ព័ត៍មានទាន់​ហេតុការណ៏
Search

អតីតមន្ត្រី​ជាន់ខ្ពស់ CNRP ថា សម រង្ស៊ី កំពុងតែ​បំប្លែង និង​បំភាន់​គោលនយោបាយ​របស់លោក កឹម សុខា

ភ្នំពេញ ​៖ លោក មុត ចន្ថា អតីតមន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​អះ អាង​ថា អ្វីដែល​លោក សម រង្ស៊ី កំពុង​ធ្វើ​សកម្មភាព​នៅ​បរទេស​នាពេល​បច្ចុប្បន្ន​នេះ គឺ​កំពុងតែ​បំប្លែង និង​បំភាន់​គោលនយោបាយ​របស់​លោក កឹម សុខា ពីព្រោះ​ការតស៊ូ​នយោបាយ​របស់​យើង​កន្លងមក គឺធ្វើឡើង​តាម​យន្តការ​គណបក្ស​នយោបាយ​ស្របច្បាប់ និង​ការប្រកួតប្រជែង​គ្នា​លើ​កម្មវិធី និង​គោលនយោបាយ នៅក្នុង​ទីលាន​ប្រជាធិបតេយ្យ​ដោយ​ស្មើភាព និង​យុត្តិធម៌ ហើយ​ការអំពាវនាវ​ឲ្យ​កងទ័ព​បះបោរ ដើម្បី​ទម្លាក់​អ្នកនេះ ទម្លាក់​អ្នកនោះ គឺ​មិនមែនជា​គោលនយោបាយ និង​គោលការណ៍​ដឹកនាំរ​របស់លោក កឹម សុខា ឡើយ​។

ការ​លើកឡើង​របស់លោក មុត ចន្ថា បានធ្វើ​ឡើងខណៈ​លោក សម រង្ស៊ី បាននឹងកំពុង​ធ្វើ​ចលនា​ជា​បន្ទាប់​នៅ​ក្រៅ​ប្រទេស ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នក​ស្និទ្ធ​ជាមួយ​ខ្លួន ងើបឡើង​ប្រឆាំង​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ហើយ​នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩​លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​អ្នក​ស្មោះស្ម័គ្រ​ហែហម​ខ្លួន​ចូល​មក​ប្រទេស​កម្ពុជា ដើម្បី​ដណ្តើមយក​អំណាច​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​នាយករដ្ឋមន្ត្រី​ឡើងកាន់​អំណាច​តាមរយៈ​ការបោះឆ្នោត​។

លោក មុត ចន្ថា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​យើង​ធ្លាប់​ស្តាប់​ឮ និង​ដឹង​ច្បាស់ អំពី​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ និង​របស់​លោក កឹម សុខា ជា​ប្រធាន​បក្ស “​គឺ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​”​។ ការ​តស៊ូ​នយោបាយ​របស់​យើង​កន្លង គឺ​នឹង​ត្រូវ​ធ្វើឡើង​តាម​យន្តការ​គណបក្សនយោបាយ​ស្របច្បាប់ និង​ការប្រកួតប្រជែង​គ្នា​លើ​កម្មវិធី និង​គោលនយោបាយ នៅក្នុង​ទីលាន​ប្រជាធិបតេយ្យ​ដោយ​ស្មើភាព និង​យុត្តិធម៌ តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​”​។

​តាម​លោក មុត ចន្ថា “​ការ​អំពាវនាវ​ឲ្យ​កងទ័ព​បះបោរ ដើម្បី​ទម្លាក់​អ្នកនេះ ឬ​អ្នកនោះ ឬក៏​ការវិល​ចូល​ស្រុក ដើម្បី​មក​ចាប់​អ្នកនេះ ឬ​អ្នកនោះ គឺ ”​មិនមែនជា​គោលនយោបាយ និង​គោលការណ៍​ដឹកនាំ​របស់ លោក​កឹម សុខា ឡើយ ហើយក៏​វា​មិនមែនជា​គោលនយោបាយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់បាន​ដាក់ចេញ​នោះ​ក៏​ទេ​ដែរ​”​។ សូមកុំ​បំប្លែង និង​បំភាន់ នាំ​ឲ្យ​ជាតិ និង​ប្រជាពលរដ្ឋ​ទុក្ខភ័យ​”​។

លោក មុត​ចន្ថា បាន​អះអាងថា លោក កឹម សុខា នៅតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា មិន​គុំកួន មិន​សងសឹក មិន​ចាត់ទុក​ខ្មែរ​ណា​ជាស​ត្រូវ ហើយ​លោក​នៅតែ​ដង្ហែ​តាម​ព្រះរាជ​បណ្តាំ​របស់​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុៈ ដែលថា “​ខ្មែរ​រួបរួម​ជា​ធ្លុង​មួយ ខ្មែរ​ខ្លាំង​” និង​ព្រះរាជតួនាទី​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនីៈ “​ឯកភាព​ជាតិខ្មែរ និង​និរន្តរភាព​ជាតិ​”៕