ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ត្រៀម​រៀបចំ​ទិវា​បាល់ទាត់​នៅ​ខេត្តសៀមរាប នៅ​ចុង​សប្តាហ៍​នេះ​

​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) បាន​ប្រកាស​តាម​វេប​សាយ​របស់​ខ្លួន​ថា​ ក្លិប​នឹង​ធ្វើ​ដំណើរ​ទៅ​រៀបចំ​ទិវា​បាល់ទាត់ (Football Clinic) នៅ​ខេត្តសៀមរាប ចុង​សប្ដាហ៍​នេះ គឺ​ស្រប​ពេល​ដែល​ក្រុម​មួយ​នេះ​ធ្វើដំណើរ​ទៅ​ប្រកួត​ក្នុង​សប្ដាហ៍​ទី​៨​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ផងដែរ​។

​ក្លិប​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា​៦​សម័យនេះ​បាន​បញ្ជាក់ថា​ ក្នុង​គោលដៅ​ផ្សារភ្ជាប់​រវាង​កីឡាបាល់ទាត់​នឹង​សង្គម​នោះ ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​នឹង​រៀបចំ​កម្មវិធី Football Clinic មួយ​នៅ​វិទ្យាល័យ​សម្តេចឪ ដែល​ស្ថិត​នៅ​លើ​ទឹកដី​ខេត្តសៀមរាប ក្រោយ​ការប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ បានបញ្ចប់​។ តាម​ការ​គ្រោងទុក​កម្ម​វិធី​នេះ​នឹង​ប្រារព្ធ​ឡើង​នា​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​វិទ្យាល័យ រួម​ជាមួយនឹង​សិស្សានុសិស្ស​ប្រមាណ​ជា​២០០​នាក់​។

កម្មវិធី​នេះ​កើតចេញពី​កិច្ចសហការ​ជាមួយនឹង​បណ្តា​ដៃគូ​ឧបត្ថម្ភ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​កីឡាបាល់ទាត់​ដល់​យុវជន​ជាពិសេស​ពី​បច្ចេកទេស​មូលដ្ឋាន​នៃ​ការហ្វឹកហាត់ ការប្រកួត ការរៀបចំ​ក្រុម ព្រមទាំង​ចំណេះដឹង​ផ្សេងៗ​ទៀត​នៃ​បំ​និ​ន​ជីវិត​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការពង្រឹង​គោលដៅ​ជីវិត​សម្រាប់​យុវវ័យ​ផងដែរ​។

ប្រភព​បាន​បញ្ជាក់​ថា ​មូលហេតុ​ដែល​ក្លិប​មួយ​នេះ​សម្រេច​ជ្រើស​រើស​យក វិទ្យាល័យ​សម្តេចឪ ជាទី​តាំង​រៀបចំ Football Clinic គឺ​ដោយសារតែ​សង្កេត​ឃើញ​ថា វិទ្យាល័យ​ដែល​ជា​ស្នា​ព្រះហស្ត​ដ៏​ឧត្តុង្គឧត្តម​នៃ​ព្រះករុណា​សម្តេច​តា ព្រះ​បរម​រតន​កោដ្ឋ​នេះ បាន​ដើរតួនាទី​យ៉ាងសកម្ម និង​ប្រកបដោយ​សក្តានុពល​ក្នុង​ការកសាង​ធនធានមនុស្ស​រាប់ពាន់​នាក់​បន្ទាប់ពី​ត្រូវបាន​បង្កើត​ឡើង​តាំងតែ​ពី​ឆ្នាំ​១៩៩៦ មក​នោះ​។ ជាមួយគ្នា​នេះ នាពេល​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​ដ៏​ស្វាហាប់​របស់ លោក​បណ្ឌិត ឈិន តៃ​ឈាង វិទ្យាល័យ​សម្តេចឪ បាន​កសាង​នូវ​ធនធាន​កីឡាករ​បាល់ទាត់​ដែលមាន​គុណភាព​សម្រាប់​ការប្រកួតប្រជែង​នានា​នៅ​ខេត្តសៀមរាប​តែម្តង​។

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សង្ឃឹម​តាម កម្មវិធី​នេះ​នឹង​ក្លាយជា​ចំណែក​តូច​មួយ​ក្នុងការ​បង្កើន​ទំនាក់ទំនង​រវាង​ស្ថាប័ន​ទាំងពីរ រួមទាំង​ជា​ឱកាស​ដ៏​ល្អ​មួយ​ក្នុងការ​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ​រវាង​គ្នា​ទៅវិញទៅមក​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​ជំរុញ​ដំណើរ​វិវត្តន៍​នៃ​វិស័យ​អប់រំ កីឡា និង​ការកសាងធនធាន​មនុស្ស​សម្រាប់សង្គម​ជាតិ​កម្ពុជា​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114