ព័ត៍មានទាន់​ហេតុការណ៏
Search

បង្ហាញ​សិល្បៈ​វប្បធម៌​ខ្មែរ​ ក្នុង​មហោស្រព​វប្បធម៌​នៃ​សកល​វិទ្យាល័យ​ជីវ​ជាំ​ង​និង​ខួប​១០​ឆ្នាំ​របស់​វិទ្យាស្ថាន​ខុង​ជឺ

ភ្នំពេញ ៖ ទោះបីជា​មនុស្ស​មាន​ពណ៌​សំបុរ ភាសា​ខុសគ្នា ប៉ុន្តែ​មនុស្ស​នៅតែ​អាច​យល់​អំពី​គ្នា​បាន តាមរយៈ​សិល្បៈ​ដែល​បាន​បង្ហាញ​អំពី​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ នៃ​ជាតិ​សាសន៍​នីមួយៗ។​ ហេតុ​នេះ​ ទើប​យើង​អាច​ដឹង​អំពី​ជាតិ​សាសន៍​មួយ​តាមរយៈ​សិល្បៈ​នេះឯង​។

លោក​បណ្ឌិត្យសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​នៅក្នុង​មហោស្រព​វប្បធម៌​លើក​ទី​៣​នៃ​សកល​វិទ្យាល័យ​ជីវ​ជាំ​ង​ និង ​ខួប​១០​ឆ្នាំ​ របស់​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ដែល​បាន​ប្រារព្ធ​នៅ​ប្រទេស​ចិន​កាលពី​ថ្ងៃទី​១៣ ​ខែឧសភា​ ឆ្នាំ​២០១៩​។

លោក​បណ្ឌិត​បន្ត​ថា រាជបណ្ឌិត្យសភាកម្ពុជា មិនអាច​យក​ផ្ទាំង​ថ្ម​ដ៏​ធំៗ ដែល​មាន​ទម្ងន់​រាប់​តោន មក​បង្ហាញ​នៅ​ទី​នេះ​បានទេ ដូច្នេះហើយ ទើប​រាជបណ្ឌិត្យសភាកម្ពុជា​បាន​អញ្ជើញ​សិល្បករ​ខ្មែរ​ដែល​មាន​ទេពកោសល្យ​មក​បង្ហាញ​សិល្បៈ វប្បធម៌ ប្រពៃណី​ខ្មែរ ដែល​វិច​ខ្ចប់​១​កញ្ចប់​តូច មក​បង្ហាញ​លាតត្រដាង​នៃ​ប្រវត្តិសាស្ត្រ​វប្បធម៌ របស់​ប្រទេស​កម្ពុជា ក្នុង​មហោស្រព​វប្បធម៌​នេះ​។

​លោក​បណ្ឌិត​ប្រធាន​បាន​គូស​បញ្ជាក់​ថា “​យើង​មិនអាច​និយាយ​ថា វប្បធម៌​ណា ល្អ​ជាង វប្បធម៌​ណា​នោះ​ទេ ហើយ គ្មាន​សិល្បៈ​ណា ល្អ​ជាង​សិល្បៈ​ណា​នោះ​ដែរ ពោល​គឺ​សិល្បៈ​ទាំងអស់​សុទ្ធតែ​ល្អ​ទាំងអស់​ដែល​បាន​បង្ហាញ​អំពី​ប្រពៃណី របស់​ជាតិ​សាសន៍​នីមួយៗ​។​ជា​ការ​ពិត​ណាស់​វប្បធម៌​នៅ​ពេល​ដែល​យើង​ដឹង យើង​នឹង​អាច​ដឹង​អំពី​ចរិត​ជាតិ​សាសន៍​មួយ​តាមរយៈ​សិល្បៈ វប្បធម៌​និង​ផ្នត់គំនិត​នៃ ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​នោះ​ផង​ដែរ​”៕