ព័ត៍មានទាន់​ហេតុការណ៏
Search

អារ៉ាប៊ីសាអ៊ូឌីត​និយាយថា ការវាយប្រហារ​លើ​រោងចក្រ​ប្រេង​ គឺ​ផ្តោតលើ​ការផ្គត់ផ្គង់​របស់​ពិភពលោក​

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការវាយប្រហារ​លើក​ប៉ាល់​ដឹក​ប្រេង​ពីរ​គ្រឿង​របស់ខ្លួន​ និង​បំពង់​បង្ហូរ​ប្រេង​ដ៏​សំខាន់​មួយ​គឺ​មិន​ត្រឹមតែ​សំដៅ​លើ​សន្តិសុខ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​សំដៅលើ​ការផ្គត់ផ្គង់​របស់​ពិភពលោក​ផងដែរ​។​

ការវាយប្រហារ​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​អះអាង​ដោយ​ក្រុម​ឧទ្ទាម​យេ​មែនមាន​សម្ព័ន្ធភាព​ជាមួយ​អ៊ីរ៉ង់​គឺ​បាន​បិទ​បំពង់​បង្ហូរ​ប្រេង​ដ៏​សំខាន់​មួយ​របស់​អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ថ្ងៃ​អង្គារ​ដែលជា​ហេតុ​បង្កើន​ភាព​តានតឹង​នៅ​ឈូង​សមុទ្រ​បន្ទាប់ពី​ការបំផ្លិចបំផ្លាញ​ដ៏​អាថ៌កំបាំង​លើក​ប៉ាល់​បួន​គ្រឿង​ដែល​ក្នុងនោះ​មាន​ពីរ​គ្រឿង​គឺជា​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ីសាអ៊ូឌីត​។​

អារ៉ាប៊ីសាអ៊ូឌីត​បាន​និយាយ​បន្ទាប់ពី​កិច្ចប្រជុំ​មួយ​ដែល​ដឹកនាំ​ដោយ​ព្រះអង្គ Salman នៅក្នុង​ទីក្រុង​សមុទ្រ​ក្រហម Jeddah កាលពី​ល្ងាច​ថ្ងៃ​អង្គា​រថា “​គណៈរដ្ឋមន្ត្រី​បាន​អះអាងថា អំពើ​ភេ​វរ​កម្ម​និង​ការបំផ្លិចបំផ្លាញ​ដោយ​ចេតនា​ទាំងនេះ​មិន​ត្រឹមតែ​កំណត់​គោលដៅ​លើ​អារ៉ាប៊ីសាអ៊ូឌីត​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​កំណត់​គោលដៅ​លើ​សន្តិសុខ​នៃ​ការផ្គត់ផ្គង់​ប្រេង​ពិភពលោក​និង​សេដ្ឋកិច្ច​សកល​ផងដែរ​”​។​

យន្តហោះ​គ្មាន​មនុស្ស​បើក​កាលពី​ថ្ងៃ​អង្គារ​បាន​វាយប្រហារ​ទៅលើ​ស្ថានីយ៍​បូម​ប្រេង​ចំនួន​ពីរ​នៅលើ​បំពង់​បង្ហូរ​ភាគ​ខាងកើត​របស់​អារ៉ាប៊ីសាអ៊ូឌីត​ដែល​អាច​បញ្ជូន​ប្រេង​ឆៅ​បាន​ប្រាំ​លាន​ធុង​ក្នុង​មួយថ្ងៃ​និង​ផ្តល់​ជា​ផ្លូវ​យុទ្ធសាស្ត្រ​សម្រាប់​ការនាំចេញ​របស់​អារ៉ាប៊ីសាអ៊ូឌីត​ប្រសិនបើ​ផ្លូវ​ដឹកជញ្ជូន​ពី​ឈូង​សមុទ្រ​តាមរយៈ​ច្រក Hormuz ត្រូវបាន​បិទ​។​

ក្រុម​ឧទ្ទាម Huthi របស់​យេ​មែន​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះហើយ​បាន​និយាយថា វា​គឺជា​ការឆ្លើយតប​ទៅនឹង​អំពើ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ក្នុង​សង្គ្រាម​រយៈពេល​ជាង​បួន​ឆ្នាំ​ដើម្បី​ជាការ​គាំទ្រ​ដល់​រដ្ឋាភិបាល​។​

គួរ​បញ្ជាក់ថា អារ៉ាប៊ីសាអ៊ូឌីត​ដែលជា​ប្រទេស​នាំចេញ​ប្រេង​ធំ​បំផុត​នៅលើ​ពិភពលោក​បច្ចុប្បន្នកំពុង​បូម​ប្រេង​ប្រហែល​១០​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ដែល​ក្នុងនោះ​មាន​ប្រហែល​៧​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ត្រូវបាន​នាំចេញ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114