ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ជើងឯក​ហ្វូ​ត​សាល​កម្ពុជា Down Town Sport ប្រកាស​របស់​ដៃគូ​ឧបត្ថម្ភ មុន​ចេញទៅ​ប្រកួត​ជើងឯក​អាស៊ាន​នៅ​ថៃ

ក្រុមបាល់ទាត់ Down Town Sport FC ដែលជា​ម្ចាស់​ជើងឯក​ពានរង្វាន់​បាល់ទាត់​លី​គ​ហ្វូ​ត​សាល​ឆ្នាំ​២០១៨ (National Futsal League 2018) ក្រោម​ការរៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មានឈ្មោះ​តំណាង​ឲ្យ​កម្ពុជា ចេញទៅ​ប្រកួត​ដណ្តើម​ក្នុង​ពានរង្វាន់ ​«​ជើងឯក​ពានរង្វាន់​បាល់ទាត់​ហ្វូ​ត​សាល​ប្រចាំ​តំបន់​អាស៊ាន ឬ AFF Futsal Club Championship» ក្នុង​ឆ្នាំ​២០១៩ នេះ​ដែល​ធ្វើឡើង​នៅ​ប្រទេស​ថៃ​។​

លោក ហ៊ុល សុ​ភ័​ក្រ អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Down Town Sport FC បាន​លើក​ឡើង​ថា តាមរយៈ​ការ​ចាប់​ឆ្នោត​ថ្មីៗ​នេះ ក្រុម​លោក​នឹង​តំណាង​ឲ្យ​កម្ពុជា​ត្រូវ​ស្ថិត​ក្នុង​ពូ​ល B ដោយ​នៅ​ជាមួយ​ក្រុម Myanmar Imperial University FC របស់​មី​យ៉ាន់​ម៉ា និង​Melaka United របស់​ម៉ាឡេស៊ី​។​ ចំណែក​ពូ​ល A​មាន​៖ PTT Chonburi Bluewave របស់​ថៃ​, Sanvinest Sanatech Khanh Hoa របស់​វៀតណាម និង Black Steel Manokwari របស់​ឥណ្ឌូណេស៊ី​។ ការប្រកួត​ធ្វើ​នៅ​ខេត្ត Nakhon Ratchasima ប្រទេស​ថៃ​ចាប់ពី​ថ្ងៃទី​១៧​ដល់​២៣​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​តទៅ​។ លោក​បាន​បន្ត​ថា «​ក្នុង​ន័យ​នេះ​ដោ​ន​ថោ​ន​ត្រូវការ​ដៃគូ​ឧបត្ថម្ភ​ និង​ ជំនួយ​ពី​សប្បុរសជន​ក្នុង​ការ​ចាក​ចេញទៅ​ដើម្បី​តំណាង​ប្រទេស​កម្ពុជា​យើង»​។

ចំពោះ​ពានរង្វាន់ AFF Futsal Club Championship រៀបចំឡើង​ទើបតែ​បាន​៤​លើក​ប៉ុណ្ណោះ គិតពី​ឆ្នាំ​២០១៥ មក​ហើយ​ក្លិប​មកពី​ប្រទេស​ថៃ​ឈ្នះ​ជើងឯក​ទាំង​៤​លើក ពោលគឺ​ក្លិប Port FC ធ្លាប់​ឈ្នះ​ជើងឯក​ទាំង​៣​លើក ហើយ​ចុងក្រោយ​ក្រុម​Bangkok BTS FC ឈ្នះ​ជើងឯក​ម្តង​។ ចំណែក​កម្ពុជា ធ្លាប់​បញ្ជូន​ក្រុម​ទៅ​ប្រកួត​តែ​១​លើក​ប៉ុណ្ណោះ គឺ​នៅ​ឆ្នាំ​២០១៧​នេះ ដែល​ធ្វើឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ ក្រុម​នោះ​គឺ​ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ តែ​ត្រូវ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល​។

​សូម​រំលឹក​ថា​ ក្រុមបាល់ទាត់ Down Town Sport FC ជា​ម្ចាស់​ជើងឯក​ប្រកួត​លី​គ​ហ្វូ​ត​សាល​ជា​លើកដំបូង ដែល​រៀបចំ​ពី​ថ្ងៃ​ទី​០៣ ខែមីនា រហូតដល់​ថ្ងៃទី​២៨ ខែ កក្កដា ឆ្នាំ ២០១៨ ក្នុងចំណោម​សមាជិក​ចំនួន​១០​ក្រុម​លើ​ទីលាន​ដឹ​ប្លូ​ស្ព័ត (The Blue Sport) ម្តុំ​ទួលគោក​។ ការប្រកួត​មាន​រូបមន្ត​ជា​លក្ខណៈ​ប្រកួត​បែប​លី​គ​តាម​ប្រព័ន្ធ​លី​គ​២​ជុំ (​វិលជុំ​សន្សំ​ពិន្ទុ​) ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ចំនួន​៤​ក្រុម (Top4) ត្រូវ​ឡើង​ទៅ​ប្រកួត​គ្នា​ដណ្តើម​ជើងឯក​ប្រចាំ​រដូវ​កាល​៕