ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​អាវុធហត្ថ​រាជធានី​ចេញ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​សប្បាយ​ពេល​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ

ភ្នំពេញ ៖ ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​ន​រោ​ត្ដម​សីហមុនី​រយៈពេល​៣​ថ្ងៃនេះ​ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បានចេញ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​និង​សម្រួល​សណ្ដាប់ធ្នាប់​ចរាចរ​ជូន​ប្រជាពលរដ្ឋ​អ្នកដំណើរ​ជាតិ អន្តរជាតិ​តាម​ភូមិសាស្ត្រ​ទៅតាម​ផែនការ​ដែល​បាន​កំណត់​។

មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា រយៈពេល​៣​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​ខ្មែរ​នោះ​ កម្លាំង​កងរាជអាវុធហត្ថ​ទូទាំង​រាជធានី​បាន​សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ​ធ្វើការ​ល្បាត​ការពារ​តាម​ភូមិសាស្ត្រ​ព្រមទាំង​ជួយ​សម្រួល​សណ្តាប់ធ្នាប់​ចរាចរ​តាម​ដងផ្លូវ​នានា​ដើម្បី​សន្តិសុខ​និង​សុវត្ថិភាព​ទូទៅ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដោយ​ទទួល​បាន​នូវ​សភាពការណ៍​ស្ងប់ស្ងាត់​ល្អប្រសើរ​។

ប្រភព​បន្ត​ថា ជាក់ស្ដែង​សកម្មភាព​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ថ្ងៃ​ពុធ​១៣​កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែឧសភា​ឆ្នាំ​២០១៩ បានចេញ​ល្បាត​យាមកាម​យ៉ាង​យកចិត្តទុកដាក់​តាម​ដង​ផ្លូវ​ទៅតាម​ផែនការ​។

ជា​មួយ​គ្នា​នេះដែរ​ សកម្ម​ភាព​កម្លាំង អាវុធហត្ថ​ផ្នែក​អន្តរាគមន៍ ក៏ដូចជា​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទូទាំង​១២ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោក​ពី​ព្រលឹម រួសរាន់​ងូតទឹក ស្លៀកពាក់ ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​គណៈប្រតិភូ​ជាន់ខ្ពស់ លោក KP.SHARMA OLI នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ នេ​ប៉ាល់ និង​លោកជំទាវ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​ផ្លូវការ រយៈពេល​បី​ថ្ងៃ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ក្រៅពី​បេសកកម្ម​ការងារ​របស់​កម្លាំង​ក្នុង​ទីបញ្ជាការ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ ក៏បាន​បន្ត​ចេញ​ល្បាត​ការពារ សន្តិសុខ សុវត្ថិភាព ជួយ​សម្រួល​ចរាចរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ទាំង​នៅ​លើ​ដងផ្លូវ និង​ទាំង​កំពុង​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀងៗ​ខ្លួន​នាពេល​រាត្រី ដោយ​ពុំ​ខ្លាច​ភាព​នឿយហត់​ដោយ​ទឹកចិត្ត​ស្មោះស​ក្នុងនាម​ជា​អ្នកបំរើ​រាស្ត្រ​៕