ប្រមូលផ្តុំ​ប្រធាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចំនួន​៨០​នាក់​នៅ​ទីក្រុង​ប៉ារីស​ដើម្បី​ស្វែងរក​មធ្យោបាយ​មួយ​សម្រាប់​បច្ចេកវិទ្យា​ថ្មី​ដើម្បី​ធ្វើ​ការងារ​រួមគ្នា​។​

កិច្ចប្រជុំ​កំពូល​នេះ​បានកើត​ឡើងខណៈ​មានការ​យល់ដឹង​កាន់តែខ្លាំង​ឡើង​ថា ការរំលោភបំពាន​នាពេល​បច្ចុប្បន្ន​ដោយ​ក្រុម​ជ្រុលនិយម​ក្នុង​បណ្តាញ​សង្គម​ត្រូវតែ​ឆ្លើយតប​បន្ទាប់ពី​អ្នក​វាយប្រហារ​នៅ​ទីក្រុង Christchurch បាន Live តាម Facebook ពី​កាមេរ៉ា​ដែល​បំពាក់​នៅលើ​ក្បាល​។​
​លោកស្រី Ardern គឺជា​កម្លាំង​ជំរុញ​នៅ​ពីក្រោយ​កិច្ចប្រជុំ​កំពូល​ក្នុង​ទីក្រុង​ប៉ារីស​បន្ទាប់ពី​សោកនាដកម្ម​នេះ​។​

មេដឹកនាំ​នូ​វែ​ល​ហ្សេ​ឡង់​រូបនេះ​ទទួលបាន​ភាពលេច​ធ្លោ​និង​ការគោរព​ដ៏​ធំធេង​ពី​ពិភពលោក​បន្ទាប់ពី​ការវាយប្រហារ​ដោយសារតែ​លោកស្រី​បាន​ជួយ​ដល់​សហគមន៍​ឥស្លាម​នៅក្នុង​ប្រទេស​និង​ការប្តេជ្ញាចិត្ត​ក្នុងការ​បង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ​ទៅលើ​ខ្លឹមសារ​ជ្រុលនិយម​។​

មេដឹកនាំ​សំខាន់ៗ​ដទៃទៀត​ដែលមាន​វត្តមាន​គឺ​រួមមាន​ស្តេច Abdullah ទី​២​នៃ​ប្រទេស​ហ្សកដានី​, នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau, នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Theresa May និង​ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​លោក Jean-Claude Juncker ។​

បុគ្គល​លេចធ្លោ​មកពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​និង​បណ្តាញ​សង្គម​ក៏​នឹងមាន​វត្តមាន​ផងដែរ​ហើយ​អ្នក​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​ស្ថាបនិក​និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Twitter លោក Jack Dorsey ដែល​លោក​ក៏​នឹងមាន​កិច្ចចរចា​ទ្វេភាគី​ជាមួយ​លោកស្រី Ardern ផងដែរ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114